ក្រុងវែលីងតោនៈ ប្រទេសនូវែលសេឡង់ បានអនុម័តច្បាប់ទប់ស្កាត់លទ្ធភាពក្នុងការទិញអចលនទ្រព្យលំនៅឋានរបស់ជនបរទេសក្នុងគោលបំណងគ្រប់គ្រងតម្លៃលំនៅឋានដែលកើនឡើងរបស់ប្រទេសដែលស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងមួយនេះ។
ច្បាប់ដែលបានអនុម័តកាលពីថ្ងៃពុធសប្តាហ៍មុនឆ្លើយតបទៅតាមការសន្យាក្នុងយុទ្ធនាការដ៏សំខាន់របស់លោកស្រីនាយករដ្ឋមន្ដ្រី Jacinda Ardern ដែលបានប្ដេជ្ញាថានឹងធ្វើឲ្យលំនៅឋានមានតម្លៃកាន់តែសមរម្យនៅមុនពេលការបោះឆ្នោតកាលពីឆ្នាំមុន។
ការរឹតបន្តឹងថ្មីនេះមានន័យថាជាការហាមឃាត់ទាំងស្រុងលើការទិញអចលនទ្រព្យលំនៅឋានរបស់ជនបរទេសនៅក្នុងប្រទេសនូវែលសេឡង់ ដោយមានការលើកលែងមួយចំនួនប៉ុណ្ណោះ។
លោក David Parker រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុនូវែលសេឡង់បានថ្លែងឲ្យដឹងថា៖ «នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឲ្យសុបិននៃការគ្រប់គ្រងផ្ទះក្លាយជាការពិតសម្រាប់ពលរដ្ឋនូវែលសេឡង់កាន់តែច្រើន»។
លោកបន្ថែមថាការផ្លាស់ប្តូរនេះ៖ «ធានាថាទីផ្សារសម្រាប់លំនៅឋានរបស់យើងត្រូវបានកំណត់នៅប្រទេសនូវែលសេឡង់មិនមែននៅលើទីផ្សារអន្តរជាតិនោះទេ»។
ពលរដ្ឋនូវែលសេឡង់ជាទូទៅចង់មានផ្ទះផ្ទាល់ខ្លួនជាជាងជួល ប៉ុន្តែកម្រិតការធ្វើចំណាកស្រុកខ្ពស់ខ្លាំង និងកង្វះស្ដុកលំនៅឋានបានជំរុញឲ្យតម្លៃកើនឡើង។
របាយការណ៍របស់រដ្ឋាភិបាលកាលពីដើមឆ្នាំនេះបានរកឃើញថា តម្លៃផ្ទះបានកើនឡើង ៣០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំកន្លងមកដែលកើនលើសកំណើនប្រាក់ចំណូល។
ជាលទ្ធផលរបាយការណ៍នេះបានឲ្យដឹងថា ភាពជាម្ចាស់កម្មសិទ្ធិលំនៅឋាន បានធ្លាក់ចុះមកនៅត្រឹមកម្រិតទាបបំផុតរយៈពេល ៦០ ឆ្នាំ។
រដ្ឋាភិបាលរបស់លោកស្រី Ardern បានឲ្យដឹងថា អ្នកទិញជាជនបរទេសគឺជាផ្នែកដ៏ធំមួយនៃបញ្ហានេះ ដោយសារតែពួកគេឲ្យតម្លៃខ្ពស់ជាងប្រជាជនក្នុងស្រុក។
ក្នុងពេលកន្លងមករដ្ឋាភិបាលបានចាត់ទុកអ្នកទិញជាជនជាតិចិនថា ជាអ្នកជំរុញដ៏សំខាន់មួយនៅក្នុងទីផ្សារទីក្រុង Auckland ដែលបណ្ដាលឲ្យមានការចោទប្រកាន់ពីបទរើសអើងជាតិសាសន៍ពីក្រុមអ្នករិះគន់។
ច្បាប់ថ្មីនេះនឹងទប់ស្កាត់ជនបរទេសដែលរស់នៅក្នុងប្រទេសនេះដូចជា ជនជាតិចិនដែលជាប្រភពដ៏សំខាន់នៃអ្នកទិញជាជនបរទេស មិនឲ្យទិញលំនៅឋានក្នុងប្រទេសនូវែលសេឡង់។
ប៉ុន្តែជនជាតិអូស្ត្រាលីដែលជាអ្នកទិញជាជនបរទេសទូទៅធំបំផុតទី ២ នឹងត្រូវបានលើកលែង ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយចំពោះជនជាតិសិង្ហបុរីក៏ដូច្នេះដែរ។
ទីតាំងភូមិសាស្ត្រដែលស្ថិតនៅឆ្ងាយពីគេរបស់នូវែលសេឡង់ដែលធ្លាប់ត្រូវបានចាត់ទុកថា ជាឧបសគ្គមួយសម្រាប់អ្នកទិញបានធ្វើឲ្យប្រទេសនេះមានភាពពេញនិយមសម្រាប់ជនបរទេសមានប្រាក់ច្រើនបំផុតដែលស្វែងរកកន្លែងលាក់ខ្លួន។
ពួកគេទាំងនោះរួមមាន លោក Peter Thiel ជាមនុស្សដ៏សំខាន់ផ្នែកបច្ចេកវិទ្យាអាមេរិកលោក James Cameron ជាចាងហ្វាងភាពយន្តលោក Alexander Abramov មហាសេដ្ឋីដែកថែបរបស់ប្រទេសរុស្ស៊ី និងលោក Matt Lauer អ្នកផ្សាយព័ត៌មានអាមេរិក។
លោករដ្ឋមន្ត្រី Parker បញ្ជាក់ពីច្បាប់ថ្មីនេះថានឹងអនុវត្តចំពោះគ្រប់ទីតាំងទាំងអស់ «បើទោះបីវាជាមាត់បឹងដ៏ស្រស់ស្អាត ឬអចលនទ្រព្យនៅជាប់សមុទ្រ ឬលំនៅឋានជាយក្រុងដែលមានតម្លៃទាបក៏ដោយ» ។
លោកស្រី Bindi Norwell ប្រធានវិទ្យាស្ថានអចលនទ្រព្យរបស់ប្រទេសនូវែលសេឡង់បានចោទជាសំណួរអំពីតម្រូវការសម្រាប់ច្បាប់ថ្មីនេះដែលលើកឡើងថា អ្នកទិញជនបរទេសត្រឹមតែបង្កើតចំណែកតូចមួយនៃទីផ្សារនេះតែប៉ុណ្ណោះ។
លោកស្រីបានប្រាប់គេហទំព័រ stuff.co.nz ថា៖ «យើងមិនជឿថា ការហាមឃាត់អ្នកទិញជាជនបរទេស មិនឲ្យទិញអចលនទ្រព្យនៅក្នុងប្រទេសនូវែលសេឡង់នឹងមានផលប៉ះពាល់មួយចំនួនលើតម្លៃលំនៅឋាន ហើយវាក៏មិនជួយដល់ប្រជាជនវ័យក្មេងក្នុងការស្វែងរកទិញលំនៅឋានដំបូងរបស់ពួកគេផងដែរ»៕ LA