ភ្នំពេញ: ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​មានតម្លៃ​ជាង ៣,៨៤ ពាន់​លាន​ដុល្លារ​ កើនឡើង ១៣,២៦ ​ភាគរយ​ ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​មុន​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំនេះ​ការស្នើសុំ​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ចំនួន ២ ៥២២ គម្រោង កើនឡើង ៤៧៥ ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំមុន​មាន​ចំនួន ២ ០៤៧ គម្រោង​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ទុនវិនិយោគ​មាន​កំណើន​ល្អ​ក្នុងអំឡុង​ពេល​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ការអភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ​កំពុង​មាន​ការរីកចម្រើន​។

លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​យើង​អាច​ព្យាករ​ថា បណ្តុំ​វិនិយោគិន​ជាច្រើន​កំពុង​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​ប្រទេស​យើង ប៉ុន្តែ​ថា តើ​ក្នុង​ស្ថានភាព​ជាក់ស្តែង​ដែល​គម្រោង​ទាំងនោះ​ពិតជា​ដំណើរការ​អភិវឌ្ឍ ឬ​យ៉ាងណា​?»​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ឲ្យ​ដឹងថា ទោះបី​ជា​ទុនវិនិយោគ​មាន​ការកើនឡើង​ក្នុង​ឆមាស​ទី​ ១ ក៏ប៉ុន្តែ​សកម្មភាព​សាងសង់ និង​ការទិញ​លក់​លំនៅឋាន​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ដែល​បណ្តាល​មកពី​ឥទ្ធិពល​ជា​អវិជ្ជមាន​នៃ​ការបិទ​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ និង​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង​ការវិនិយោគ​វិស័យ​សំណង់​ពិតជា​កើនឡើង​នៅពេលនេះ តាមរយៈ​គម្រោង​ស្នើសុំ​វិនិយោគ​កន្លងមក ហើយ​វា​បន្ត​មក​ដល់​បច្ចុប្បន្ន តែបើ​យើង​មើល​ទៅ​សម្ទុះ​នៃ​ការសាងសង់ និង​លក់ដូរ​វិញ​មាន​ការថយចុះ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ដើម​ខែ​នេះ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា បច្ចុប្បន្ន​ជំងឺ​កូវីដ ១៩ កំពុង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​មួយ​ចំនួន​ដល់​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​លោក​សង្កេតឃើញ​ថា សកម្មភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​មិន​បាន​ជាប់គាំង​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​អាជីវករ​ក្នុង​ប្រទេស​នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​មុខរបរ​របស់​ខ្លួន​ជាធម្មតា​។

លោក​បន្តថា នៅក្នុង​អំឡុងពេល​នេះ​ការលក់ ទិញ​លក់​ផ្ទះ​សម្រាប់​ស្នាក់នៅ​អាច​មិន​សូវ​ខ្លាំង​ដូច​ពេល​មុន ប៉ុន្តែ​សម្រាប់​លំនៅឋាន​អាជីវកម្ម (Shophouse) បែរ​ជា​មាន​សម្ទុះ​កើនឡើង​ជា​បន្តបន្ទាប់​។

របាយការណ៍​នេះ​ឲ្យ​ដឹងថា សំណង់​ទូទាំង​ប្រទេស​គិត​ចាប់ពី​ឆ្នាំ ​២០០០ ដល់​ខែមិថុនា ឆ្នាំ​ ២០២០ ក្រសួង​បានចេញ​លិខិត​អនុញ្ញាត​សាងសង់​ចំនួន ៥០ ៩៦៨ គម្រោង​ ដែល​ទុនវិនិយោគ​ប្រមាណ ៥៦ ៩៦១ ៣៩៣ ៥២២ ដុល្លារ​។

ចំណែក​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី ៥ ​ជាន់​ឡើង​ទៅ​គិត​ចាប់ពី​ឆ្នាំ​ ២០០៥ មក​ដល់​ខែមិថុនា ឆ្នាំ​ ២០២០ មាន​ចំនួន ១ ៩៤៥ អគារ​ ក្នុង​នោះ​អគារ​ដែល​មាន​កម្ពស់​ចាប់​ ៣០ ​ជាន់​ទៅ​ដល់​ ៣៩ ​ជាន់​ មាន ១១៤ អគារ និង​អគារ​ដែល​មាន​កម្ពស់​ចាប់ពី​ ៤០ ​ជាន់​ឡើង​ទៅ​ មាន​ចំនួន ៤៦ អគារ​៕ LA