The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - និន្នាការ​​​វិនិយោគ​រួម​គ្នា​លើ​គម្រោង​ខុនដូ​នៅ​ថៃ ​កើន​ឡើង

និន្នាការ​​​វិនិយោគ​រួម​គ្នា​លើ​គម្រោង​ខុនដូ​នៅ​ថៃ ​កើន​ឡើង

Content image - Phnom Penh Post
ទិដ្ឋភាព​មើល​ពី​លើ​អាកាស​ក្នុង​ទីក្រុង​បាកក​​។ រូបថត AFP

និន្នាការ​​​វិនិយោគ​រួម​គ្នា​លើ​គម្រោង​ខុនដូ​នៅ​ថៃ ​កើន​ឡើង

ក្រុង​បាងកកៈ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​បរទេស​កាន់​តែ​ច្រើន​​កំពុង​ចូល​ទីផ្សារ​​ប្រទេស​ថៃ​ ដើម្បី​​វិនិយោគ​រួមគ្នា​​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថៃ​។ ​ជា​ពិសេស ក្រុមហ៊ុន​អភិវឌ្ឍន៍​ជប៉ុន​ កំពុង​ព្យាយាម​ស្វែង​​រក​​​ទំនាក់ទំនង​វិនិយោគ​​រយៈពេល​វែង​​​​ក្នុង​​ប្រទេស​នេះ​ចាប់​​តាំង​​ពី​ឆ្នាំ ​២០១៣​ មក។​

ការវិនិយោគ​រួមគ្នា​ធំ​ចំនួន​ ​២ ដែល​ពាក់ព័ន្ធ​នឹង​​​ក្រុមហ៊ុន​​ជប៉ុន​ គឺ​ជា​ការ​វិនិយោគ​រួម​​គ្នា​រវាង​​ក្រុមហ៊ុន Ananda Development Plc ជាមួយ​​ក្រុមហ៊ុន Mitsui Fudosan និង​ក្រុមហ៊ុន AP Thailand ជាមួយ​ក្រុមហ៊ុន​ Mitsubishi Estate។

​ក្រុមហ៊ុន​​​​ជប៉ុន​កាន់​តែ​ច្រើន​បាន​ដើរ​តាម​គំរូ​នេះ​ ហើយ​ក្រុមហ៊ុន​ចិន ​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​​ក្នុង​ការ​​បង្កើត​​ក្រុមហ៊ុន​រួម​គ្នា​ជាមួយ​​ដៃគូ​ថៃ​លើ​​គម្រោង​នានា​ដែល​អាច​ធ្វើ​​ទីផ្សារ​ឆ្ពោះ​ទៅ​រក​អតិថិជន​ជនជាតិ​ចិន​។​

ភាគ​ច្រើន​នៃ​គម្រោង​វិនិយោគ​រួមគ្នា​ទាំង​​នេះ គឺ​ជា​ការ​សាងសង់​​​ជា​ខុនដូ ដោយសារ​​ច្បាប់​ស្តីពី​ខុនដូ អនុញ្ញាត​ឲ្យ​ជន​បរទេស​គ្រប់គ្រង​កម្មសិទ្ធិ​រហូត​ដល់ ៤៩​ ភាគរយ​នៃ​លម្ហ​លំនៅឋាន​ក្នុង​​​​​ខុនដូ។ ប៉ុន្តែ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន​របស់​ថៃ​​ បាន​ចាប់​ផ្ដើម​​គម្រោង​លំនៅឋាន​ដាច់​ (detached housing) ជាមួយ​ដៃគូ​បរទេស​របស់​ពួកគេ​ ដោយសារ​តែ​ពួក​គេ​​មាន​បំណង​​រៀន​សូត្រ​អំពី​នវានុវត្តន៍​​ពី​​ក្រុមហ៊ុន​អភិវឌ្ឍន៍​​បរទេស ជា​ពិសេស​ប្រព័ន្ធ​សន្សំ​ថាមពល​។​

តម្លៃ​សរុប​នៃ​​គម្រោង​អចលនទ្រព្យ​វិនិយោគ​រួម​គ្នា ដែល​ពាក់ព័ន្ធ​នឹង​​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថៃ និង​ក្រុមហ៊ុន​បរទេស​​នៅ​ពេល​នេះ​​ មាន​ជាង​ ៥០០ ​ពាន់​លាន​បាត (១៥,៦៥ ពាន់​លាន​ដុល្លារ) ហើយ​​បង្ហាញ​សញ្ញា​ពី​ការ​រីក​ចម្រើន​បន្ថែម​ទៀត​។ ​គម្រោង​បែប​នេះ​ចំនួន ២៥​ ដែល​បាន​ប្រកាស​រួច​ហើយ​​ក្នុង​ឆ្នាំ ​២០១៩ ត្រូវការ​​​​ការ​​វិនិយោគ​សរុប ១១៧​ ពាន់​លាន​បាត (៣,៦៦ ពាន់​លាន​ដុល្លារ) ដែល​កើន​​ឡើង​ ៧ ភាគរយ ​ធៀប​នឹង​ឆ្នាំ​មុន។​

ភាគ​ច្រើន​នៃ​គម្រោង​ថ្មីៗ​ទាំង​នេះ ស្ថិត​​ក្នុង​តំបន់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​អាកាស និង​រថភ្លើង​ក្រោម​ដី​​​ក្នុង​តំបន់​ខាង​ក្នុង​​នៃ​ទីក្រុង​បាងកក​។ ​

ទោះ​បីជា​យ៉ាង​ណា ​​ក្រុមហ៊ុន​វិនិយោគ​​រួមគ្នា​នានា​ក៏​បាន​ប្រកាស​ផែនការ​អភិវឌ្ឍ​អចលនទ្រព្យ​លំនៅឋាន​ចំនួន​ ៣​ គម្រោង​​នៅ​ជាយ​ទីក្រុង​ បាងកក​ផង​ដែរ​ ដែល​មាន​​តម្លៃ​សរុប ​១៧,​២ ​ពាន់​លាន​បាត​។​

ក្រុមហ៊ុន​អភិវឌ្ឍន៍​ថៃ​ដែល​មាន​ក្រុមហ៊ុន​ជប៉ុន​ជា​​ដៃគូ ​មិន​រំពឹង​ថា នឹង​ទាក់ទាញ​អ្នក​ទិញ​មក​ពី​ប្រទេស ​ជប៉ុន ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ចង់​ចាប់​យក​បច្ចេកវិទ្យា​ទំនើប​ និង​នវានុវត្តន៍​ពី​ប្រទេស​ ​ជប៉ុន។ ​ទោះ​ជា​យ៉ាង​ណា ​ក្រុមហ៊ុន​អភិវឌ្ឍន៍​​​មក​ពី​​ប្រទេស ​ចិន និង​ទីក្រុង​ហុងកុង មាន​បំណង​ចង់​ធ្វើ​ទីផ្សារ​គម្រោង​​​​​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​ដៃគូ​ថៃ​របស់​ពួក​គេ​ទៅ​កាន់​អតិថិជន​ដែល​ជា​ជនជាតិ​​ចិន ដែល​កំពុង​ក្លាយ​ជា​​ក្រុម​អ្នក​ទិញ​​បរទេស​ឈាន​មុខ​គេ​​​ក្នុង​​ប្រទេស ​ថៃ​។​

ជា​លទ្ធផល ​ក្រុមហ៊ុន​អភិវឌ្ឍន៍​​ចិន​រំពឹង​ថា​នឹង​មាន​​​សំឡេង​គ្រប់គ្រង​ខ្លាំង​លើ​ក្រុមហ៊ុន​​​បណ្តាក់​ទុន​​រួមគ្នា​​ ដូច្នេះ​ការ​វិនិយោគ​រួមគ្នា​​របស់​ពួក​គេ​ធ្វើ​ឡើង​​តាមរយៈ​ការ​ចាប់​ដៃគូ​​ជាមួយ​​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថៃ​ខ្នាត​​​តូច​ និង​មធ្យម​ ​មិនមែន​ជា​មួយ​ក្រុមហ៊ុន​ធំៗ​ឡើយ។​

ប៉ុន្តែ​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​ អាច​ថមថយ​សម្ទុះ​នៃ​ការ​វិនិយោគ​រួមគ្នា​រវាង​​ថៃ​ និង​​បរទេស​។ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បរទេស​ភាគ​ច្រើន​រំពឹង​ថា នឹង​មើល​ឃើញ​​​ប្រាក់​ចំណេញ​ពី​ការ​​វិនិយោគ​​ពី​គម្រោង​ខុនដូ​​​ក្នុង​រយៈពេល​ខ្លី។ ប៉ុន្តែ​ការ​លក់​ ​និង​ផ្ទេរ​កម្មសិទ្ធិ​យូនីត​ កំពុង​ថមថយ​​នៅ​ពេល​ថ្មីៗ​នេះ ដោយសារ​​ការ​ផ្គត់ផ្គង់​លើស​តម្រូវ​ការ​ទីផ្សារ ​និង​ផល​ប៉ះពាល់​ដោយសារ​​​ច្បាប់​កម្ចី​អចលនទ្រព្យ​កាន់​តែ​តឹងរ៉ឹង​។​

ជា​លទ្ធភាព​​​ ក្រុមហ៊ុន​អភិវឌ្ឍន៍​​ដែល​បង្កើន​ល្បឿន​​ដាក់​លក់​ខុនដូ​វិនិយោគ​រួម​គ្នា​ថ្មី​ កំពុង​ឃ្លាំមើល​យ៉ាង​យក​​ចិត្ត​ទុក​ដាក់​​លើ​ចំនួន​យូនីត​ដែល​មិន​បាន​លក់​​នៅ​ក្នុង​ស្ដុក​របស់​ក្រុមហ៊ុន​ទាំង​នោះ​៕ ​LA​

អត្ថបទគួរចាប់អារម្មណ៍