
ទិដ្ឋភាពនៅច្រកព្រំដែននៃក្រុងបាវិត ខេត្តស្វាយរៀង។ រូបថត ភ្នំពេញប៉ុស្តិ៍
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ សកម្មភាពនៃការអភិវឌ្ឍនៅទីក្រុងបាវិតបានចាប់ផ្តើមកម្រើកឡើងវិញ ទាំងសកម្មភាពពាណិជ្ជកម្ម និងតម្លៃអចលនទ្រព្យ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង ដែលមានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា មួយរយៈចុងក្រោយនេះក្រុងបាវិតមានសកម្មភាពអភិវឌ្ឍច្រើន ដោយសារបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ នៅទីនោះដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ពិសេសការចូលទៅវិនិយោគរបស់ជនជាតិចិនដែលមានចំនួនកាន់តែច្រើន និងធ្វើឲ្យសកម្មភាពពាណិជ្ជកម្មមានភាពរស់រវើក។
លោកបានថ្លែងថា៖ «បច្ចុប្បន្ននេះនៅក្រុងបាវិតគេអាចសាងសង់ផ្ទះជួល សាងសង់ផ្ទះលក់ ពុះដីឡូត៍លក់ ឬសាងសង់ផ្សារក៏បានព្រោះមានប្រជាពលរដ្ឋរស់នៅច្រើនក្នុងទីក្រុងនេះ»។ លោកបានបន្តថា៖ «ដោយសារសកម្មភាពពាណិជ្ជកម្មកើនឡើងបានធ្វើឲ្យតម្លៃដីធ្លីនាពេលនេះកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន»។
បច្ចុប្បន្នដីធ្លីនៅក្រុងបាវិតមានតម្លៃចន្លោះពី ២០០ ទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់តំបន់ជាប់ផ្លូវជាតិ និងតំបន់ពាណិជ្ជកម្ម ចំណែកតំបន់ឧស្សាហកម្មមានតម្លៃចន្លោះពី ៣០ ទៅ ៥០ ដុល្លារអាមេរិក និងតំបន់ស្ថិតនៅឆ្ងាយពីផ្លូវជាតិមានតម្លៃចន្លោះពី ៥ ទៅ ២០ ដុល្លារអាមេរិក។ តម្លៃនេះក៏ប្រែប្រួលអាស្រ័យទៅលើទំហំដីជាក់ស្តែងផងដែរ។
លោក គីម ហ៊ាង បានលើកឡើងទៀតថាជាមួយនឹងសកម្មភាពអភិវឌ្ឍ និងកំណើននៃការវិនិយោគបច្ចុប្បន្នមានកាស៊ីណូ និងសណ្ឋាគារថ្មីៗជាច្រើនកំពុងសាងសង់បន្ថែមទៀត ខណៈកាស៊ីណូមួយចំនួនដែលបានបិទទ្វារកាលពីមុនមកនោះនៅពេលនេះពួកគេបានបើកដំណើរការឡើងវិញអស់ហើយ។
នាយករដ្ឋបាលសាលាក្រុងបាវិតលោក ប៉ែន ភារ៉ុន មានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នក្រុងបាវិតមានសកម្មភាពរស់រវើកឡើងវិញដោយចំនួនមនុស្សរស់នៅបានកើនដល់ជាង ៥០០០០ នាក់ដែលធ្វើឲ្យសកម្មភាពក្នុងវិស័យអចលទ្រព្យមានភាពពុះកញ្ជ្រោលខ្លាំង លើការពុះដីឡូត៍លក់ និងសកម្មភាពមួយចំនួនទៀត។ លោកបន្តថាសកម្មភាព និងតម្លៃអចលនទ្រព្យចាប់ផ្តើមមានការប្រែប្រួលហើយ ប៉ុន្តែតម្លៃមិនទាន់កើនឡើងខ្លាំងនៅឡើយទេ។
បើតាមលោក ប៉ែន ភារ៉ុន ក្រុងបាវិតមានទំហំផ្ទៃដី ២០៦,៦៩ គីឡូម៉ែត្រការ៉េ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ និងមានរោងចក្រចំនួន ៥៦ កំពុងដំណើរការមានសណ្ឋាគារ និងកាស៊ីណូចំនួន ១២ កំពុងដំណើរការ និងមួយកំពុងសាងសង់។
លោក ប៉ែន ភារ៉ុន បានអះអាងថា៖ «បច្ចុប្បន្នការវិនិយោគកើនឡើងក្នុងទីក្រុងនេះទាំងសកម្មភាពពាណិជ្ជកម្ម រោងចក្រ សហគ្រាស និងវិស័យអចលនទ្រព្យ»។
នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ ២០១៥-២០២៥ បានដាក់ទីក្រុងបាវិត និងក្រុងប៉ោយប៉ែតជាតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ការសម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន និងការទាក់ទាញការវិនិយោគពីអ្នកវិនិយោគនៅប្រទេសជិតខាងហើយប្រើប្រាស់ទីក្រុងនេះជាទីតាំងស្តុកទំនិញ និងផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសជិតខាង។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា ទីក្រុងបាវិតពិតមានមានសក្តានុពលខ្លាំង ដោយសារវាមានទីតាំងនៅជាប់ព្រំដែនប្រទេសវៀតណាមដែលអាចទាក់ទាញអ្នកវិនិយោគ និងសម្រួលការដឹកជញ្ជូនឆ្លងកាត់ ពិសេសការដឹកទៅកាន់កំពង់ផែប្រទេសវៀតណាមមានចម្ងាយជិត បើធៀបជាមួយកំពង់ផែខេត្តព្រះសីហនុ។
លោកបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលគួរវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីសម្រួលដល់ការដឹកជញ្ជូន និងទាក់ទាញអ្នកវិនិយោគមកកាន់ទីក្រុងនេះឲ្យបានកាន់តែច្រើន។ ការនៅជិតប្រទេសធំ និងមានការរីកចម្រើនជាងខ្លួននឹងធ្វើឲ្យប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីឥទ្ធិពលប្រទេសជិតខាងរបស់ខ្លួន»។
ក្រុងបាវិតជាផ្នែកមួយរបស់ខេត្តស្វាយរៀងដែលមានភូមិសាស្ត្រនៅជាប់ព្រំដែនប្រទេសវៀតណាម។ ទីនោះជាចំណុចឆ្លងកាត់ទំនិញដ៏ធំរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម៕