The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុគ្គលិក​បរទេស ​នឹង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​លំនៅឋាន​ក្នុង​ខេត្ត​អូសាកា

បុគ្គលិក​បរទេស ​នឹង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​លំនៅឋាន​ក្នុង​ខេត្ត​អូសាកា

Content image - Phnom Penh Post
ប្រធាន​ OPHC និង​ប្រធាន OFIE បង្ហាញ​កិច្ច​ព្រមព្រៀង​​ដែល​ចុះ​ហត្ថលេខា។ ANN

បុគ្គលិក​បរទេស ​នឹង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​លំនៅឋាន​ក្នុង​ខេត្ត​អូសាកា

ក្រុង​អូសាកាៈ ដើម្បី​ត្រៀម​ខ្លួន​​សម្រាប់​លំហូរ​ចូល​​បុគ្គលិក​កម្មករ​បរទេស​​ទៅ​ក្នុង​ប្រទេស​ ​ជប៉ុន ដែល​​​រំពឹង​ថា​នឹង​កើត​មាន កិច្ច​ប្រឹងប្រែង​នានា​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខេត្ត​អូសាកា ដើម្បី​​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ក្នុង​​ចំណោម​បញ្ហា​ប្រឈម​ធំៗ​ដែល​ជនជាតិ​បរទេស​ជួប​ប្រទះ ដែល​​​​នោះ​គឺ​ជា​ការ​ស្វែងរក​លំនៅឋាន​សម្រាប់​រស់នៅ។

សាជីវកម្ម​លំនៅឋាន​ខេត្ត​អូសាកា (OPHC) និង​មូលនិធិ​ដោះដូរ​អន្តរជាតិ​អូសាកា (OFIE) ថ្មី​នេះ​បាន​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​មួយ ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​លំនៅឋាន​សម្រាប់​​ជន​បរទេស​ក្នុង​ខេត្ត​អូសាកា ជា​ទី​ដែល​ចំនួន​ពលរដ្ឋ​បរទេស​បាន​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​សរុប​មាន​ចំនួន​ប្រហែល ២៣០ ០០០ នាក់ ​​ក្នុង​ឆ្នាំ ២០១៨។

ស្ថិត​ក្រោម​ភាព​ជា​ដៃគូ​នេះ OPHC នឹង​ដាក់​ដំណើរការ​អចលនទ្រព្យ​លំនៅឋាន​នានា​ រួម​ទាំង​ផ្ទះ​សម្រាប់​រស់នៅ​រួមគ្នា​ទៅ​ឲ្យ​​ក្រុមហ៊ុន​​ដែល​ជួល​ជនជាតិ​បរទេស ឬ​កម្មករ​បរទេស​ ដែល​មក​​​​ប្រឹក្សា​ជាមួយ​មូលនិធិ OFIE អំពី​លំនៅឋាន។

មូលនិធិ OFIE ក៏​ផ្តល់​ការ​គាំទ្រ​ផ្នែក​ភាសា​បរទេស​ផង​ដែរ ​សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​នានា និង​នីតិវិធី​ផ្លាស់ប្តូរ​ការងារ​ផ្សេងៗ។ សេវា​នេះ​មាន ១១ ភាសា ដូចជា ភាសា​​អង់គ្លេស ចិន អេស្ប៉ាញ និង​វៀតណាម។

គោលដៅ​ចុង​ក្រោយ​នៃ​ភាព​ជា​ដៃគូ​នេះ គឺ​ដើម្បី​បង្កើត​សហគមន៍​បរិយាប័ន្ន​ ជា​ទី​ដែល​ពហុ​​វប្បធម៌​បរទេស​កើត​មាន​រួមគ្នា​ប្រកប​ដោយ​សុខដុម។ ក្នុង​ន័យ​​នេះ ស្ថាប័ន​ទាំង​ពីរ​នេះ​មាន​បំណង​​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​វិញ​ទៅ​មក​អំពី​វប្បធម៌​ និង​ជីវិត​កម្សាន្ត​ផ្សេងៗ​រវាង​ជនជាតិ​ជប៉ុន និង​ជនជាតិ​បរទេស។

លោក Naohiro Tokaji នាយក​ប្រតិបត្តិ​មូលនិធិ OPHC បានប្រាប់​កាសែត Japan News​ ថា៖ «កិច្ច​សហ​​ប្រតិបត្តិការ​លំនៅឋាន​នេះ​ផ្តល់​ការ​គាំទ្រ​រូបិយ​ ខណៈ​ដែល​មូលនិធិ​ផ្តល់​ការ​គាំទ្រ​អរូបិយ​។ ការ​គាំទ្រ​ទាំង ​២ មាន​សារៈសំខាន់​ណាស់»។ លោក​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា មូលនិធិ​នឹង​ដើរ​តួនាទី​ជា​ស្ពាន​ឆ្លង​មួយ»។

កិច្ច​សហ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អន្តោប្រវេសន៍ និង​ទទួល​ស្គាល់​ជន​ភៀស​ខ្លួន បាន​ចូល​ធរមាន​នៅ​ខែ​មេសា ឆ្នាំ​នេះ។ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ប្រទេស ​ចិន ​ទទួល​យក​បុគ្គលិក​កម្មករ​បរទេស​បន្ថែម​ទៀត​ក្នុង​គ្រា​ដែល​មាន​កង្វះ​កម្លាំង​​ពលកម្ម​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​នេះ។

រដ្ឋាភិបាល​ជប៉ុន​រំពឹង​ថា​នឹង​ទទួល​យក​បុគ្គលិក​កម្មករ​បរទេស​ចំនួន ៣៤៥ ១៥០ នាក់ ​ក្នុង​រយៈពេល ៥ ឆ្នាំ ​ក្រោយ​ចាប់​ពី​ឆ្នាំ​សារពើពន្ធ​នេះ​ទៅ។ ទោះបី​ជា​យ៉ាង​ណា ការ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​​យក​លំហូរ​​ចូល​របស់​ជន​បរទេស​ទាំង​នេះ ហាក់​ដូចជា​មិន​ទាន់​បាន​​រួច​រាល់​នៅ​ឡើយ៕ ANN/KC

អត្ថបទគួរចាប់អារម្មណ៍