
រូបភាព 3D លំនៅឋានក្នុងគម្រោងបុរីវិមានភ្នំពេញដែលបើកការដ្ឋានម្សិលមិញ។ សហការី
ភ្នំពេញ: ខណៈនិន្នាការវិនិយោគលើការអភិវឌ្ឍលំនៅឋាននៅតែបង្ហាញពីសញ្ញាវិជ្ជមាន ការអភិវឌ្ឍលំនៅឋានតម្លៃមធ្យមកាន់តែបង្ហាញពីសម្ទុះ ជាពិសេសនៅតាមតំបន់ជាយក្រុង។
ការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាអំឡុងឆ្នាំ ២០១៥ បានរកឃើញថា តម្រូវការលំនៅឋានថ្មីនៅកម្ពុជា គិតចាប់ពីឆ្នាំ ២០១៥ ឆ្នាំ ២០៣០ នឹងមានចំនួនប្រមាណ ៨០ ម៉ឺនខ្នង ដែលកត្តានេះជំរុញឲ្យសកម្មភាពនៃការវិនិយោគលើការសាងសង់លំនៅឋានបន្តការកើនឡើងជាលំដាប់។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ «បុរីវិមានភ្នំពេញ» ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ កាលពីថ្ងៃម្សិលមិញ លោក លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍បុរីវិមានភ្នំពេញ បាននិយាយថា វិស័យអចលនទ្រព្យ និងទីផ្សារលំនៅឋាននៅប្រទេស កម្ពុជា នាពេលនេះកំពុងវិវឌ្ឍទៅមុខយ៉ាងលឿនមិនថា នៅក្នុងទីក្រុង ឬទីប្រជុំជននោះទេ។
លោកបន្តថា កំណើនប្រាក់ចំណូល និងចំនួនគ្រួសារថ្មីៗ បានធ្វើឲ្យទីផ្សារលំនៅឋាន និងអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរជាងប្រទេស ជិតខាងទៀតផងនាពេលនេះ។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ទីផ្សារលំនៅឋាននៅកម្ពុជានឹងបន្តរីកចម្រើនរយៈពេលវែងទៀត ពិសេសលំនៅឋានសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលកម្រិតមធ្យម»។
លោកបន្តថា ដោយសារទីផ្សារលំនៅឋាននៅតែល្អនោះ ក្រុមហ៊ុនរបស់លោកនឹងបន្តអភិវឌ្ឍលំនៅឋានថ្មីៗបន្ថែមទៀតនាពេលឆាប់ៗនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង ធ្លាប់បាននិយាយថា តម្លៃលំនៅឋាននៅកម្ពុជាចែកចេញជា ៣ ប្រភេទ គឺតម្លៃក្រោម ៤ ម៉ឺនដុល្លារ តម្លៃចន្លោះពី ៤-៨ ម៉ឺនដុល្លារ និងតម្លៃចាប់ពី ៨ ម៉ឺនដុល្លារឡើងទៅ។
អ្នកនាង ឆាយ ស៊ីណា ប្រធានផ្នែកទីផ្សារ និងលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីវិមានភ្នំពេញបានប្រាប់ថា គម្រោងថ្មីនេះត្រូវការពេលសាងសង់ចន្លោះពី ៣-៥ ឆ្នាំ ដោយមានផ្ទះសរុប ៣០០០ ខ្នង ក្នុងនោះដំណាក់កាលទី ១ ក្រុមហ៊ុននឹងសាងសង់ផ្ទះ ២ ០០០ ខ្នង និងដំណាក់កាលទី ២ ចំនួន ១ ០០០ ខ្នង។ ផ្ទះក្នុងគម្រោងនេះមានតម្លៃចាប់ពី ៤៧ ០០០ ដុល្លាររហូតដល់ជាង ២០០ ០០០ ដុល្លារ។
អ្នកនាង ស៊ីណា អះអាងថា៖ «ខ្ញុំគិតថា គម្រោងថ្មីដែលនៅជិតផ្សារព្រែកអញ្ចាញនេះនឹងងាយស្រួលលក់បំផុត ព្រោះតាមបទពិសោធក្នុងការលក់គម្រោងទី ៧ ដែលនៅផ្លូវជាតិលេខ ៦ នេះគឺមានល្បឿនលឿនហួសពីការរំពឹងទុក»។
បុរីវិមានភ្នំពេញ គម្រោងទី ៩ ដែលទើបបើកការដ្ឋានសាងសង់នេះមានផ្ទៃដីជាង ៣០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្បែរផ្សារព្រែកអញ្ចាញ។ គម្រោងនេះរួមមាន ផ្ទះអាជីវកម្ម ផ្ទះល្វែង អគារការិយាល័យ កន្លែងលម្ហែ និងក្លិបហាត់ប្រាណ។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឡាក់គី រៀលធី បាននិយាយថា ក្នុងរយៈពេលប្រហែល ៣-៤ ឆ្នាំចុងក្រោយនេះស្ថានភាពវិស័យអចលនទ្រព្យ និងលំនៅឋានមានការវិវឌ្ឍយ៉ាងខ្លាំងនៅតាមផ្លូវជាតិលេខ ៦ ពិសេសចាប់ពីគល់ស្ពានជ្រោយចង្វារ ដល់ស្ពានព្រែកតាមាក់។ លោកថ្លែងថា៖ «បច្ចុប្បន្នមានគម្រោងលំនៅឋានជាច្រើនបានលេចឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៦»។
បើតាម លោក ចណ្ណា បច្ចុប្បន្នដីនៅជាប់ផ្លូវជាតិលេខ ៦ ក្បែរតំបន់នោះអាចមានតម្លៃចន្លោះពី ៣០០-៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន អាចមានតម្លៃចន្លោះពី ២៥០-៣០០ ដុល្លារ។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រសួងបានទទួលពាក្យស្នើសុំការអនុញ្ញាតដើម្បីអភិវឌ្ឍគម្រោងលំនៅឋានជាច្រើននាពេលនេះ។ គម្រោងលំនៅឋាន ជាច្រើនកំពុងដំណើរការនៅកម្ពុជា។
លោកថ្លែងថា៖ «កំណើននៃការស្នើសុំច្បាប់សាងសង់ គឺដោយសារកម្ពុជាមានស្ថិរភាពនយោបាយល្អ កំណើនសេដ្ឋកិច្ចរឹងមាំ កំណើនគ្រួសារថ្មី និងលំហូរវិនិយោគពីក្រៅប្រទេស»។
របាយការណ៍ក្រសួងរៀបចំដែនដី បានឲ្យដឹងថា រយៈពេល ៦ ខែដំបូងឆ្នាំ ២០១៨ សមត្ថកិច្ចក្រសួង និងរាជធានី ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់បានចំនួន ១ ៦៤៣ គម្រោង លើផ្ទៃក្រឡាសំណង់ ៥,៣៥ លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មាន ២,១៥ ពាន់លានដុល្លារអាមេរិក៕LA