ក្រុងបាងកកៈ មន្ដ្រីជាន់ខ្ពស់​បាន​ឲ្យ​ដឹង​ដោយ​លើកឡើង​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​ថា​ធនាគារកណ្ដាល​ប្រទេស ថៃ មិន​បារម្ភ​អំពី​កម្ចី​បុរេហិរញ្ញប្បទាន (pre-finance loan) សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង​កម្ចី​អចលនទ្រព្យ​ខូច​នោះទេ​។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​។

លោក Tharith Panpiemras នាយក​ជាន់ខ្ពស់​ទទួល​បន្ទុក​ការគ្រប់គ្រង​ធនាគារ និង​ការវាយតម្លៃ​ហានិភ័យ​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​ថា កម្ចី​អចលនទ្រព្យ​បន្ត​កើនឡើង ខណៈ​ដែល​កម្ចី​មិន​ដំណើរការ (NPL) របស់​ឧស្សាហកម្ម​នេះ​អាច​គ្រប់គ្រង​បាន ដូច្នេះ​មិនមាន​ការបារម្ភ​អំពី​ការផ្តល់​ហិរញ្ញប្បទាន​គម្រោង និង​គុណភាព​ទ្រព្យសកម្ម​នោះ​ទេ ទោះបី​ជា​អនុបាត​កម្ចី​ខូច​នៃ​ការផ្ដល់​កម្ចី​ទិញ​ផ្ទះ​កើនឡើង​ក្តី​។

លោក​ថ្លែងថា​៖ «​ធនាគារ​ជាធម្មតា​ផ្តល់ជូន​កម្ចី​បុរេហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​ដែល​មាន​ហិរញ្ញវត្ថុ​រឹងមាំ និង​បទពិសោធ​រយៈពេល​វែង​ផ្នែក​អាជីវកម្ម ដូច្នេះ​អនុបាត NPL នៃ​កម្ចី​គម្រោង​មាន​ស្ថិរភាព​»​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​ក្នុងស្រុក​បាន​កែតម្រូវ​យុទ្ធសាស្ដ្រ​អាជីវកម្ម​របស់​ពួកគេ​តាម​ការធ្លាក់ចុះ​សេដ្ឋកិច្ច និង​ទីផ្សារ​អចលនទ្រព្យ ជាពិសេស​នៅក្នុង​គម្រោង​អគារ​ខ្ពស់ៗ​។

ក្រៅពី​កម្ចី​ធនាគារ និង​ឧបករណ៍​បំណុល ទីផ្សារ​មូលបត្រ​បំណុល​គឺជា​ប្រភព​ផ្ដល់​មូលនិធិ​ដ៏សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំៗ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​ឥណទាន​របស់​វិស័យ​ធនាគារ​។

ប៉ុន្តែ​ធនាគារកណ្ដាល​ថៃ​កំពុង​ត្រួត​ពិនិត្យមើល​ចំណាត់ថ្នាក់​មិនមែន​វិនិយោគ និង​មូលបត្រ​បំណុល​ដែល​គ្មាន​ចំណាត់ថ្នាក់​រួមទាំង​បំណុល​មួយ​ចំនួន​ដែល​បោះផ្សាយ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តូចៗ​។

យោងតាម​ទិន្នន័យ​គណៈកម្មការ​មូលបត្រ មូលបត្រ​បំណុល​ស្ថិតក្នុង​ចំណាត់ថ្នាក់​មិនមែន​វិនិយោគ និង​មូលបត្រ​បំណុល​ដែល​គ្មាន​ចំណាត់ថ្នាក់​គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​ ២០១៩ មាន​តម្លៃ​ ២៣៨,៧១ ពាន់​លាន​បាត​កើនឡើង ១៨ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

លោក Virasak Sutanthavibul អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​នៅ​ធនាគារ Bangkok Bank បាន​ឲ្យ​ដឹងថា ធនាគារ​ផ្ដល់​កម្ចី​ដោយ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​ដែល​មាន​បទពិសោធ​រយៈពេល​វែង និង​កេរ្ដិ៍ឈ្មោះ​ល្អ​។ កំណត់ត្រា​តាមដាន​អាជីវកម្ម អនុបាត​បំណុល​ធៀប​នឹង​មូលធន និង​ការលក់​មុន​របស់​គម្រោង​ជា​នីមួយៗ​នៅ​តែ​ត្រូវការ​ការវិភាគ​អំពី​កម្ចី​។

តម្រូវការ​កម្ចី​បុរេហិរញ្ញប្បទាន​សម្រាប់​គម្រោងការ​វិនិយោគ​ថ្មីៗ ជាពិសេស​ខុនដូ បាន​ថមថយ បន្ទាប់ពី​ការកម្រិត​កំណត់​កម្ចី​ធៀប​នឹង​តម្លៃ​ដែល​គ្រប់គ្រង​កម្ចី​ទិញ​ផ្ទះ ត្រូវ​បាន​អនុវត្ត​កាលពី​ខែ​មេសា​ឆ្នាំមុន​។

លោក Surat Leelataviwat អនុប្រធាន​ប្រតិបត្តិ​ធនាគារ​កសិករ (KBank) ​ឲ្យ​ដឹងថា ធនាគារ KBank នៅតែ​កំពុងផ្ដល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​ឈរលើ​មូលដ្ឋាន​ជ្រើសរើស​។ តម្រូវការ​កម្ចី​អចលនទ្រព្យ និង​កំណើន​កម្ចី​បុរេហិរញ្ញប្បទាន​របស់​ធនាគារ​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​រំពឹងថា​នឹង​ធ្លាក់ចុះ​ស្រប​នឹង​សេដ្ឋកិច្ច​ខ្សោយ និង​ទីផ្សារ​អចលនទ្រព្យ​ទាប​។

ធនាគារ​នេះ​បាន​ព្យាករ​ថា ការលក់​គម្រោង​លំនៅឋាន​ថ្មីៗ​នៅ​ឆ្នាំនេះ​នឹង​ធ្លាក់ចុះ​ពី ១៥ ទៅ ៣០ ​ភាគរយ ​ធៀបនឹង​ឆ្នាំមុន ដោយ​ការលក់​ក្នុង​ទីផ្សារ​តាម​ខេត្ត​រំពឹង​ថា នឹង​ធ្លាក់ចុះ​ពាក់កណ្ដាល​៕ LA