បើ​ទោះបី​ជា​ក្នុង​ឆ្នាំ​ ២០១៧ កន្លងមក​គេ​សង្កេត​ឃើញ​ថា ការ​ចាប់​ផ្តើម​នៃ​គម្រោង​ធំៗ​ហាក់​មិន​សូវ​មាន​ច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅ​តំបន់​ផ្សេងៗ ​ពិសេស​ តំបន់​មាត់សមុទ្រ​បាន​កើន​ឡើង​យ៉ាង​ច្រើន ដែល​ធ្វើឱ្យ​ទិន្នន័យ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់គ្រង​ផ្នែក​សំណង់​បង្ហាញ​ថា ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧ បាន​កើនឡើង​ជាង​ ២០​ ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៦​។​

របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ​ឆ្នាំ​ ២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០១៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ ២០១៧ កន្លង​មក ក្រសួង​បាន​អនុម័ត​គម្រោង​សាងសង់​សរុប​ចំនួន​ ៣ ០៥២​ គម្រោង លើ​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន​ ១០ ៧៤៦ ២១៩​ ម៉ែត្រ​ការ៉េ និង​មាន​តម្លៃ​វិនិយោគ​ប្រមាណ​ជាង​ ៦ ៤២៨​ លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នៃ​ឆ្នាំ ​២០១៦ ដែលមាន​តម្លៃ​ប្រមាណ​ជាង​ ៥ ២៥៦​ លាន​ដុល្លារ ដែល​ចំនួន​នេះ​គឺ​កើន​ឡើង ​២២,៣១​ ភាគរយ​។​

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​កន្លង​មក​មាន​ក្រុមហ៊ុន​សាងសង់​ចំនួន ​២៧៥ ​បាន​មក​ចុះ​បញ្ជី​នៅ​ក្រសួង​ ក្នុងនោះ​ក្រុមហ៊ុន​បរទេស​មាន​ចំនួន​១០២​។​

នាយក​គ្រប់គ្រង​ក្រុមហ៊ុន ថោន​ស៊ីធី រៀលអុីស្ទេត លោក វ៉ន ចាន់ថន (Van Chanthorn, Managing Director of Town City Real Estate Co., Ltd) បាន​និយាយ​ថា សម្រាប់​ឆ្នាំ​ ២០១៧ កន្លង​មក​ពិត​ជា​មាន​គម្រោង​សាង​សង់​កើត​ឡើង​ច្រើន​មែន ពិសេស​សំណង់​ដែល​មាន​លក្ខណៈ​ជា​មជ្ឈមណ្ឌល​កម្សាន្ត កាស៊ីណូ សណ្ឋាគារ ខុន​ដូ និង​បុរី​ជាដើម​។

លោក​បន្តថា បើ​និយាយ​ពី​គម្រោង​ធំៗ​ភាគ​ច្រើន​ត្រូវ​បាន​វិនិយោគ​ដោយ​ភ្ញៀវ​ជនជាតិ​បរទេស ដែលមាន​ដូចជា វិនិយោគិន​ចិន និង​សិង្ហ​បុរី ជាដើម តែបើ​គម្រោង​បែប​លំនៅឋាន​ជាប់​ដី (​បុរី និង​សំណង់​ផ្ទះល្វែង​) គឺ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ភាគ​ច្រើន​។​

លោក​បាន​បន្តថា ​៖ «​បើ​និយាយ​ពី​ឆ្នាំ ​២០១៧ កន្លង​មក​គេ​អាច​និយាយ​បាន​ថា ពិត​ជា​មាន​គម្រោង​សាងសង់​ច្រើន ជាពិសេស​នៅ​តំបន់​មាត់​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​។ នៅ​តំបន់​មាត់សមុទ្រ​កម្ពុជា កំពុង​ស្រូប​បាន​នូវ​ភ្ញៀវទេសចរ​ជាច្រើន ពិសេស​ភ្ញៀវ​ជន ជាតិ​ចិន​ដែល​ការ​មក​ដល់​នៃ​ភ្ញៀវទេសចរ​ទាំងនេះ​សុទ្ធ​តែ​ត្រូវការ​កន្លែង​កម្សាន្ត និង​ស្នាក់នៅ»​។​

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ​ ២០១៧ ក្រសួង​រៀបចំ​ដែនដី នគ​រូបនីយកម្ម និង​សំណង់ បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​សាងសង់​បាន​ចំនួន​៣៩ ៩០៣​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សរុប​ចំនួន​ជាង​ ១០២​ លាន​ម៉ែត្រការ៉េ និង​មានតម្លៃ​វិនិយោគ​ប្រមាណ ​៣៧ ៧៧១​លាន​ដុល្លារ​។​

ក្នុង​ឆ្នាំ ​២០១៧ វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ ២៥៥ ០០០​ទៅ​ ២៦០ ០០០​ នាក់​ក្នុង​១​ថ្ងៃ ខណៈ​កាលពី​ឆ្នាំ​ ២០១៦ ស្ថិតនៅ​ចន្លោះ​ពី​ ១៨០ ០០០​ទៅ​ ១៨៥ ០០០​នាក់​៕