ភ្នំពេញៈ គេ​ដឹង​គ្រប់គ្នា​ហើយ​ថា តម្លៃ​អចលនទ្រព្យ​ដីធ្លី ផ្ទះសំបែង​នៅ​ក្រុងព្រះសីហនុ​បាន​ហក់​ឡើង​ខ្ពស់​មិន​នឹកស្មាន​ដល់​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារ​លំហូរ​ចូល​នៃ​ជនជាតិ​ចិន​យ៉ាងគំហុក​។

ការមកដល់​នៃ​វិនិយោគិន​ចិន​ភាគច្រើន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​សំណង់ សណ្ឋាគារ និង​កាស៊ីណូ ខណៈ​ជនជាតិ​ចិន​ផ្សេងទៀត​បាន​មក​បង្កើត​មុខរបរ​តូចៗ​ជាច្រើន​រាប់​ចាប់​តាំងពី​ការលក់​អាហារ​តាម​ដងផ្លូវ និង​ហាង​ម៉ាស្សា​កាត់សក់​ជាដើម​។

វត្តមាន​នៃ​ជនជាតិ​ចិន​នេះ​បាន​ធ្វើឲ្យ​តម្លៃ​ជួល​អចលនទ្រព្យ​ដី ផ្ទះ និង​សណ្ឋាគារ​ហក់​ឡើង​ខ្ពស់​ជិត​ ១០ ​ដង​។ ប៉ុន្តែ​ព័ត៌មាន​ថ្មីៗ​នេះ​បាន​លេចឡើង​ថា តម្លៃ​ទិញ​ និង​ជួល​បាន​ថមថយ​មកវិញ ដោយសារ​និន្នាការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​ខេត្ត​ព្រះសីហនុ​នៅពេល​រដ្ឋាភិបាល​បាន​សម្រេច​ឈប់​ផ្តល់​អាជ្ញាប័ណ្ណ​ល្បែង​អនឡាញ​នៅ​ចុង​ឆ្នាំនេះ​។

តើ​វា​មាន​ទំនាក់ទំនង​អ្វី​រវាង​ការបិទ​ល្បែង​អនឡាញ និង​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​?

អ្នក​យកព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​ជាមួយ​លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និង​ជា​ប្រធាន KW Cambodia ជា​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជិត​ ១៥ ​ឆ្នាំ​ ដើម្បី​ពិភាក្សា​អំពី​និន្នាការ​នេះ​។

តើ​លោក​មើលឃើញ​ដូចម្តេច​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​?

វា​ចាប់ផ្តើម​មាន​ភាពផុលផុស​ខ្លាំង​បន្ទាប់ពី​ការមក​ដល់​យ៉ាង​គំហុក​នៃ​ភ្ញៀវទេសចរ និង​វិនិយោគិន​ចិន កំណើន​ជនជាតិ​ចិន​បាន​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​កើន​នឹកស្មាន​មិន​ដល់​ដែល​មាន​ការកើនឡើង​ស្ទើរ​រាល់​ខែ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ខ្ញុំ​អាច​និយាយ​ថា កាលពី​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ដី​ទំហំ​ក្រោម ១ ០០០ ​ម៉ែត្រការ៉េ​ នៅ​តំបន់​ពាណិជ្ជកម្ម​ក្នុង​ក្រុង​មាន​តម្លៃ​ពី ៤ ០០០ ដុល្លារ​ ដល់ ៥ ០០០ ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​ ប្រហាក់ប្រហែល​នឹង​តម្លៃ​ដី​ក្នុង​សង្កាត់​បឹងកេងកង​។ ចំណែក​តម្លៃ​ជួល​មាន​រហូត​ដល់​ ១០ ​ដុល្លារ​ទៅ​ ១៥ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​សម្រាប់​ដី​អាជីវកម្ម​ទំហំ​តូចៗ និង​ដី​ធំៗ​មាន​តម្លៃ ៣-៥ ដុល្លារ ខណៈ​កិច្ចសន្យា​ភាគច្រើន​មាន​ចន្លោះ​ពី ៣-៥ ​ឆ្នាំ​។

តម្លៃ​ដី​នៅ​តំបន់​ខ្លះ​បាន​កើនឡើង​ពី​ ២០០ ទៅ ២ ០០០ ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ពី​ឆ្នាំ​ ២០១៤ ដល់​ ២០១៨ និង​បន្ត​កើន​ដល់ ៣ ០០០ នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៩ ​នេះ​។

មាន​ការលើក​ឡើង​ថា​ការបិទ​អាជីវកម្ម​ល្បែង​អនឡាញ​ ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​នេះ​លោក​យល់​យ៉ាងណា​ដែរ​?

បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​ណែនាំ​ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈ​អ៊ីនធឺណិត​អនឡាញ​កាលពី​ពាក់កណ្តាល​ខែ​ សីហា ឆ្នាំ​ ២០១៩ ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដោយ​មិនមាន​អ្នក​ស្វែងរក​ទិញ ឬ​ជួល​ច្រើន​ដូច​មុន​ទៀត​ទេ​។

ការប្រែប្រួល​នេះ​គឺ​ដោយសារ​វិនិយោគិន និង​ភ្ញៀវ​ជនជាតិ​ចិន​ដែល​មាន​ចំនួន​ដ៏ច្រើន​នៅ​ខេត្ត​ព្រះសីហនុ​បាន​នាំគ្នា​ផ្អាក ឬ​ត្រៀម​បញ្ឈប់​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា ពិសេស​លើ​អាជីវកម្ម​កាស៊ីណូ​ស្រប​ពេល​ថ្មីៗ​នេះ​មាន​ជនជាតិ​ចិន​មួយ​ចំនួន​ចាកចេញ​ទៅ​ចិន​វិញ​។ អគារ​ដាក់​ជួល​ក្នុង​ ១ ​ខែ​តម្លៃ ១០ ០០០ ដុល្លារ​ ពេល​នេះ​សូម្បីតែ ៧ ០០០ ​ដុល្លារ​ ក៏​គ្មាន​អ្នក​ជួល​ដែរ​។ ទន្ទឹម​នឹង​នេះ​សកម្មភាព​នៅ​តាម​ការដ្ឋាន​សាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ពេលនេះ​ក៏​មិន​សូវ​មាន​ច្រើន​ដូចពេល​មុន​ទេ​។

តើ​វា​មាន​ទំនាក់ទំនង​អ្វី​រវាង​ការបិទ​ល្បែង​អនឡាញ និង​ទីផ្សារ​អចលនទ្រព្យ​នេះ​?

ការបិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត​នឹង​ធ្វើឲ្យ​ចំនួន​ភ្ញៀវ​ជនជាតិ​ចិន​នៅ​កម្ពុជា​ធ្លាក់ចុះ ហើយ​នៅពេល​ដែល​ភ្ញៀវ​ធ្លាក់ចុះ​តម្រូវការ​កន្លែង​ស្នាក់នៅ ភោជនីយដ្ឋាន និង​សេវាកម្ម​គ្រប់​ប្រភេទ​ក៏​នឹងត្រូវ​ធ្លាក់ចុះ​ទៅ​តាម​នោះដែរ​។ ត្រង់ចំណុច​នេះ​អ្វី​ដែល​មាន​ផលប៉ះពាល់​ធ្ងន់​ជាងគេ​គឺ​អ្នក​ដែល​បាន​ទៅ​ខ្ចីលុយ​ពី​ធនាគារ​យក​មក​វិនិយោគ​សង់​អគារ​សម្រាប់​ដាក់​ជួល​។

នៅពេល​ដែល​អគារ​របស់​ពួកគាត់​មិន​មាន​អ្នក​ជួល ពួកគាត់​នឹង​ត្រូវ​ប្រឈម​នឹង​កង្វះ​លទ្ធភាព​ក្នុង​ការបង់ប្រាក់​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​ដែល​នេះ​ជា​បញ្ហា​ធំ​ដែល​អាច​នឹង​នាំ​ឲ្យ​ពួកគេ​ជួប​វិបត្តិ​។

ពី​មុន​មាន​ការបារម្ភ​ពី​កំណើន​ជនជាតិ​ចិន​យ៉ាង​ច្រើន​ចូលមក​កាន់​ខេត្ត​ព្រះសីហនុ តែ​ពេលនេះ​បែរ​ជា​នាំ​គ្នា​បារម្ភ​ពី​ការចេញ​របស់​ជនជាតិ​ចិន​ទៅវិញ​។ ការបិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត ក៏​នឹង​ធ្វើ​​ឲ្យ​មាន​ផលប៉ះពាល់​ទៅដល់​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ព្រំដែន​ផងដែរ ពិសេស​គឺ​ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត​។

បើ​ដូច្នេះ​មែន​តើ​លោក​គិតថា ​រដ្ឋាភិបាល​គួរ​ធ្វើ​ដូចម្តេច​?

ខ្ញុំ​គិតថា ការប្រកាស​បញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ថ្មី សម្រាប់​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត​ជា​រឿង​ល្អ​សម្រាប់​សង្គម តែ​វា​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ដីធ្លី ចំណូល​ប្រជាជន​ក្នុងស្រុក និង​ចំណូល​ពន្ធ​រដ្ឋ ពិសេស​វា​នឹង​ធ្វើឲ្យ​អ្នកវិនិយោគទុន​បរទេស​ខ្លាច​មិន​ហ៊ាន​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ដោយសារ​រដ្ឋាភិបាល​ធ្វើការ​សម្រេច​ចិត្ត​លឿន​ពេក​។

វា​ជា​ការល្អ បើ​រដ្ឋាភិបាល​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ​ប្រកប​ដោយ​តម្លាភាព​នូវ​រាល់​ប្រតិបត្តិការ​ក្រុមហ៊ុន​ទាំងអស់​នោះ​នៅ​ខែ ធ្នូ ឆ្នាំ​ ២០១៩ ​នេះ​។ បើ​ក្រុមហ៊ុន​ណា​ប្រកប​អាជីវកម្ម​គោរព​ច្បាប់ និង​បង់ពន្ធ​ត្រឹមត្រូវ គួរតែ​បន្ត​អាជ្ញាប័ណ្ណ​ឲ្យ​ពួកគេ​បាន​ ១ ​ឆ្នាំ​ទៀត តែបើ​ក្រុមហ៊ុន​ណា​បាន​ទទួល​អាជ្ញាប័ណ្ណ​ហើយ​មិន​មាន​សកម្មភាព​អាជីវកម្ម (​លក់​អាជ្ញាប័ណ្ណ​បន្ត​) នោះ​រដ្ឋាភិបាល​ត្រូវតែ​ដកហូត​អាជ្ញាប័ណ្ណ​នោះមក​វិញ​។

នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២០ រដ្ឋាភិបាល​អាច​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​ទៅលើ​គ្រប់​ក្រុមហ៊ុន​ទាំងអស់ ដែល​បាន​ទទួល​ការបន្ត​អាជ្ញាប័ណ្ណ​ពី​ឆ្នាំ​ ២០១៩ ​ដើម្បី​កំណត់ថា តើ​ក្រុមហ៊ុន​ណា​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​ការបន្ត​អាជ្ញាប័ណ្ណ​សម្រាប់​ឆ្នាំ​ ២០២១​។

ការធ្វើ​បែបនេះ​នឹង​ជួយ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការត្រៀមខ្លួន​។ យើង​មិន​គួរ​កាត់ផ្តាច់​លឿន​បែបនេះ​ទេ ព្រោះ​វា​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង ដែល​ប្រៀប​បាន​នឹង​យើង​កំពុងបើក​រថយន្ត​ក្នុង​ល្បឿន​លឿន ដល់​ផ្លូវ​កោង​បែរ​ជា​ត្រូវ​បត់​យ៉ាងលឿន​ដែល​អាច​ធ្វើឲ្យ​រថយន្ត​មាន​គ្រោះថ្នាក់​។

កន្លងមក​នៅ​ប្រទេស​ហ្វីលីពីន​ក៏​ធ្លាប់មាន​ករណី​ប្រហាក់ប្រហែល​នេះដែរ ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​ហ្វីលីពីន​ក៏​បាន​កែសម្រួល​វិញ​ខ្លះ ដើម្បី​ធ្វើឲ្យ​ទីផ្សារ​អចលនទ្រព្យ​មាន​ស្ថិរភាព​៕LA