ទីក្រុង​ចំនួន​ ៣ របស់​ប្រទេស​កម្ពុជា​រួមមាន រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​បាត់ដំបង​ត្រូវ​បាន​ជ្រើសរើស​ជា​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​ (Smart City) បន្ទាប់ពី​មេដឹកនាំ​ទាំងអស់​នៃ​ប្រទេស​ជា​សមាជិក​បាន​ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​ទីក្រុង​ឆ្លាតវៃ ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣២ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ខែ​មេសា​កន្លង​ទៅ​។

បណ្តាញ​នៃ​ទីក្រុង​ឆ្លាតវៃ​មាន​បំណង​បង្កើន​ការតភ្ជាប់​ក្នុង​តំបន់​នឹង​ត្រូវ​បាន​បង្កើតឡើង​ដោយ​មាន​ទីក្រុង​ចំនួន​ ២៦​។ យោង​តាម​កំណត់ត្រា​គំនិត​ផ្តួចផ្តើម​នៃ​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​វេទិកា​រួម​គ្នា​មួយ​ដែល​ទីក្រុង​ចំនួន​ ៣ ​ពី​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​រួម​គ្នា​ធ្វើការ​ឆ្ពោះ​ទៅ​រក​គោលដៅ​រួម​នៃ​ការអភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​ភាព​វៃឆ្លាត និង​មាន​និរន្តរភាព​ដោយ​យក​បច្ចេកវិទ្យា​ជា​ចម្បង​។

បណ្តា​ប្រទេស​អាស៊ាន​ទទួល​ស្គាល់​ថា​បច្ចេកវិទ្យា និង​ឌីជីថល​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​នូវ​ផលប៉ះពាល់​នៃ​ការធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស ដូចជា ការកកស្ទះ​ក្នុង​ទីក្រុង គុណភាព​ទឹក និង​ខ្យល់ ការបែងចែក​ទីក្រុង និង​ជនបទ សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាជន​។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​នៅ​ខេត្ត​សៀមរាប និង​បាត់ដំបង គេ​មិន​ទាន់​ឃើញ​មាន​គម្រោង​ជាក់លាក់​ណា​មួយ​ត្រូវ​បាន​ស្នើឡើង​ដើម្បី​អភិវឌ្ឍ​ជា​ទីក្រុង​ឆ្លាត​នោះ​ទេ ប៉ុន្តែ​សម្រាប់​រាជធានី​ភ្នំពេញ​អ្នក​ទទួល​ខុសត្រូវ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​បាន​បញ្ជាក់​ថា គម្រោង​នេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​ផ្អែក​លើ​គោល​គំនិត​ទីក្រុង​ឆ្លាតវៃ​ជា​ចម្បង​។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍ​ក្រុង​រណប​ជ្រោយចង្វារ​មាន​ប្រសាសន៍​ថា៖ «​គម្រោង OCIC ត្រូវ​បាន​បង្កើតឡើង​ដោយ​ផ្អែកលើ​គំនិត​ទីក្រុង​ឆ្លាតវៃ ដើម្បី​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព និង​ភាព​សន្សំសំចៃ​»​។

លោក​បន្ត​ថា​យើង​កំពុង​ធ្វើ​ការងារ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដូចជា ភ្លើង​បំភ្លឺ​តាម​ផ្លូវ​គ្រប់គ្រង​ដោយ​កុំព្យូទ័រ ប្រព័ន្ធ​ភ្លើង LED ដែល​មាន​ប្រសិទ្ធភាព និង​ភាព​សន្សំសំចៃ ប្រព័ន្ធ​កាមេរ៉ា​ដាក់​នៅ​គ្រប់​ជ្រុង​សម្រាប់​សុវត្ថិភាព អ្នកដំណើរ ប្រព័ន្ធ​លូ និង​អគ្គិសនី​ក្រោម​ដី ហើយ​គេហដ្ឋាន និង​អគារ​ទាំងអស់​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​ធម្មជាតិ​។ ម្យ៉ាងទៀត​ក្រសួង​បរិស្ថាន​ក៏​បាន​ចុះមក​ពិនិត្យ​ដើម្បី​ធានា​ថា​នឹង​មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ទឹក និង​ដី​នោះ​ទេ​។

ទីក្រុង​ឆ្លាត​ក្នុង​រាជធានី​ភ្នំពេញ គឺជា​គំនិត​ថ្មី​មួយ​នៃ​ទីក្រុង​ដែល​ផ្តល់​ការរីកចម្រើន​ប្រកប​ដោយ​និរន្តរភាព និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​លើក​កម្ពស់​សកម្មភាព​សេដ្ឋកិច្ច ដែល​មាន​សុខភាព​ល្អ អាច​កាត់បន្ថយ​ការបំពុល​បរិស្ថាន ហើយ​ជួយ​កែលម្អ​គុណភាព​នៃ​ជីវិត​របស់​ប្រជាជន​ទៀត​ផង​។

ក្នុង​នាម​ជា​ទីក្រុង​រីកចម្រើន និង​ធំ​បំផុត​នៅ​កម្ពុជា​ភ្នំពេញ​ដែល​មាន​ប្រជាជន​រស់នៅ​ជាង​ ២ ​លាន​នាក់ និង​មាន​ប្រជាជន​នឹង​មាន​ការធ្វើ​នគរូបនីយកម្ម​កាន់តែ​ច្រើន​ថែម​ទៀត​នាពេល​អនាគត​។ ទោះ​យ៉ាង​ណា​គេ​មិន​ទាន់​ឃើញ​មាន​បទប្បញ្ញត្តិ​ណា​មួយ​ដើម្បី​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ព្រមទាំង​ផ្តោតលើ​បរិស្ថាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ការគ្រប់គ្រង​កាកសំណល់ និង​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ឡើយ​ទេ​។

លោក ទួស សាភឿន អគ្គលេខាធិការរង​នៃ​គណៈស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ាន​មាន​ប្រសាសន៍​ថា៖ «​ទីក្រុង​ឆ្លាតវៃ​តម្រូវ​ឲ្យ​មាន​ផែនការ​ធំ​ទូលាយ​សម្រាប់​ទីក្រុង​ទាំងមូល​មិនមែន​ត្រឹម​ទីក្រុង​រណប​នោះទេ​។ ទីក្រុង​ឆ្លាតវៃ គួរ​តែ​មាន​ចន្លោះ​បៃតង ដូចជា​សួនច្បារ​ដែល​ព័ទ្ធ​ជុំវិញ​អគារ​សាធារណៈ​ដើម្បី​ឱ្យ​មនុស្ស​អាច​សម្រាក និង​ទទួល​បាន​ខ្យល់​អាកាស​បរិសុទ្ធ​»​។

លោក​បាន​បន្ថែម​ថា​ទីក្រុង​ឆ្លាតវៃ​អាច​កើតឡើង​បាន​លុះត្រា​តែ​មាន​មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ​ដ៏ទូលំទូលាយ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ពោល​គឺ​មាន​ផែនការមេ​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ​ការប្រើប្រាស់​ដី សំណុំ​បែបបទ ការ​រចនា ឬ​ ការប៉ុនប៉ង​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​ទីក្រុង​។ តំបន់​នីមួយៗ​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​ថា ជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម ឬ​ឧស្សាហកម្ម​ដែល​នឹង​អាច​ពង្រីក​ឱកាស​នៅក្នុង​ការអភិវឌ្ឍ​ទីក្រុង និង​ដែល​អាច​ជួយ​ដល់​ការរស់នៅ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

នៅក្នុង​បរិបទ​នេះ​លោក សាភឿន ក៏​បាន​ព្រមាន​ដែរ​ថា ការ​មិន​មាន​ផែនការ​មេ​ច្បាស់លាស់​នឹង​ធ្វើឲ្យ​ទីក្រុង​ក្លាយ​ជា​អនាធិបតេយ្យ​។ ភ្នំពេញ​សព្វថ្ងៃ​តំបន់​លំនៅឋាន និង​ឧស្សាហកម្ម​មួយ​ចំនួន​ត្រូវ​បាន​បង្កើតឡើង​នៅ​កន្លែង​ជាមួយ​គ្នា​ដែល​មាន​រោងចក្រ​កំពុង​សាងសង់​នៅ​ជាប់​សាលារៀន និង​ផ្ទះ​របស់​ប្រជាជន​។ បឹង និង​ទន្លេ​ត្រូវ​បាន​លុប​ដោយសារ​តែ​គោលដៅ​ពាណិជ្ជកម្ម ដោយ​មិន​គិតពី​ផលប៉ះពាល់​អវិជ្ជមាន​នាពេល​អនាគត​នោះ​ទេ​។

គិត​ត្រឹម​ឆ្នាំ ២០៣០ ប្រជាជន​ជិត​ ៨ ​លាន​នាក់​ត្រូវ​គេ​រំពឹងថា នឹង​រស់នៅ​ក្នុង​ទីក្រុង ហើយ​ភាគច្រើន​នៃ​ពួកគេ​នឹង​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

ទាក់ទង​នឹង​បញ្ហា​នេះ​​ លោក សាភឿន បាន​ពន្យល់​ថា ​កំណើន​ប្រជាជន​នៅ​តាម​តំបន់​ទីក្រុង​តម្រូវ​ឲ្យ​មាន​សេវា​មូលដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំណត់​ដោយ​ប្លង់មេ​។ បើ​មិន​ដូច្នេះ​ទេ គុណភាព​នៃ​ជីវិត និង​ប្រសិទ្ធភាព​នៃ​ទីក្រុង​នឹង​ថយ​ចុះ​ស្រប​ជាមួយ​នឹង​ការអភិវឌ្ឍ​ទីក្រុង​ឥតឈប់ឈរ​។ ឧទាហរណ៍ បឹង​ និង​ទន្លេ​ដែល​ធ្លាប់​ផ្ទុក​ទឹកភ្លៀង​ក្នុង​រដូវវស្សា​ត្រូវ​បាន​លុប​បំពេញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​។ ដូច្នេះ​កំណើន​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​នឹងដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅលើ​កន្លែង​ដែល​ត្រូវ​រក្សា​ទឹក​ទុក ហើយ​ប្រការ​នេះ​នឹង​ធ្វើឲ្យ​ទីក្រុង​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​។

ទោះ​ជា​យ៉ាងណា​រាជធានី​ភ្នំពេញ​មាន​ផែនការមេ ​២ ដែល​ត្រូវ​បាន​ស្នើឡើង ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​។ លោក សាភឿន បាន​បញ្ជាក់​ថា​៖ «​ភ្នំពេញ​មិន​មាន​ផែនការមេ​ទូលំទូលាយ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ទេ​។ តាម​ការពិត ផែនការមេ​ដែល​បាន​ស្នើឡើង​គ្របដណ្តប់​តែ​តំបន់​ធំៗ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​លម្អិត​សម្រាប់​តំបន់​តូចៗ​ទេ​»​។

ប្រការ​នេះ​នឹង​អាចបង្កើត​ឱ្យ​មាន​បញ្ហារ​វាង​ប្រជាជន និង​មន្ត្រី គឺ​បន្ទាប់ពី​ប្រជាជន​សាងសង់​លំនៅឋាន​នៅក្នុង​តំបន់​ជាក់លាក់​ណា​មួយ​រួច​ហើយ ពួកគេ​អាច​មាន​ជម្លោះ​ជាមួយ​មន្ត្រី​ដែល​អះអាង​ថា​តំបន់​នេះ​ត្រូវ​សាងសង់​ផ្លូវ ឬ​គម្រោង​អ្វី​មួយ​ទៀត​។

លោក សាភឿន បន្ថែម​ថា៖ «​ផែនការ​មេ​រាជធានី​ភ្នំពេញ​ត្រូវការ​អ្នក​បច្ចេកទេស​ដែល​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​ធ្វើ​ផែនការ​នេះ ហើយ​ផែនការ​មេនេះ​ត្រូវ​តែ​មាន​ផែនការ​រយៈពេល​ខ្លី និង​រយៈពេល​វែង​រួម​ទាំង​ផែនការ​សកម្មភាព​ក្នុង​នោះ​ផង​ដែរ​។ ឧទាហរណ៍ បើ​យើង​ចង់​បង្កើត​តំបន់​ជាយក្រុង​ណា​មួយ​ឱ្យ​ទៅ​ជា​តំបន់​ឧស្សាហកម្ម ឬ​ពាណិជ្ជកម្ម ប៉ុន្តែ​យើង​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​គាំទ្រ​តំបន់​នោះ​ក្នុង​ករណី​នេះ​យើង​មិន​ហៅ​វា​ថា​ជា ផែនការ​មេ​នោះ​ទេ​»៕