ភ្នំពេញៈ ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ នេះ​ចំនួន​បន្ទប់​ខុនដូ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ប្រមាណ​ ២០ ​ភាគរយ​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី ១ កន្លង​មក​ដោយ​ខុនដូ​ភាគច្រើន​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំការមន​។ នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ស្រាវជ្រាវ​ដែល​ទើប​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​កក្កដា​កន្លង​មក បង្ហាញ​ថា​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ មាន​ខុនដូ​ប្រមាណ ២ ០០០ យូនីត​បាន​បញ្ចប់​ការសាងសង់ និង​ដាក់​ចូល​ក្នុង​ទីផ្សារ​ដែល​ធ្វើឲ្យ​ចំនួន​បន្ទប់​ស្នាក់នៅ​ខុនដូ​ក្នុង​ក្រុងភ្នំពេញ​កើន​ដល់​ចំនួន ១១ ៨៣០ ​យូនីត គិត​ត្រឹម​ដំណាច់​ឆមាស​ទី​ ១​។ ចំនួន​នេះ​គឺ​កើនឡើង​ ២០ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន​ជិត ១០ ០០០ ​យូនីត​។

នៅក្នុង​បណ្តា​ខុនដូ​ប្រមាណ​ ២០០០ ​យូនីត​ដែល​បាន​បញ្ចប់​ការសាងសង់​ក្នុង​ត្រីមាស​ទី​ ២ គឺ​មាន​ ៨០ ​ភាគរយ​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង និង​សង្កាត់​ទន្លេបាសាក់​នៃ​ខណ្ឌ​ចំការមន​។

ក្នុង​ត្រីមាស​ទី​ ២ ខុនដូ​តម្លៃ​សមរម្យ (Affordable) និង​លើ​មធ្យម (Mid-Range) មិន​បាន​ប្រែប្រួល​ទេ​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ ១៥០០ ​ដុល្លារ និង​ ២៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​រៀង​គ្នា ខណៈ​ខុនដូ​ប្រណីត (High-End) តម្លៃ​ស្ថិត​ក្នុង​រង្វង់​ ៣២៥០ ​ដុល្លារ​ដោយ​បាន​កើនឡើង​ប្រមាណ​ ២​ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ​។

លោក Jonathan Flexer ប្រធាន​ផ្នែក​ទីផ្សារ​គម្រោង​លំនៅឋាន​នៃ​ក្រុមហ៊ុន CBRE Cambodia និយាយ​ថា​ទីផ្សារ​ខុនដូ​នៅ​ភ្នំពេញ​នៅ​តែ​ល្អប្រសើរ​រវាង​ការផ្គត់ផ្គង់ និង​តម្រូវការ​។ ដោយសារ​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រជាជន​វ័យក្មេង​ច្រើន និង​មាន​កំណើនសេដ្ឋកិច្ច​រឹងមាំ​នោះ វិស័យ​នេះ​នឹង​នៅ​តែ​បន្ត​នូវ​ភាពរឹងមាំ​របស់​ខ្លួន​ជា​បន្តទៀត​។

លោក​ថ្លែង​ថា​៖ «​ទីផ្សារ​ខុនដូ​ក្នុង​ក្រុងភ្នំពេញ​នៅ​តែ​ល្អ ទាំង​តម្រូវការ និង​តម្លៃ ពិសេស​ខុនដូ​តម្លៃ​សមរម្យ និង​លើ​មធ្យម​។ ការដាក់​បញ្ចូល​ក្នុង​ទីផ្សារ​នូវ​បន្ទប់​ស្នាក់នៅ​ថ្មីៗ​បាន​ធ្វើឲ្យ​អតិថិជន​មាន​ជម្រើស​កាន់តែ​ច្រើន​»​។

បច្ចុប្បន្ន​គម្រោង​ខុនដូ​ធំៗ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​វិនិយោគ​ដោយ​វិនិយោគិន​មកពី​ប្រទេស​ចិន ខណៈ​អតិថិជន​ក៏​ជា​ជនជាតិ​ចិន​ដែរ​។

ទន្ទឹម​នឹង​នេះ​លោក Jonathan ក៏​បាន​លើក​ឡើង​ថា​អ្នក​អភិវឌ្ឍន៍​គួរតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតិថិជន​ក្នុង​ស្រុក​ផងដែរ តាមរយៈ​ការកំណត់​ថ្លៃ​ទីតាំង និង​វិធី​បង់ប្រាក់​ជាដើម​។

លោក អ៊ូក ឆេងលី ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Fuji Realty ដែល​ជា​ក្រុមហ៊ុន​មាន​អតិថិជន​ប្រហែល​ ៨០ ​ភាគរយ​ជា​ជនជាតិ​ជប៉ុន​និយាយ​ថា​សម្រាប់​ទីផ្សារ​ខុនដូ​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​ពេល​នេះ​អាច​និយាយ​ថា​ពិបាក​រក​អតិថិជន តែ​សម្រាប់​ខុនដូ​ដែល​មាន​តម្លៃ​សមរម្យ គឺ​មិន​មាន​បញ្ហា​ទេ​។

លោក​បាន​ថ្លែង​ថា ៖ «​សម្រាប់​ខុនដូ​នៅក្នុង​ទីតាំង​ល្អ ប្រសិន​បើ​តម្លៃ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ត្រឹម ២ ០០០ ​ដុល្លារ​គឺ​មិន​មាន​បញ្ហា​នោះ​ទេ តែ​បើ​ឡើង​ខ្ពស់​លើស​ពី​នេះ​អាច​ពិបាក​លក់​»​។

អ្នកនាង ប៉ុល លីតា ទីប្រឹក្សា​ផ្នែក​អចលនទ្រព្យ​គម្រោង The Parkway ដែល​ស្ថិតនៅ​តំបន់​ទួលគោក​បាន​ប្រាប់​ថា​ការលក់​កំពុង​មាន​ដំណើរការ​ទៅ​មុខ​យ៉ាង​លឿន ដោយ​ការ​លក់​ក្នុង​ដំណាក់កាល​ទី​ ១ សម្រេច​បាន​ប្រហែល​ ៩០ ​ភាគរយ​ហើយ ខណៈ​ការលក់​ដំណាក់កាល​ទី​ ២ គ្រោង​នឹង​ចាប់ផ្តើម​បើក​លក់​នៅ​ចុង​ខែ​សីហា​នេះ​។ អ្នកនាង​បន្ត​ថា អតិថិជន​របស់​គម្រោង The Parkway មាន​ជនជាតិ​ខ្មែរ​ប្រហែល​ ៥០ ​ភាគរយ​។

អ្នកនាង ប៉ុល លីតា បាន​និយាយ​ថា​៖ «​បច្ចុប្បន្ន​ការលក់​កំពុង​មាន​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​។ តម្លៃ និង​ទីតាំង​ជា​កត្តា​សំខាន់​»​។

The Parkway មាន​បន្ទប់​ស្នាក់នៅ​សរុប​ ១ ១៣៦ យូនីត​ដោយ​បន្ទប់​តូច​បំផុត​មាន​ទំហំ​ ៥០ ​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ជាង ៩០ ០០០ ​ដុល្លារ​។

កាលពី​ត្រីមាស​ទី​ ២ កន្លង​មក​មាន​គម្រោង​ខុនដូ​ថ្មី​ចំនួន​ ៥ បាន​ចាប់ផ្តើម​ប្រកាស​លក់​ដែល​មាន​ដូចជា R&F Mansion, L''attrait, Yuetai Garden, East Sen Sok និង Poly Mansion​។

បើ​តាម​ការ​ព្យាករ​របស់​ក្រុមហ៊ុន CBRE Cambodia នៅ​ដំណាច់​ឆ្នាំ​ ២០១៨ នេះ​ចំនួន​បន្ទប់​ខុនដូ​នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​កើនឡើង​ដល់​ប្រហែល ២០ ០០០ យូនីត​៕