ភ្នំពេញៈ បើទោះបី​ជា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ កំពុង​បង្ក​ការថមថយ​ដល់​សេដ្ឋកិច្ច​សកល និង​កម្ពុជា​ក្តី តែ​គម្រោង​សាងសង់​ខុនដូ​នានា​នៅ​កម្ពុជា​គឺ​នៅតែ​បន្តដំណើរ​ការបញ្ចប់​គម្រោង​តាម​ការគ្រោងទុក​ដដែល​។ យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia មាន​បន្ទប់​ស្នាក់​ខុនដូ​ថ្មី​ចំនួន ២ ៨៤៣ ​យូនីត​បាន​បញ្ចប់​ការសាងសង់​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​។

របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា បើទោះបី​ក្នុង​អំឡុង​ពេលនេះ​គ្រប់​វិស័យ​ទាំងអស់​សុទ្ធតែ​ទទួលរង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​ការសាងសង់​បញ្ចប់​គម្រោង​នៅតែ​មាន​ភាពល្អប្រសើរ ដោយ​មាន​ខុនដូ​ចំនួន ៥ ​គម្រោង​ស្មើនឹង​បន្ទប់​ស្នាក់នៅ​ចំនួន ២ ៨៤៣ ​យូនីត​បានដាក់​ចូលក្នុង​ទីផ្សារ​។ ចំនួន​នេះ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ គឺ​ស្មើនឹង​កំណើន ១៥,៨ ​ភាគរយ និង​បើ​ធៀប​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩ គឺមាន​កំណើន ៣៦,៦ ​ភាគរយ​។ ក្នុងចំណោម​ខុនដូ​ថ្មី​ទាំង​ ៥ ដែល​ទើប​បញ្ចប់​ការសាងសង់​នេះ គឺ​មាន ៤៥,៦ ​ភាគរយ​ស្ថិត​នៅ​ក្រៅ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​តម្លៃ​ជា​មធ្យម​របស់​ខុនដូ​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ គឺមាន​ការប្រែប្រួល​តិច​បំផុត ដោយ​ខុនដូ​ប្រណីត​ (High-End) ​មាន​តម្លៃ​ក្នុង​រង្វង់ ៣ ១៦៧ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ធ្លាក់​ចុះ​ប្រហែល ០,៥៣ ​ភាគរយ​បើ​ធៀប​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ ខុនដូ​ប្រភេទ​មធ្យម (Mid-Range) មាន​តម្លៃ ២ ៥៥៩ ​ដុល្លារ​ធ្លាក់ចុះ ១,៣៩ ​ភាគរយ និង​ប្រភេទ​តម្លៃ​សមរម្យ​ (Affortable) មានតម្លៃ ១ ៥៤៩ ​ដុល្លារ​កើនឡើង ០,៣២ ​ភាគរយ​។ ជាមួយ​គ្នា​នេះ​ខុនដូ​ប្រភេទ​ប្រណីត​ត្រូវ​បាន​ដាក់​ជួល​ក្នុង​ ១ ​ខែ​តម្លៃ​ជា​មធ្យម ១៤, ២១ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ធ្លាក់ចុះ ០,៤ ​ភាគរយ និង​ខុនដូ​ប្រភេទ​មធ្យម​មាន​តម្លៃ​មធ្យម ១១,៧៩ ​ដុល្លារ​ធ្លាក់ចុះ ០,៦ ​ភាគរយ​។

បើ​យោងតាម CBRE Cambodia នៅក្នុង​អំឡុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​ក៏មាន​ខុនដូ​ចំនួន ៨ គម្រោង​ដែល​ស្មើនឹង​បន្ទប់​ចំនួន ៤ ៥២១ ​យូនីត បាន​ប្រកាស​បើក​លក់​ផងដែរ​រួមមាន Urban Village II-Tower G, The Garden Residency 2, Phnom Penh Galaxy Garden, PARC 21 Redsidence, The HEXA, AKJ Bright Pearl, Grand Central និង​គម្រោង Golden World International​។

គម្រោង​សង់​ខុនដូ R&S ដែល​មាន​ដំណើរការ​សាងសង់​ជា​រៀងរាល់ថ្ងៃ​។ ហ៊ាន រង្សី

កញ្ញា គឹម គិនកេសា អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា បើទោះបី​ជា​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ក៏ដោយ ប៉ុន្តែ​សម្រាប់​កម្ពុជា​វិស័យ​អចលនទ្រព្យ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​គឺ​មិនទាន់​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ កញ្ញា​ថ្លែងថា​៖ «​ការស្រាវជ្រាវ​របស់​យើង​បង្ហាញថា ក្នុង​ត្រីមាស​ទី​ ១ សកម្មភាព​នៃ​ការសាងសង់ និង​ទីផ្សារ​ខុនដូ​មាន​ដំណើរ​ទៅមុខ​ជាធម្មតា​»​។

ទោះបី​យ៉ាងណា​កញ្ញា គិនកេសា លើកឡើង​ថា​ភាពល្អប្រសើរ​នៃ​ទីផ្សារ​ខុនដូ​ក្នុង​ត្រីមាស​ទី​ ១ ក៏​អាច​បណ្តាល​មកពី​កម្ពុជា​មិនមាន​ការរីករាលដាល​ខ្លាំង​នៃ​ការឆ្លង​ជំងឺ​កូវីដ​១៩ ផងដែរ​។

ទាក់ទង​ដំណើរ​ទីផ្សារ​វិស័យ​ខុនដូ​នៅ​កម្ពុជា​រហូត​ដល់​ចុងឆ្នាំ​ ២០២០ នេះ​កញ្ញា គិនកេសា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ហ៊ាន​វាយតម្លៃ​បែបណា​ទេ ព្រោះ​ការប្រែប្រួល​វា​អាច​អាស្រ័យ​ទៅ​លើ​ដំណើរ​វិវឌ្ឍន៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩»​។

យោងតាម​ការព្យាករ​ប្រសិន​បើ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នឹង​អាច​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ក្នុង​ឆ្នាំ​ ២០២០ នេះ​នឹង​មាន​ខុនដូ​ចំនួន ១០ ០០០ ​យូនីត​បញ្ចប់​ការសាងសង់​។ នេះ​បើ​តាម​កញ្ញា គិនកេសា​។

របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៩ ​កម្ពុជា​បានផ្តល់​ការអនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ៤ ៤៤៦ ​គម្រោង​ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ ៩,៣៥ ​ពាន់​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០១៨ ការអនុញ្ញាត​លើ​គម្រោង​សាងសង់​មាន​ចំនួន ២ ៨៦៧ ​គម្រោង និង​មានតម្លៃ​ប្រមាណ ៥,២២ ​ពាន់​លាន​ដុល្លារ​។ តម្លៃ​ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​ឆ្នាំ​ ២០១៩ បាន​កើនឡើង ៧៨,៨៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨៕