ភ្នំពេញៈ ទុនវិនិយោគ​វិស័យសំណង់​នៅ​កម្ពុជា​នៅក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២០ នេះ​មាន​កំណើន​ជិត ៤៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែល​កំណើន​ភាគច្រើន​មាន​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​។ នេះ​បើយោង​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​ដកស្រង់​ដោយ​បណ្តាញ​ទូរទស្សន៍ BTV កាលពី​ដើម​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹងថា ចាប់ពី​ដើម​ខែ​មករា​រហូត​ដល់​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​ឲ្យ​គម្រោង​អភិវឌ្ឍន៍​នៅ​ទូទាំង​ប្រទេស​ដែលមាន​ទុនវិនិយោគ​សរុប ១ ៩៩៦ ​លាន​ដុល្លារ ​កើនឡើង​ជិត​ ៤៧ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

ក្នុងនោះ​គម្រោង​ដែល​ទទួលបាន​ច្បាប់​អនុញ្ញាត​ក្នុង​រយៈពេល​ខាងលើ​មាន​ចំនួន​ ៧២៨ ​គម្រោង​កើនឡើង ២៨,១ ​ភាគរយ​ គឺ​ពី​ចំនួន​ ៥៦៨ ​គម្រោង​ កាលពី​ឆ្នាំ​ ២០១៩​។ ជាមួយ​គ្នា​នេះ​ផ្ទៃក្រឡា​សំណង់​មាន​ទំហំ​ប្រមាណ​ ៤,២ ​លាន​ម៉ែត្រក្រឡា​កើនឡើង​ជិត ៣៤ ​ភាគរយ​។ បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចំនួន​គម្រោង និង​ទុនវិនិយោគ​ដែល​កើនឡើង​ក្នុង​រយៈពេល​ខាងលើ​នេះ​គឺ​ភាគច្រើន​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា សកម្មភាព​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈពេល ២ ​ខែ​ដំបូង ឆ្នាំ​ ២០២០ ពិត​ជាមាន​ដំណើរការ​ល្អ​ទាំង​គម្រោង​ថ្មីៗ និង​គម្រោង​ចាស់​ដោយ​ក្នុង​អំឡុងពេល​នោះ​ទាំង​អ្នកវិនិយោគ និង​អ្នកពាក់ព័ន្ធ​សុទ្ធតែ​មិន​មាន​ក្តីបារម្ភ ឬ​ជួប​បញ្ហា​ថវិកា ឬ​ការផ្គត់ផ្គង់​សម្ភារ​ក្នុង​វិស័យ​សំណង់​ទេ​។

លោក​បាន​ថ្លែងថា​៖ «​កាលពី​ដើម​ឆ្នាំ​គម្រោង​សាងសង់​ទាំង​លក្ខណៈ​លំនៅ​ឋាន​ផ្ទាល់​ដី និង​គម្រោង​ធំៗ​សុទ្ធតែ​មាន​ភាពមមាញឹក​ដូចគ្នា និង​កំពុង​ស្ថិត​ក្នុង​ភាព​វិជ្ជមាន​ទាំងអស់​»​។

ទោះជា​យ៉ាងណា​លោក​ប្រាប់ថា ស្ថានភាព​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​ចាប់​តាំងពី​ជំងឺ​កូវីដ​១៩ បាន​បន្ត​រីករាលដាល​កាន់តែ​ខ្លាំង​ទៅដល់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។

សម្រាប់​រយៈ​ដំណើរ​វិវឌ្ឍន៍​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ នេះ​លោក វណ្ណា អះអាង​ថា​នឹង​អាស្រ័យ​ថា តើ​ជំងឺ​កូវីដ​ ១៩ នឹង​ត្រូវ​បញ្ចប់​នៅពេលណា​។ លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​សន្និដ្ឋាន​ថា វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​មាន​ដំណើរ​វិវឌ្ឍន៍​បែបណា​ទេ​នៅក្នុង​ឆ្នាំនេះ​ដោយ​អ្វីៗ​វា​អាស្រ័យ​ថា តើ​ជំងឺ​នេះ​នឹង​បន្ត​អូសបន្លាយ​ពេល​យូរ​ប៉ុនណា​»​។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​សាងសង់​នៅ​កម្ពុជា​មាន​ដំណើរ​វិវឌ្ឍន៍​ល្អ​នៅមុន​អំឡុង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដោយ​មាន​ការដ្ឋាន​ជាច្រើន​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ ទោះបី​យ៉ាងណា​សកម្មភាព​នៃ​ការសាងសង់​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្រោយពី​មាន​រកឃើញ​អ្នក​ឆ្លង​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​។

លោក​បាន​និយាយថា​៖ «​នៅ​ដើមឆ្នាំ​មុន​មាន​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​បន្ត​ភាពវិជ្ជមាន​ជា​បន្តបន្ទាប់​»​។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក សេង ឡូត មិន​ទទួល​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​កាលពី​ពាក់កណ្តាល​ខែមីនា​កន្លង​មក លោក​បាន​និយាយ​ថា វិស័យ​សំណង់​នៅក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២០ មាន​កំណើន​ទាំង​ទុនវិនិយោគ និង​ចំនួន​គម្រោង​ដែល​បាន​ដាក់​ពាក្យស្នើសុំ​សាងសង់​។

លោក​លើកឡើង​ថា​៖ «​ក្នុង​វិស័យ​សំណង់​​នៅ​កម្ពុជា​រហូតដល់​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ នេះ​យើង​សង្កេតឃើញ​ថា ឥត​ទាន់​មាន​ការថយចុះ​ទេ ផ្ទុយ​ទៅវិញ​ការស្នើសុំ​សាងសង់​ជា​គម្រោង​ដែល​បានដាក់​ស្នើសុំ​កើនឡើង ហើយ​បើ​គិត​ជា​ទុនវិនិយោគ​មាន​ការកើនឡើង​សឹងតែ​ទ្វេដង​»​។

ទោះបី​យ៉ាងណា​លោក សេង ឡូត លើកឡើង​ថា ចាប់ពី​ខែ​មីនា​ទៅមុខ​លោក​មិន​ហ៊ាន​អះអាង​បែបណា​នោះទេ ដោយ​ក្រុមការងារ​ជំនាញ​របស់​ក្រសួង​កំពុង​រង់ចាំ​ពិនិត្យមើល​លើ​ភាពជាក់ស្តែង​។

បើ​តាម​លោក សេង ឡូត បច្ចុប្បន្ន​មាន​វិនិយោគិន​បរទេស​ចំនួន​ ១៨ ​ប្រទេស​ដែល​កំពុង​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ដែល​នាំមុខ​ដោយ​ប្រទេស​ចិន កូរ៉េ និង​ប្រទេស​ជប៉ុន​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​ប្រមាណ ១១,៤៣ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៩៨,៧៤ ​ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៨ ដែល​មាន​ប្រមាណ ៥,៣១ ​ពាន់​លាន​ដុល្លារ​៕ LA