ភ្នំពេញៈ រាជធានី​ភ្នំពេញ​បាន​ទទួល​នូវ​គម្រោង​វិនិយោគ​ចំនួន ៥៨៣ ស្មើនឹង​ទុនវិនិយោគ​សរុប​ជិត ១,៤ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៥ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ បើទោះបី​ជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បង្ក​ផលប៉ះពាល់​ខ្លះ​ក៏ដោយ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​» កាលពី​ថ្ងៃ​អង្គារ​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹងថា ចំនួន​គម្រោង​សាងសង់​ដែល​ភ្នំពេញ​ទទួល​បាន​នៅក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​នេះ​មាន​តម្លៃ​សរុប ១,៣៧ ​ពាន់​លាន​ដុល្លារ​ លើ​គម្រោង​សរុប ៥៨៣ ដែល​ស្មើនឹង​ផ្ទៃក្រឡា​សំណង់​សរុប ២,៨៨ ​លាន​ម៉ែត្រក្រឡា​។

លោក​បាន​ប្រាប់​ទៀត​ថា ទោះយ៉ាងណា​ជំងឺ​កូវីដ​ ១៩ ក៏បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិនិយោគិន​បរទេស​ដែល​កំពុង​បណ្តាក់ទុន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ដែរ​។ លោក​បាន​ថ្លែងថា​៖ «​ការវិនិយោគ​វិស័យ​សំណង់​របស់​យើង​នៅក្នុង​អំឡុង​ពេលនេះ គឺ​ជាប់ទាក់ទង​ទៅនឹង​ជនបរទេស​ច្រើន ដូច្នេះ​ការពាក់ព័ន្ធ​នេះ​ក៏​កំពុង​ធ្វើឲ្យ​វិស័យ​សំណង់​របស់​យើង​ជួប​ឧបសគ្គ​ខ្លះៗ​ដែរ​»​។

លោក ជីវ ស៊ីវផេង ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នកសាងសង់​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​បើ​ទោះបី​ជា​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​គម្រោង​សាងសង់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​បន្ថយ​សកម្មភាព​សាងសង់ ប៉ុន្តែ​នៅតាម​ការដ្ឋាន​សាងសង់​គម្រោង​ធំៗ គឺ​សុទ្ធតែ​កំពុង​ដំណើរការ​សាងសង់​ទៅមុខ​ជាធម្មតា​។ លោក​បន្ថែមថា ការទទួល​បាន​គម្រោង​វិនិយោគ​សំណង់​ថ្មីៗ​គឺ​បញ្ជាក់​ពី​ទំនុកចិត្ត និង​ភាពរឹងមាំ​របស់​វិនិយោគិន​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេស​កម្ពុជា​។

លោក សារិន វណ្ណា ឡើង​ធ្វើ​បទបង្ហាញ​ពី​វិស័យ​សំណង់​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ​។ ហ៊ាន រង្សី

លោក​និយាយថា​៖ «​កំណើន​សេដ្ឋកិច្ច​នឹង​នៅតែ​បន្ត​ជួយ​លើកកម្ពស់​វិស័យ​សំណង់​នៅ​កម្ពុជា​។ សំណង់​ធំ និង​ខ្ពស់ៗ​នឹង​បន្ត​កើនឡើង​កាន់តែ​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​»​។

លោក ស៊ីវផេង បាន​ប្រាប់ថា តាម​លោក​ដឹង​ចំនួន​គម្រោង វិនិយោគ​ដែល​បានដាក់​ពាក្យសុំច្បាប់​សាងសង់ និង​ទទួល​បាន​ការអនុម័ត​ពី​អាជ្ញាធរ​ក្នុង​រយៈពេល​ ៥ ​ខែ​ឆ្នាំ​ ២០២០ នេះ​មិនបាន​ធ្លាក់ចុះ​ទេ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ លោក សំ សុខនឿន បាន​និយាយថា វិស័យ​សំណង់​ក្នុង​រាជធានី​ភ្នំពេញ​នៅពេល​នេះ​មិន​មាន​ភាពរស់រវើក​ដូច​កាលពី​ឆ្នាំមុន​ទេ តែ​វា​មាន​នឹងមាន​សម្ទុះ​ខ្លាំង​នៅពេល​ដែល​ពិភពលោក​អាច​បញ្ឈប់​ការឆ្លង​នៃ​ជំងឺ​កូវីដ​ ១៩ បាន​។

លោក​បន្តថា ជាមួយ​នឹង​គោលនយោបាយ​បើកចំហ​របស់​រដ្ឋាភិបាល លោក​រំពឹង​ថា​នឹង​មាន​វិនិយោគិន​បរទេស​ជាច្រើន​នាក់​បន្ថែមទៀត​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ទាប់ពី​កូវីដ​ ១៩ ត្រូវបាន​បញ្ចប់​។

លោក​ថ្លែងថា​៖ «​តម្លៃ និង​គម្រោង​ដែល​អនុម័ត​ក្នុង​រាជធានី​ភ្នំពេញ​មាន​ច្រើន តែ​ការសាងសង់​អាច​នឹង​មាន​សម្ទុះ​ខ្លាំង​នៅ​ចុងឆ្នាំ​នេះ​»​។

បើ​តាម​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នៅ​ភ្នំពេញ​បច្ចុប្បន្ន​មាន​អគារ​ខ្ពស់ៗ​ចាប់ពី​ ៥ ​ជាន់​ឡើងទៅ​ចំនួន ១ ២៩២ ​អគារ និង​សំណង់​លក្ខណៈ​បុរី​មាន​ចំនួន ២៤៤៕LA