ភ្នំពេញៈ ការកើនឡើង​នៃ​ចំនួន​ប្រជាជន​រស់នៅ​ទីប្រជុំជន និង​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មាន​កំណើន​អគារ​ស្នាក់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​អាជ្ញាធរ​បាន​ព្យាករ​ថា​នៅ​ឆ្នាំ​ ២០៣០ ចំនួន​ប្រជាជន​ដែល​មក​រស់នៅ​ទីប្រជុំជន ក្រុង និង​រាជធានី​នឹង​កើនឡើង​ដល់​ជិត​ ៨ ​លាន​នាក់​។

ខុស​ប្លែក​ពី​ប៉ុន្មាន​ឆ្នាំ​មុន​កំណើន​ចំនួន​ប្រជាជន​នៅ​ទីប្រជុំជន​បាន​ធ្វើឲ្យ​ការសាងសង់​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប​កើនឡើង​ប្រជែង​នឹង​លំនៅឋាន​តម្លៃ​មធ្យម និង​អគារ​ស្នាក់នៅ​តម្លៃ​ខ្ពស់​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយ​ថា​ស្ទើរ​ជិត ៨០ ​ភាគរយ​នៃ​សំណង់​លំនៅឋាន​ដែល​កំពុង និង​ចាប់ផ្តើម​សាងសង់​នាពេល​នេះ​គឺជា​លំនៅឋាន​មាន​តម្លៃ​ក្រោម​ ៤ ​ម៉ឺន​ដុល្លារ ដែល​ជា​ទីផ្សារ​កំពុង​មាន​សម្ទុះ​កើនឡើង​លឿន​បំផុត​។

លោក​ប្រាប់​ទៀត​ថា៖ «​ផ្ទះ​ដែល​មាន​តម្លៃ​ក្រោម​ ៤ ​ម៉ឺន​ដុល្លារ​កំពុង​មាន​ទីផ្សារ​ខ្លាំង​ដោយសារ​កំណើន​សេដ្ឋកិច្ច និង​ចំនួន​ប្រជាជន​វ័យក្មេង​មាន​ចំនួន​ច្រើន ហើយ​ទីផ្សារ​នេះ​នឹង​អាច​បន្ត​រយៈពេល​យូរ​ជា​បន្ត​ទៀត​»​។

បើ​តាម​លោក​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា តម្លៃ​លំនៅឋាន​នៅ​កម្ពុជា​អាច​ចែកចេញ​ជា​ ៣ ​ប្រភេទ​គឺ​ក្រោម​ ៤ ​ម៉ឺន​ដុល្លារ តម្លៃ​ចន្លោះ​ពី​ជាង ៤-៨ ​ម៉ឺន​ដុល្លារ និង​តម្លៃ​ចាប់ពី ៨ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ​។

យោង​តាម​លោក គីម ហ៊ាង គ្រាន់តែ​បុរី​ពិភពថ្មី​ក្នុង​ឆ្នាំ​ ២០១៧ បាន​សង់​ផ្ទះ​ដែល​មាន​តម្លៃ​ក្រោម​ ៥ ​ម៉ឺន​ដុល្លារ​រាប់ពាន់​ខ្នង​។ លោក​បាន​អះអាង​ថា​៖ «​បច្ចុប្បន្ន​សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ចាប់ពី​ជាង​ ៨ ​ម៉ឺន​ឡើង​ទៅ​អាច​និយាយ​ថា ពិបាក​លក់​»​។

កាលពី​ឆ្នាំ​ ២០១៧ តម្លៃ​ទុនវិនិយោគ​លើ​សំណង់​លំនៅឋាន​មាន​ចំនួន​ជាង​ ២,២ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

ការសិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អំពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​នាពេល​កន្លង​មក​បាន​រកឃើញ​ថា​ចំនួន​ប្រជាជន​រស់នៅក្នុង​ទីប្រជុំជន ក្រុង និង​រាជធានី​ក្នុង​ឆ្នាំ​ ២០១៤ មាន​ប្រមាណ​ ៤,៥ ​លាន​នាក់​ដែល​ស្មើនឹង ២៧,១ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ទាំងអស់​។ ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ដល់​ ៧,៩២ ​លាន​នាក់ ឬ​ជាង​ ៤៤ ​ភាគរយ​នៅ​ឆ្នាំ​ ២០៣០​។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ក្នុង​វេទិកា Tall Building កាលពី​ថ្ងៃ​អង្គារ​ថា​រយៈពេល ១៥ ​ឆ្នាំ​ (​ពី​ឆ្នាំ​ ២០១៥ ដល់ ឆ្នាំ​ ២០៣០) តម្រូវការ​លំនៅឋាន​ថ្មី​ទូទាំង​ប្រទេស​នឹង​មាន​ចំនួន​ ១ ​លាន​ខ្នង​បន្ថែម​ទៀត ក្នុង​នោះ​សម្រាប់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​ ៨០ ​ម៉ឺន​ដែល​គិត​ជា​មធ្យម​គឺ​មាន​តម្រូវការ​ជាង​ ៥ ​ម៉ឺន​ខ្នង​ក្នុង​ ១ ​ឆ្នាំ​។

លោក ឌឹត ចណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ឡាក់គី បាន​ប្រាប់​ថា ដោយសារ​កំណើន​សេដ្ឋកិច្ច​បាន​ធ្វើឲ្យ​ប្រជាជន​កាន់តែ​មាន​លទ្ធភាព ខណៈ​វិស័យ​ធនាគារ​កំពុង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​ជំរុញ​សកម្មភាព​ក្នុង​វិស័យ​នេះ​។

លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​នេះ​អ្នកអភិវឌ្ឍន៍​ភាគច្រើន​កំពុង​បែរ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​លំនៅឋាន​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​។ ប្រសិន​បើ​សង់ផ្ទះ​ដែល​មាន​តម្លៃ​ខ្ពស់ គឺ​ពិបាក​រក​អ្នក​ទិញ​ណាស់​នាពេល​នេះ​»​។

លោក សុខ កៅ ជំនួយការ​ប្រធាន​ផ្នែក​លក់​បុរី VIP ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​កំពុង​ធ្វើការ​សាងសង់​លំនៅឋាន​ដែល​មាន​តម្លៃ​ទាប​ជាច្រើន​ខ្នង​ព្រោះ​កំពុង​មាន​ទីផ្សារ​ល្អ​។

លោក​បន្ត​ថា​៖ «​ការលក់​លំនៅឋាន​របស់​ក្រុមហ៊ុន​បុរី VIP ពិតជា​មាន​ដំណើរការ​ល្អ ដោយសារ​មាន​តម្លៃ​សមរម្យ និង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​។ ម្យ៉ាង​ទៀត​ការបង់ប្រាក់​រំលស់ ប្រចាំ​ខែ​ក៏​មិន​សូវ​ច្រើន​នោះ​ដែរ​»​។

លំនៅឋាន​មាន​តម្លៃ​សមរម្យ និង​ក្រោម​មធ្យមភាគ​ច្រើន​មាន​ទំហំ​តូច និង​ស្ថិត​នៅ​ជាយក្រុង​។

ទោះបី​យ៉ាង​ណា​ក៏ដោយ​លោក ជា សុខហេង បុគ្គលិក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Chip Mong Land ដែល​កំពុង​អភិវឌ្ឍ​គម្រោង​លំនៅឋាន​តម្លៃ​មធ្យម និង​ខ្ពស់​បាន​និយាយ​ថា​ការលក់​របស់​ក្រុមហ៊ុន​នៅតែ​ល្អ ទោះបី​ជា​តម្លៃ​ខ្ពស់​បន្តិច​ក៏ដោយ​។ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​របស់​បុរី ជីបម៉ុង មាន​តម្លៃ​ចាប់ពី​ជាង ៦ ​ម៉ឺន​ដុល្លារ​ឡើង​ទៅ​។

លោក សំ សុវណ្ណៈ ជា​គ្រូបង្រៀន​នៅ​សាលារៀន​ឯកជន​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទើប​ចាប់ផ្តើម​ទិញ​ផ្ទះ​បង់​រំលស់​ ១ ​ល្វែង​ដែល​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​ ៣ នៃ​រាជធានី​ភ្នំពេញ​។

សុវណ្ណៈ និង​ភរិយា​បាន​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ដើម្បី​ធ្វើការ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជា​យូរ​មក​ហើយ ទើប​តែ​ជាង​កន្លះ​ឆ្នាំ​មុន​លោក​បាន​សម្រេចចិត្ត​ទៅ​ទិញ​ផ្ទះ ដែល​មាន​តម្លៃ​ជាង​ ៣ ​ម៉ឺន​ដុល្លារ​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​មាន​បំណង​ចង់បាន​លំនៅឋាន​ផ្ទាល់ខ្លួន​ជា​យូរមក​ហើយ តែ​ពី​មុន​មក​ក្រុមហ៊ុន​តែង​សង់​លំនៅឋាន​ដែល​មាន​តម្លៃ​ខ្ពស់ និង​មិន​មាន​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល​ដូច​ពេល​នេះ​ទេ​»​។

បច្ចុប្បន្ន​នេះ​លោក សុវណ្ណៈ ត្រូវ​បង់ប្រាក់​ប្រចាំ​ខែ​ជាង​ ៤០០ ​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន​។

នៅក្នុង​អំឡុង​វេទិកា​លំនៅឋាន​ជាតិ​កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៧ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង រៀបចំ​ដែនដី កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​រក​មធ្យោបាយ​ក្នុង​ការផ្តល់​លំនៅឋាន​តម្លៃ​សមរម្យ​ជូន​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​។

លោក​បាន​បន្ត​ទៀត​ថា​ក្រសួង​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​សិក្សា និង​រៀបចំ​ដាក់​តម្លៃ​សម្រាប់​លំនៅឋាន​តម្លៃ​សមរម្យ​ និង​លើក​ទឹក​ចិត្ត​ខាង​ផ្នែក​ពន្ធដារ និង​និយតកម្ម​ផ្សេងៗ​ដើម្បី​ជំរុញ​វិស័យ​ឯកជន​ឲ្យ​បំពេញភារកិច្ច​នេះ​។

បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ចំនួន​ ៣ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​ដែល​មាន​តម្លៃ​សមរម្យ គឺ​ទី​ ១ គម្រោង​របស់​ក្រុមហ៊ុន Worldbridge Land ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទី​ ២ គម្រោង​របស់​ក្រុមហ៊ុន Bun Ches Groups ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ ក្នុង​ខណ្ឌ​ព្រែកព្នៅ និង​ទី​ ៣ គម្រោង​អភិវឌ្ឍន៍​អគារ​ស្នាក់នៅ​រួមមាន​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន​ជប៉ុន Arakawa ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​។ គម្រោង​ទាំង​ ៣ ​នេះ​សុទ្ធ​តែ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​សាងសង់​ទាំងអស់​។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា សំណង់​បុរី​លំនៅឋាន​ថ្មី​ក្នុង​រយៈពេល​ ៥ ​ខែ​ឆ្នាំ​ ២០១៨ នេះ​មាន​ចំនួន ២៦ ទីតាំង ហើយ​គិត​មក​ដល់​ពេល​នេះ​លំនៅឋាន បុរី​មាន​ចំនួន​សរុប ២១៣ ទីតាំង​៕ LA