The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - និរន្តរភាព​នៃ​អត្ដ​សញ្ញាណ​របស់​ខេត្ត​ កែប គឺ​អាស្រ័យ​លើ​ប្លង់​មេ ​សម្រាប់​ការ​អភិវឌ្ឍ




និរន្តរភាព​នៃ​អត្ដ​សញ្ញាណ​របស់​ខេត្ត​ កែប គឺ​អាស្រ័យ​លើ​ប្លង់​មេ ​សម្រាប់​ការ​អភិវឌ្ឍ

Content image - Phnom Penh Post
ការ​កែច្នៃ​នៅ​រមណីយ​ដ្ឋាន​ថ្ងៃ​បាំង​ឆត្រ។ ហុង មិនា

និរន្តរភាព​នៃ​អត្ដ​សញ្ញាណ​របស់​ខេត្ត​ កែប គឺ​អាស្រ័យ​លើ​ប្លង់​មេ ​សម្រាប់​ការ​អភិវឌ្ឍ

នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កែប អ្នក​នឹង​មាន​អារម្មណ៍ ស្រស់ថ្លា ដែល​ខេត្ត​នេះ​ជា​ខេត្ត​តូច​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពោរពេញ​ដោយ​ធនធាន​ធម្មជាតិ និង​សំណង់​ប្រវត្តិសាស្ត្រ​វប្បធម៌​សម្បូរ​បែប​។

សំណង់​ប្រវត្តិសាស្ត្រ​ទាំង​អស់​នឹង​បាត់បង់​ប្រសិន​បើ​ខេត្ត​នេះ​ត្រូវ​បាន​បំផ្លាញ​។ តាម​រយៈ​ការ​អភិវឌ្ឍ ប្រជាជន​កម្ពុជា នាំ​គ្នា​និយាយ​តែ​អំពី​អនាគត ប៉ុន្តែ​មិន​សូវ​គិត​គូរ​ពី​ប្រវត្តិសាស្ត្រ​នោះ​ទេ​។ ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​ពួក​គេ​ចង់​ទិញ​អចលនទ្រព្យ គឺ​ពុំមាន​គំនិត​ចង់​ការពារ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៅ​ជុំវិញ​ទីនោះ​ទេ​។

លោក កេន សេដ្ឋា អភិបាល​ខេត្ត​កែប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ៖ «​យើង​កំពុង​ធ្វើ​ការ​លើ​គម្រោង​ផែន​ការ​មេ សម្រាប់​ការ​អភិវឌ្ឍ​របស់​យើង​ជាមួយ​នឹង​គំនិត​អេកូ​ទេសចរណ៍ ដូចជា​តំបន់​ធម្មជាតិ ឧទ្យាន​ធម្មជាតិ ឆ្នេរ ស្រែ​អំបិល ដើម​កោង​កាង និង​ទីតាំង​ធម្មជាតិ​ផ្សេងៗ​ទៀត ប៉ុន្តែ​យើង​មិន​ដឹង​ថា ក្រសួង​ចង់​អនុវត្ត​មួយ​ណា​ឲ្យ​ពិត​ប្រាកដ​ទេ​»​។

Content image - Phnom Penh Post
លោក Jef Moons នាយក​រមណីយ​ដ្ឋាន​ថ្ងៃ​បាំង​ឆត្រ។ ហុង មិនា

លោក​បាន​និយាយ​ថា ទោះជា​យើង​មិន​ទាន់​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​ពី​ក្រសួង​រៀបចំ​ដែនដី យើង​នៅតែ​កំពុង​ដំណើរ​ការ​ផែន​ការ​មេ​របស់​ក្រុង​នេះ​នៅ​ក្នុង​ប្រព័ន្ធ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នា​ថ្ងៃ​អនាគត ជាពិសេស​សម្រាប់​ផែន​ការ​ផ្លូវ​អាស៊ាន នៅ​តាម​បណ្តា​ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ថៃ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន​។

លោក​បាន​ថ្លែង​ទៀត​ថា ៖ «​សព្វ​ថ្ងៃ​នេះ​យើង​ទទួល​បាន​ការ​ទាក់ទង​ពី​វិនិយោគិន​បរទេស ប៉ុន្តែ​យើង​មិន​ទាន់​បាន​សម្រេច​ចិត្ត​ចាប់​ផ្តើម​គម្រោង​មួយ​ណា​ជាមួយ​ពួក​គេ​នោះ​ទេ​»​។

លោក សេដ្ឋា បាន​បកស្រាយ​ដោយ​ភាព​ជឿជាក់​ថា ៖ «​នៅ​ក្នុង​ផែនការ​មេ​នេះ​យើង​មាន​គម្រោង​យុទ្ធសាស្ត្រ​សម្រាប់​ពេល​អនាគត ដែល​ផ្តោត​លើ​ទីក្រុង​បៃតង​ប្រកប​ដោយ​ធម្មជាតិ ហើយ​យើង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​វិនិយោគ​រោងចក្រ នៅ​ទីតាំង​ខេត្ត​បៃតង​នេះ​ឡើយ ដើម្បី​ចៀសវាង​ការ​បំពុល​នៅ​ក្នុង​តំបន់​នេះ​(​ទឹក និង​ខ្យល់​)»​។

ជា​មួយ​នឹង​ការ​កើន​ឡើង​នៃ​ភ្ញៀវទេសចរ​ក្នុង​ស្រុក និង​បរទេស​ទៅ​ទស្សនា​ខេត្ត​កែប អាជ្ញាធរ​នឹង​មិន​ផ្លាស់​ប្តូរ​តំបន់​អេកូ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​នឹង​ដាក់​កំណត់​ស្ដង់ដារ​ប្រកប​ដោយ​និរន្តរភាព នៅ​ក្នុង​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​នាពេល​អនាគត ដើម្បី​កសាង​ឧទ្យាន​អេកូ​ទេសចរណ៍​។

លោក​បាន​បន្ថែម​ថា ប្រជាជន​ដែល​រស់នៅ​ទីនេះ​ភាគ​ច្រើន​ជា​កសិករ អ្នក​នេសាទ និង​អ្នក​បម្រើ​សេវាកម្ម នៅក្នុង​ផ្នែក​បដិសណ្ឋារកិច្ច ដូចជា ផ្ទះ​សំណាក់ សណ្ឋាគារ ហាង និង​រមណីយដ្ឋាន​។ ទោះជា​យ៉ាង​ណា មនុស្ស​នឹង​មិន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ដទៃ​ដូច​មុន​ទៀត​ទេ ព្រោះ​នៅ​ទីក្រុង​តូច​ច្រឡឹង​នេះ​មាន​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ចំនួន ១៣០០​បន្ទប់​សម្រាប់​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​។

Content image - Phnom Penh Post
ការ​កែច្នៃ​សួន​ដំណាំ​នៃ​នៅ​រមណីយដ្ឋាន​ថ្ងៃ​បាំង​ឆត្រ។ ហុង មិនា

លោក​បាន​បន្ថែម​ថា ខេត្ត​នេះ​ត្រូវបាន​ជ្រើសរើស​ជា​ខេត្ត​ដែល​មាន​ទីក្រុង​ស្អាត ហើយ​យើង​នឹង​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​កម្មវិធី​ទីក្រុង​បរិស្ថាន​ស្អាត​នៅ​ឆ្នាំ​២០១៨​។

លោក Satha បាន​ឲ្យ​ដឹង​ថា ៖ «​យើង​ប្រាកដ​ថា យើង​នឹង​ជំរុញ​ឲ្យ​ម្ចាស់​កន្លែង​ស្នាក់នៅ​ឲ្យ​រក្សា​ស្ដង់ដារ ហើយ​យើង​សង្ឃឹមថា អ្នក​ដទៃ​នឹង​គិត​ថា ខេត្ត​កែប​មាន​ធម្មជាតិ​ល្អ និង​ពួកគេ​ក៏​ជួយ​សម្អាត​ទីក្រុង​នេះ​ទាំង​អស់​គ្នា​»​។

យោង​តាម​របាយការណ៍​ខេត្ត​កែប បាន​បង្ហាញ​ឲ្យ​ដឹងថា ខេត្ត​នេះ​មាន​ប្រជាជន​សរុប​ប្រហែល ៤​ម៉ឺន​នាក់ និង​មាន​ផ្ទៃដី​ទំហំ ៣៣៦​គីឡូ​ម៉ែត្រ​ការ៉េ​។

លោក Jef Moons នាយក​ប្រតិបត្តិ​រមណីយដ្ឋាន​ប្រណីត​នៅ​ខេត្ត​កែប ដែល​មាន​ឈ្មោះ​ថា «​ថ្ងៃ​បាំងឆត្រ​» បាន​ឲ្យ​ដឹង​ថា ខេត្ត​កែប​ជា​តំបន់​មួយ​ដែល​មាន​ភាព​ពិតប្រាកដ​បំផុត​នៅលើ​ឆ្នេរ​ប្រទេស​កម្ពុជា​។ វា​មិន​មែន​ជា​កន្លែង​សម្រាប់​តែ​ភ្ញៀវទេសចរ​មក​កម្សាន្ត​តាម​ឆ្នេរ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ត្រាច់ចរ​ដែល​ចង់​ត​ភ្ជាប់​ខ្លួន​ទៅ​នឹង​សម្រស់​ក្នុង​តំបន់​ធម្មជាតិ និង​វប្បធម៌​ដើម្បី​ស្វែងរក​ឯករាជភាព​។

លោក​បន្ត​ថា ៖ «​យើង​ស្រឡាញ់​ខេត្ត​កែប ដោយ​សារ​តែ​ភាព​ស្ងាត់​ស្ងៀម​របស់​វា ភាពជា​ឯកជន ស្ថាបត្យកម្ម និង សម្រស់​ធម្មជាតិ ដែល​មាន​ការ​តភ្ជាប់​ទៅ​នឹង​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​យើង​មក​តាំងទី​នៅ​ក្នុង​ខេត្ត​នេះ​នៅ​ឆ្នាំ​២០០៦»​។

លោក Jef បាន​និយាយ​ថា ទោះបីជា​ខេត្ត​នេះ​មាន​ភូមិសាស្ត្រ​យ៉ាង​ម៉េច​ក៏​ដោយ ខេត្ត​កែប មាន​សក្តានុពល​វិស័យ​ទេសចរណ៍ លំនៅឋាន និង​អេកូ​ទេសចរណ៍ ទាំង​នេះ​គឺ​វា​មាន​ភាព​ចាំបាច់ ដើម្បី​ចូលរួម​ជំរុញ​ឲ្យ​មានការ​កើន​ឡើង​នៅ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​យើង​មិនគួរ​ចម្លង​គំរូ​បេះបិទ​ទៅ​នឹង​ខេត្ត​ព្រះសីហនុ​នោះ​ទេ​។

Content image - Phnom Penh Post
ស្រះ​ទឹក និង​ការ​កែច្នៃ​សួន​ច្បារ​នៅ​រមណីយដ្ឋាន​ថ្ងៃ​បាំង​ឆត្រ។

អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ គឺ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ​ឧទ្យាន​ជាតិ មច្ឆជាតិ និង​កោះ ដើម្បី​ស្វាគមន៍​គម្រោង​ថ្មី​តូចៗ​។ លោក​បាន​អះអាង​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា អាជ្ញាធរ​មូល​ដ្ឋាន​កំពុង​តែ​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​ក្នុង​ការ​ការពារ​សហគមន៍​នៅក្នុង​តំបន់ និង​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ខេត្ត​កែប​»​។

ដើម្បី​ចៀសវាង​ការ​បំផ្លាញ គឺ​យើង​ត្រូវ​ត​ភ្ជាប់​ទៅ​ចំណុច​កណ្តាល​នៃ​ទីតាំង​រស់នៅ​ឲ្យ​ពេញ​លេញ និង​ការ​ថែរក្សា​អ្វី​ដែល​មាន​ស្រាប់​។

លោក​និយាយ​ថា រមណីយដ្ឋាន​ថ្ងៃ​បាំងឆត្រ​កាល​ពី​ពេល​ថ្មី​នេះ គឺ​កំពុង​អភិវឌ្ឍ​ទីកន្លែង​ថ្មីៗ​ថែម​ទៀត ហើយ​ឥឡូវ​នេះ​យើង​កំពុង​សង្ឃឹម​ថា នឹង​បង្កើត​ឧទ្យាន​ជាតិ​មច្ឆជាតិ​ជាមួយ​ក្រសួង​បរិស្ថាន (​នាយកដ្ឋាន​តំបន់​ឆ្នេរ​សមុទ្រ និង​ការ​អភិរក្ស​មច្ឆជាតិ​)​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ម្ចាស់​ហាង Brise «Chomnor» ប៊ូទិក នៅ​ខេត្ត​កែប លោក Sovan Pilong បាន​ថ្លែង​ថា ៖ «​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​កែប និង​បានធ្វើការ​ជា​អ្នក​គ្រប់​គ្រង​ប៊ូ​ទិ​ក​អស់​រយៈពេល​ប៉ុន្មាន​ខែ មុន​ពេល​សម្រេច​ចិត្ត​បើក​អាជីវកម្ម​ប៊ូទិក​នេះ​»​។

លោក​បាន​បន្តថា ៖ «​ដូចដែល​ខ្ញុំ​បាន​ស្រាវជ្រាវ​ខេត្ត​កែប គឺជា​ទីក្រុង​ក្នុងការ​បញ្ចេញ​ភាព​តានតឹង​ជាមួយនឹង​បរិស្ថាន​ស្រស់ និង​ទីកន្លែង​ស្ងាត់ស្ងៀម​មួយ​ដែលជា​និមិត្តរូប​នៃ​ធម្មជាតិ និង​វប្បធម៌ បើ​ប្រៀបធៀប​ទៅនឹង​ខេត្ត​ផ្សេងៗ​នៅតាម​ឆ្នេរសមុទ្រ នៅក្នុង​ប្រទេស​កម្ពុជា​»​។​

ដូចគ្នា​នេះ​ដែរ​មូលហេតុ​ដែល​គាត់​ចាប់​ផ្តើម​អាជីវកម្ម​នៅ​ខេត្ត​កែប ដោយសារតែ​គាត់​បាន​រក​ឃើញ​ទេសភាព ដែល​គាត់​ចូលចិត្ត​ខ្លាំង​ជាង​គេ បរិស្ថាន​ធម្មជាតិ ហើយ​ភ្ញៀវ​ភាគច្រើន​បាន​គិត​ថា កន្លែង​នេះ​មាន​ភាព​ស្ងាត់​ស្ងៀម និង​សន្តិភាព​។​

លោក Pilong និយាយ​ថា​៖ «​យើង​បាន​សាងសង់​បន្ទប់ សួនច្បារ ភោជនីយដ្ឋាន នៅ​ក្បែរ​ឆ្នេរ​ហើយ​យើង​នៅ​តែ​ជួសជុល​វា​កាន់តែ​ច្រើន​ឡើងៗ ប៉ុន្តែ​ខេត្ត​កែប​គឺ​មាន​ការ​អភិវឌ្ឍ​យឺត ហើយ​ចំនួន​នៃ​អ្នកស្រុក​នេះ គឺមាន​ទំហំ​តូច​ហើយ​វា មាន​អត្តសញ្ញាណ​វប្បធម៌​មួយ​ដែលជា​សញ្ញា​ល្អ​នៃ​ការ​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​»​។

ដូច​ដែល​លោក​បាន​ពន្យល់​ភូមិសាស្ដ្រ​នេះ​មាន​ទំហំ​តូច ហើយ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ផង​ដែរ​។ ផលិតផល​មួយ​ចំនួន​មិន​អាច​រក​បាន​នៅ​ក្នុង​ទីក្រុង​នេះ​ទេ ប៉ុន្តែ​សុវត្ថិភាព​គឺ​ល្អ​បំផុត​ដោយ​សារ​តែ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការ​គ្រប់គ្រង​ល្អ​នៅ​ទីនេះ​។

លោក​បន្ត​ថា ៖ «​ខ្ញុំ​មិន​ដែល​ប្រឈម​មុខ​នឹង​បញ្ហា និង​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព និង​ការ​បាត់បង់​ទ្រព្យសម្បត្តិ ជា​ពិសេស​ខ្ញុំ​ពេញ​ចិត្ត អំពី​សេវា​សាធារណៈ​ពី​អាជ្ញាធរ​ក្នុង​ស្រុក ព្រោះ​ពួក​គេ​តែង​តែ​ជួយ​ដល់​ពួក​យើង​ជា​អ្នក​ជំនួញ​ជា​សាធារណៈ​»​។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​ដើម្បី​រក​ឲ្យ​ឃើញ​ផលិតផល​ក្នុង​ស្រុក​កាន់​តែ​ច្រើន និង​ទីកន្លែង​ផ្សេងៗ​។

លោក​បាន​និយាយ​ថា ផ្នែក​ខាង​អេកូ​ទេសចរណ៍ គឺ​គួរ​ឲ្យ​ទាក់ទាញ​ជាង​ការ​អភិវឌ្ឍ ហើយ​យើង​បាន​បង្ហាញ​ពី​ទីកន្លែង​ដែល​មនុស្ស​គួរតែ​មក​ដល់​កន្លែង​ស្ងាត់ស្ងៀម​នៅ​ក្នុង​ស្រុក​។

លោក​បន្ថែម​ថា ៖ «​ខ្ញុំ​តែងតែ​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ដទៃ​ទៀត ដើម្បី​ចូលមក​វិនិយោគ​ក្នុង​ខេត្ត​កែប ប្រសិន​បើ​ពួកគេ​ចូលចិត្ត​ខេត្ត​នេះ និង​ធ្វើ​ការ​អភិវឌ្ឍ​នៅ​ទីតាំង​នេះ​ទៅតាម​អត្ត​សញ្ញាណ​របស់​វា​»​។

«​ការ​ធ្វើ​ឲ្យ​ខេត្ត​កែប ក្លាយ​ទៅ​ជា​កន្លែង​អេកូ​ទេសចរណ៍​ពិតជា​អាច​ទៅ​រួច ព្រោះ​មាន​ទីតាំង​ធម្មជាតិ ជាច្រើន សម្រាប់​ឲ្យ​យើង​ទៅ​លេង ដូច​ជា​ស្រែ​អំបិល ភ្នំ​ស្រះ​ទឹក​ធម្មជាតិ ឧទ្យាន​ជាតិ និង​ជា​កន្លែង​អាថ៌កំបាំង​មួយ​ចំនួន​»​។

លោក Pilong បាន​ថ្លែង​ថា ៖ «​យើង​សង្ឃឹម​ថា យើង​នឹង​មាន​សហគមន៍​អេកូ​ទេសចរណ៍ ដែល​ចូលរួម​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់ អ្នក​ស្រុក និង​ពាណិជ្ជករ​ដើម្បី​ពង្រឹង​ការអភិវឌ្ឍ ដោយ​សារ​វិនិយោគិន​មួយ​ចំនួន​ប្រឈម​មុខ​នឹង​ចំនួន​ភ្ញៀវ​មាន​កំណត់​»៕

អត្ថបទគួរចាប់អារម្មណ៍