ភ្នំពេញៈ ទុនវិនិយោគវិស័យសំណង់ក្នុងឆមាសទី១ ឆ្នាំ ២០១៩ មានតម្លៃប្រមាណជាង ៣ ពាន់លានដុល្លារ កើនឡើងជិត ៦០ ភាគរយ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍បានបង្ហាញថា មានគម្រោងសាងសង់សរុប ២ ០៤៧ ដែលមានតម្លៃប៉ាន់ស្មាន ៣,៣៩ ពាន់លានដុល្លារ ត្រូវបានអនុម័តនៅក្នុងឆមាសទី១ ឆ្នាំ ២០១៩។ តម្លៃនេះកើនឡើង ៥៧,៥៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដែលមានគម្រោងចំនួន ១ ៦៤៣ ស្មើនឹងតម្លៃ ២,១២៥ ពាន់លានដុល្លារ។
ក្នុងចំណោមទឹកប្រាក់ ៣,៣៩ពាន់លានដុល្លារមានចំនួន ៣,០៧ ពាន់លានដុល្លារ ត្រូវបានអនុម័តដោយថ្នាក់ជាតិ និងជាង ៣១៨ លានដុល្លារ ផ្សេងទៀតនៅថ្នាក់ក្រោមជាតិ។
លោក ជីវ ស៊ីវផេង ប្រធានគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបាននិយាយថា ជាមួយនឹងទំនុកចិត្តរបស់វិនិយោគិនលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រមជាមួយនឹងការរឹតបន្តឹងរបស់អាជ្ញាធរលើការសាងសង់នោះ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍ដែលមកដាក់ពាក្យស្នើសុំច្បាប់សាងសង់មានកំណើនជាបន្តបន្ទាប់។
លោកបន្តថា បច្ចុប្បន្នគម្រោងសាងសង់បានលេចឡើងស្ទើរគ្រប់កន្លែង ពិសេសនៅប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន ២ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ គម្រោងដែលកំពុងសាងសង់នៅពេលនេះភាគច្រើនជាគម្រោងធំៗ ដែលមានទុនវិនិយោគច្រើន។
លោកថ្លែងថា៖ «ជាមួយនឹងស្ថានភាពនេះ ខ្ញុំគិតថា ចំនួនគម្រោង និងទុនវិនិយោគវិស័យសំណង់នៅកម្ពុជានឹងបន្តមានកំណើនជាបន្តទៀតនៅក្នុងឆមាសទី២ ខាងមុខ»។
លោកបន្តថា ទន្ទឹមនឹងកំណើនទុនវិនិយោគនៅពេលនេះ អាជ្ញាធរមានសមត្ថកិច្ចក៏កំពុងរឹតបន្តឹងទៅគុណភាពនៃការសាងសង់ផងដែរ។
វិស័យសំណង់របស់កម្ពុជានៅពេលនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ ពិសេសទាក់ទងនឹងគុណភាព បន្ទាប់ពីអគារកម្ពស់ ៧ ជាន់ គ្រប់គ្រងដោយជនជាតិចិននៅខេត្តព្រះសីហនុបានបាក់រលំ ដែលបង្កឲ្យមនុស្សស្លាប់ និងរបួសជាង ៥៤ នាក់។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
កាលពីឆ្នាំ ២០១៨ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជា មានតម្លៃសរុប ៥ ២២៨ លានដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានតម្លៃ ៦ ៤២៨ លានដុល្លារ៕ LA