ទីស្នាក់ការ​កណ្តាល​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម​នឹង​ត្រូវ​វាយកម្ទេច​ចោល​នាពេល​ឆាប់ៗ​នេះ ដើម្បី​សាងសង់​អគារ​ថ្មី​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​មុន ខណៈ​អគារ​ដែល​កំពុង​ប្រើប្រាស់​នាពេល​នេះ​មាន​សភាព​ទ្រុឌទ្រោម និង​តូចចង្អៀត​។ ការិយាល័យ​បណ្តោះអាសន្ន​នឹង​ត្រូវ​លើក​ទៅ​កាន់​អគារ​ថ្មី​ដែល​ស្ថិត​នៅ​ផ្លូវ​ភ្នំពេញ-ហាណូយ​។

បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អគារ​ថ្មី​ត្រូវ​បាន​រចនា​ឡើង​តាម​លំនាំ​ប្រាសាទភ្នំ​ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ និង​បង្ហាញ​ពី​ភាពរឹងមាំ ទំនើប និង​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។

អគារ​ទីស្នាក់ការ​កណ្តាល​បច្ចុប្បន្ន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ១៩៩០ នៅ​លើ​ទីតាំង​ចាស់​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​សម័យ​សង្គ្រាម​។ រូប​តូច​ជា​គំនូរ​សំណង់​អគារ​ថ្មី​ដែល​នឹង​ត្រូវ​សាងសង់ និង​រូប​អគារ​បច្ចុប្បន្ន​៕