
គម្រោង One Park Condominium នៅបឹងកក់។ ហុង មិនា
ភ្នំពេញៈ ទុនវិនិយោគវិស័យសំណង់កម្ពុជាក្នុងឆ្នាំ ២០១៨ បានធ្លាក់ចុះជិត ២០ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ខណៈរដ្ឋាភិបាលប្រមូលចំណូលចូលថវិកាជាតិបានជិត ១០០ លានដុល្លារពីសេវាអចលនទ្រព្យ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ២ ៨៦៧ គម្រោង មានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលមាន ៦ ៤២៨ លានដុល្លារ។
របាយការណ៍បង្ហាញថា ចំនួនគម្រោងវិនិយោគដែលបានអនុម័តកាលពីឆ្នាំ ២០១៧ មានចំនួន ៣ ០៥២ គម្រោង។
របាយការណ៍បង្ហាញថា ថវិកាដែលក្រសួងប្រមូលចូលថវិកាជាតិក្នុងឆ្នាំ ២០១៨ មានប្រមាណ ៩៧,៦ លានដុល្លារ ដោយបានពីចំណូលសេវាសុរិយោដី ប្រមាណ ១១,៥ លានដុល្លារ ចំណូលពីសេវាសំណង់ ៤,០៥ លានដុល្លារ ចំណូលពីការជួលទីតាំងរោងចក្រសហគ្រាស ៧០ ០០០ ដុល្លារ និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលនៅអង្គភាពពន្ធដារ មានចំនួន ៨១,៩ លានដុល្លារ។ កាលពីឆ្នាំ២០១៧ ថវិកាដែលក្រសួងប្រមូលបានមានចំនួន ៩៣ លានដុល្លារ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចូលរួមក្នុង «សន្និបាតបូកសរុបការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារ ឆ្នាំ ២០១៩» របស់ក្រសួងកាលពីម្សិលមិញ បាននិយាយថា ក្នុងឆ្នាំនេះ ក្រសួងបានធ្វើការងារយ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាធានាឲ្យបានការគ្រប់គ្រងវិស័យសំណង់កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។
លោកបន្តថា វិស័យសំណង់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបានចូលរួមចំណែកជាមួយរដ្ឋាភិបាល តាមរយៈការពង្រឹងសុវត្ថិភាពដីធ្លី ការពង្រឹងការគ្រប់គ្រងវិស័យសំណង់ ការរៀបចំដែនដីប្រកបដោយប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍលំនៅឋានដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ឈានឆ្ពោះទៅរក ការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ទោះជាទុនវិនិយោគវិស័យសំណង់ក្នុងឆ្នាំ ២០១៨ ធ្លាក់ចុះក៏ដោយក៏អ្នកជំនាញ នៅតែមានសុទិដ្ឋិនិយមថាតម្លៃទុនវិនិយោគនឹងកើនឡើងវិញនៅឆ្នាំ ២០១៩ ខណៈបច្ចុប្បន្ននេះមានក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើនកំពុងត្រៀមដាក់ពាក្យសុំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក នួន រិទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ KFA កាលពីម្សិលមិញបានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា ការធ្លាក់ចុះតម្លៃទុនវិនិយោគវិស័យសំណង់ឆ្នាំនេះ នឹងកើនឡើងវិញនៅឆ្នាំក្រោយ ព្រោះចាប់ពីពេលបោះឆ្នោត រហូតមកដល់ពេលនេះស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់។
លោកបញ្ជាក់ថា៖ «នៅឆ្នាំ ២០១៩ វិស័យសំណង់នឹងមានកំណើនឡើងវិញ ព្រោះបច្ចុប្បន្នខ្ញុំដឹងថា មានក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនកំពុងត្រៀមដាក់ពាក្យស្នើសុំច្បាប់សាងសង់»។
លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong បានឲ្យដឹងថា ការធ្លាក់ចុះឆ្នាំនេះអាចដោយសារគម្រោងធំៗដែលបានសុំច្បាប់សាងសង់កាលពីឆ្នាំ ២០១៧ ត្រូវការពេលពី ២ ទៅ ៣ ឆ្នាំក្នុងការបញ្ចប់។
លោកថ្លែងថា៖ «នៅពេលជិតបញ្ចប់ ឬចប់ការសាងសង់ ទើបគេសុំច្បាប់ដើម្បីសាងសង់គម្រោងថ្មីជាបន្តទៀត។ ឆ្នាំ ២០១៨ អាចជាដំណាក់កាលកំពុងសាងសង់»។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting បានលើកឡើងថា ការ ធ្លាក់ចុះទុនវិនិយោគក្នុងឆ្នាំ ២០១៨ អាចដោយសារកត្តាធំៗ ២ គឺការសម្រុកសុំច្បាប់សាងសង់កាលពីឆ្នាំ ២០១៧ និងភាពស្ទាក់ស្ទើររបស់អ្នកវិនិយោគចំពោះការបោះឆ្នោតកាលពីខែកក្កដា។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការធ្លាក់ចុះទុនវិនិយោគវិស័យសំណង់ក្នុងឆ្នាំនេះ ភាគច្រើនអាចបណ្តាលមកពីការបោះឆ្នោត ព្រោះខ្ញុំដឹងថា មានអ្នកអភិវឌ្ឍន៍មួយចំនួនមានការស្ទាក់ស្ទើរក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនក្នុងឆ្នាំ ២០១៨ ដែលជាហេតុធ្វើឲ្យការដាក់ពាក្យស្នើសុំវិនិយោគមកក្រសួងធ្លាក់ចុះ»៕ LA