
កម្មករកំពុងជញ្ជូនឥដ្ឋនៅការដ្ឋានសាងសង់បុរីក្នុងក្រុងភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជារយៈពេល ៩ ខែ ឆ្នាំ ២០២០ មានតម្លៃជាង ៥,៨ ពាន់លានដុល្លារ ធ្លាក់ចុះជាង ៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា ទុនវិនិយោគវិស័យសំណង់ក្នុងរយៈពេល ៩ ខែមានតម្លៃ ៥ ៨៦៨ លានដុល្លារ ថយចុះ ៩,៦ ភាគរយ ពី ៦ ៤៩៤ លានដុល្លារកាលពីរយៈពេលដូចគ្នាឆ្នាំមុន។
បើយោងតាមរបាយការណ៍ខាងលើចំនួនគម្រោងសាងសង់ដែលកើនឡើងពេលនេះភាគច្រើនជាសំណង់ប្រភេទលំនៅឋាន។
ប្រធានគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជាលោក ជីវ ស៊ីវផេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃពុធថា ការរឹតបន្តឹង និងបិទការធ្វើដំណើរបានធ្វើឱ្យការចូលបណ្តាក់ទុនលើគម្រោងសាងសង់ធំៗពីសំណាក់វិនិយោគិនបរទេសធ្លាក់ចុះ ប៉ុន្តែសម្រាប់សំណង់លំនៅឋានលក្ខណៈបុរី ផ្ទះល្វែង និងវីឡា ដែលវិនិយោគដោយអ្នកនៅក្នុងស្រុកមិនបានថយល្បឿនឡើយ។ លោកបន្តថា ជាក់ស្តែងថ្មីៗនេះគម្រោងវិនិយោគដ៏ធំមួយនៅកោះនរា (ទល់មុខនឹងទីក្រុងកោះពេជ្រ) ត្រូវបានអ្នកវិនិយោគក្នុងស្រុកប្រកាសចាប់ផ្តើមអភិវឌ្ឍ។
លោកថ្លែងថា៖ «ការធ្លាក់ចុះទុនវិនិយោគពេលនេះ គឺដោយសារការព្រួយបារម្ភពីជំងឺកូវីដរាលដាល។ វានឹងមានសម្ទុះឡើងវិញនៅពេលបន្ទាប់»។
លោក នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានប្រាប់ថា ក្នុងអំឡុងពេលការឆ្លងរាលដាលជំងឺកូវីដ ១៩ មិនសូវមានគម្រោងធំៗចាប់ផ្តើមសាងសង់ ឬសុំច្បាប់សាងសង់ទេ ព្រោះអាជ្ញាធរបានដាក់វិធានការមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ វិធានការនេះបានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះផែនការ ឬដំណើរការសាងសង់សម្រាប់គម្រោងធំៗ ដែលវិនិយោគដោយជនបរទេស។
លោកថ្លែងថា៖ «ទុនវិនិយោគគេអាចផ្ទេរតាមប្រព័ន្ធធនាគារបាន ប៉ុន្តែសម្រាប់ការអភិវឌ្ឍគម្រោងសាងសង់នីមួយៗម្ចាស់គម្រោងចាំបាច់ត្រូវការចុះមកពិនិត្យទីតាំង និងការដ្ឋានដោយផ្ទាល់។ នេះគឺជាមូលហេតុដែលធ្វើឱ្យទុនវិនិយោគសម្រាប់គម្រោងធំៗ ពិសេសរបស់វិនិយោគិនធ្លាក់ចុះ»។
ទោះបីយ៉ាងណាលោកបានអះអាងថា ទន្ទឹមនឹងការធ្លាក់ចុះគម្រោងធំៗ គេសង្កេតឃើញមានគម្រោងវិនិយោគលក្ខណៈសំណង់លំនៅឋានជាច្រើនបានលេចឡើងជាបន្តបន្ទាប់ ។
លោក នួន រិទ្ធី បានបញ្ជាក់ថា៖ «ក្នុងដំណាក់កាលនេះវិនិយោគិនក្នុងស្រុកបែរជាមានកំណើនទៅវិញ ពិសេសការវិនិយោគលើសំណង់លក្ខណៈលំនៅឋានដូចជា បុរី និងវីឡា»៕ LA