
រង្វង់មូលលោកតាដំបងគ្រញូងដែលស្ថិតនៅក្នុងក្រុងបាត់ដំបង។ ហុង មិនា
ជាមួយនឹងកត្តាប្រជាសាស្ត្រ និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរក្រុងបាត់ដំបងបានបន្តភាពលេចធ្លោជាងគេក្នុងសកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោងលំនៅឋាននានា។
អគ្គនាយកធនាគារស្រូវ និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងលោកឧកញ៉ា ភួ ពុយ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃចន្ទថាខេត្តបាត់ដំបងកំពុងមានការអភិវឌ្ឍច្រើន ដោយសារខេត្តនេះមានធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងហាងល្បីៗជាច្រើនបានមកបើកការិយាល័យនៅក្នុងទីក្រុងនេះ។
លោកឧកញ៉ាបានបន្តថាជាមួយនឹងភាពប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ និងតម្រូវការលំនៅឋានកើនឡើងលោកបានវិនិយោគគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីមួយលើផ្ទៃដីប្រមាណ ២០ ហិកតាស្ថិតនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកបន្តថា៖ «គម្រោងនេះផ្តោតលើការសាងសង់ផ្ទះសម្រាប់អ្នកមានជីវភាពមធ្យមដោយផ្ទះលក់ក្នុងតម្លៃចន្លោះពី ៣៤០០០ ទៅ ៦០០០០ ដុល្លារអាមេរិក»។ លោកបានបន្តថា៖ «យើងសាងសង់លំនៅឋានជាដំណាក់កាលៗតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណាលោកឧកញ៉ាមិនបានបញ្ជាក់ឲ្យដឹងពីទំហំទុនវិនិយោគក្នុងគម្រោងនេះទេ។
លោកឧកញ៉ា ភួ ពុយ បានបន្តថាគម្រោងនេះស្ថិតនៅជាប់នឹងផ្សារទំនើប ភួ ពុយ ដែលនៅជាប់ផ្លូវជាតិលេខ ៥ ជាតំបន់ដែលប្រជាពលរដ្ឋនៅតំបន់នេះស្គាល់ច្បាស់ជាងគេ និងជាតំបន់ដែលមានសកម្មភាពពាណិជ្ជកម្ម និងការកម្សាន្តជាប្រចាំ។
បច្ចុប្បន្នការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភូមិភាគពាយព្យ ពិសេសផ្លូវពីក្រុងបាត់ដំបង កាត់ស្រុកសំឡូតភ្ជាប់ទៅកាន់ខេត្តកោះកុង និងបណ្តាញផ្លូវដែកពីក្រុងប៉ោយប៉ែតមកក្រុងបាត់ដំបងនឹងបញ្ចប់នៅចុងឆ្នាំនេះ ខណៈដែលខ្សែរថភ្លើងពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណបានដំណើរការកាលពីថ្ងៃទី ៦ មេសាកន្លងមកនេះ។
លោកឧកញ៉ា ភួ ពុយ បានបន្តថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនឹងជួយជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ភូមិភាគពាយព្យកាន់តែច្រើននាពេលអនាគត ព្រោះកម្ពុជាដែលពឹងផ្អែកតែទីផ្សារប្រទេសជិតខាងពេលខ្លះមានការលំបាក ហេតុនេះប្រសិនបើហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានតភ្ជាប់គ្នា អ្វីៗនឹងមានភាពប្រសើរឡើងទាំងសកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍ។
ក្រុងបាត់ដំបងបច្ចុប្បន្នមានផ្សារក្នុងស្រុកជាច្រើនដូចជា ផ្សារថ្មី ផ្សារ ភួពុយ ផ្សារទំនើបបុរីថ្មី ផ្សារដើមដូង ជាដើម។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ការអភិវឌ្ឍខេត្តបាត់ដំបងមានភាពលេចធ្លោជាងបណ្តាខេត្តដទៃទៀត ប៉ុន្តែការអភិវឌ្ឍក្នុងខេត្តលឿន ឬយឺតអាស្រ័យលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ព្រោះហេដ្ឋារចនាសម្ព័ន្ធនឹងជួយដល់ការពង្រីកសកម្មភាពសេដ្ឋកិច្ច ហើយនៅពេលមានសកម្មភាពសេដ្ឋកិច្ចច្រើន ការអភិវឌ្ឍលំនៅឋានតម្លៃមធ្យមនឹងកើនឡើងមុនឈានទៅអភិវឌ្ឍលំនៅឋានប្រណីតនាពេលអនាគត។
លោកស្រីបានថ្លែងថា៖ «ខ្ញុំគិតថាភូមិភាគពាយព្យនៅត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យការអភិវឌ្ឍកាន់តែមានសកម្មភាពច្រើន ហើយគម្រោងលំនៅឋាននានានឹងមានសកម្មភាពកាន់តែច្រើន»។
នាយិកាក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Rachny Fong បានថ្លែងថាក្នុងចំណោមខេត្តភូមិភាគពាយ័ព្យ ខេត្តបាត់ដំបងមានភាពលេចធ្លោជាងគេក្នុងចំណោមខេត្តនៅភូមិភាគនេះដទៃទៀតដោយបច្ចុប្បន្នមានធនាគារមីក្រូហិរញ្ញវត្ថុ ហាងកាហ្វេល្បីៗបានចូលទៅកាន់ទីក្រុងនេះ។ អ្នកនាងបន្តថា ខេត្តបាត់ដំបងមានសក្តានុពលច្រើន ដោយសារសកម្មភាពអភិវឌ្ឍន៍ និងកត្តាប្រជាសាស្ត្រដែលមានចំនួនមនុស្សច្រើនរស់នៅក្នុងទីក្រុងនេះ។
លោកស្រីបន្តថា៖ «ខ្ញុំសង្កេតឃើញសកម្មភាពពាណិជ្ជកម្មមានភាពរីកចម្រើនច្រើននៅក្នុងខេត្តនេះ ហើយសកម្មភាពវិនិយោគលំនៅឋានក៏មានច្រើនផងដែរដោយមានបុរីជាច្រើនបានធ្វើឡើងនៅខេត្តនេះ»។
បើតាមលោកស្រី Grace Rachny Fong ការរីកចម្រើនស្ទើរគ្រប់វិស័យបានធ្វើឲ្យអចលនទ្រព្យនៅក្នុងក្រុងបាត់ដំបងកើនឡើងចន្លោះពី ៥ ទៅ ១០ ភាគរយក្នុងត្រីមាសទី ១ ឆ្នាំ ២០១៨ នេះបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ដីលំនៅឋានក្នុងក្រុងបាត់ដំបងមានតម្លៃចន្លោះពី ៧០ ទៅ ១២៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ តំបន់ពាណិជ្ជកម្មមានតម្លៃចន្លោះពី ១៥០០ ទៅ ២២០០ ដុល្លារ។
លោក អឿម សុខុម អភិបាលក្រុងបាត់ដំបងបានបដិសេធមិនអត្ថាធិប្បាយ៕