The Phnom Penh Post Search

Search form

បុរី និង​ផ្សារ​បន្លែ​ធម្មជាតិ​នៅ​ពោធិ៍សាត់​ជា​គម្រោង​ទី​ ២ ​បន្ទាប់ពី​បាត់ដំបង

Content image - Phnom Penh Post
ផ្ទៃដី​ដែល​នឹង​ត្រូវ​សាងសង់​ជា​បុរី​ផ្ទះល្វែង និង​ផ្សារ​បន្លែ​ធម្មជាតិ នៅ​ក្នុង​ក្រុង​ពោធិ៍សាត់។ រូបថត ភិរុណ ពៅ

បុរី និង​ផ្សារ​បន្លែ​ធម្មជាតិ​នៅ​ពោធិ៍សាត់​ជា​គម្រោង​ទី​ ២ ​បន្ទាប់ពី​បាត់ដំបង

អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​គម្រោង​អភិវឌ្ឍន៍​ផ្ទះល្វែង និង​ផ្សារ​បន្លែ​ធម្មជាតិ​គ្មាន​ជាតិ​គីមី​ដ៏ធំ​មួយ​នៅ​លើ​ទឹកដី​ខេត្ត​ពោធិ៍សាត់​បាន​ចាប់ផ្តើម​រំលេច​ចេញ​ជា​រូបរាង​តាមរយៈ​ការដ្ឋាន​សាងសង់​នៅ​លើ​ទំហំ​ដី​ជាច្រើន​ហិកតា​។

តាម​ការ​ផ្តល់​ព័ត៌មាន​ពី​វិនិយោគិន​គម្រោង​នេះ​គឺ​ស្ថិត​ក្នុង​ទំហំ​ធំ​ជាង​ផ្សារ​បន្លែ​ខេត្ត​បាត់ដំបង​ហើយ​គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

លោក​ឧកញ៉ា ភួ ពុយ ជា​ម្ទាស់​គម្រោង​សាងសង់​បុរី និង​ផ្សារ​បន្លែ​ធម្មជាតិ​នេះ​បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​យើង​មាន​ដី​អភិវឌ្ឍន៍​​ប្រហែល ៥០ ​ហិកតា​ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​ ៥។

គម្រោង​នេះ​កើតឡើង​ដោយសារ​កំណើន​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ល្អ និង​ផ្ទៃដី​ធ្វើ​កសិកម្ម​នៅ​តំបន់​នោះ​មាន​អំណោយផល​ដោយសារ​មាន​ប្រព័ន្ធ​ប្រឡាយ​ទឹក​ខ្វាត់ខ្វែង​ងាយ​ស្រួល​ដល់​ការ​ដាំ​ដំណាំ​ផ្សេងៗ និង​ធ្វើ​ស្រែ​ចម្ការ​» ​។

លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​យ៉ាង​ជឿជាក់​ថា​៖ «​យើង​នឹង​មាន​រៀបចំ​ក្រុម​បច្ចេកទេស​ត្រួតពិនិត្យ​តាំងពី​កន្លែង​ដាំ និង​កន្លែង​​លក់​ដើម្បី​ទប់ស្កាត់​ដំណាំ​ដែល​មាន​ជាតិគីមី ដូច្នេះ​យើង​គួរ​តែ​ចាប់ផ្តើម​ថ្មី​មុន​គេ​ទៅ​លើ​ការ​ពង្រឹង​គុណភាព​ដើម្បី​កាត់​​បន្ថយ​ការ​នាំ​ចូល​ (​កសិផល)»។

លោក​បាន​ឲ្យ​ដឹង​ថា​ក្នុង​បរិវេណ​ផ្ទៃដី​ជាង ៥០ ​ហិកតា​នេះ​គម្រោង​ទី​ ១ គឺ​សង់ផ្ទះ​ល្វែង​ប្រព័ន្ធ​រចនាសម្ព័ន្ធ​សាធារណៈ​រួម​ទាំង​ផ្លូវ​នៅ​លើ​ផ្ទៃដី ២៧ ​ហិកតា ជា​មុខ​សិន​។ ផ្សារ​លក់​ទំនិញ​ផលិតផល​ផ្សេងៗ និង​ផ្សារ​បន្លែ​ធម្មជាតិ​ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង ២ ​ហិកតា​ដែល​ជា​កន្លែង​សម្រាប់​ប្រជាកសិករ​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ទាំង​មូល​អាច​ចូល​មក​លក់​កសិផល​ដោយ​សេរី និង​មិន​ចំណាយ​ថវិការ​រយៈពេល ៥ ​ឆ្នាំ​ទៅ​លើ​ថ្លៃ​ឈ្មួល​ជួល​តូប​ទេ​គឺ​ដោយ​ការ​អនុគ្រោះ​រវាង​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​រ៉ែ​ជាមួយ​ឯកឧត្តម​អភិបាល​ខេត្ត និង​លោក​ឧកញ៉ា ភួ ពុយ ផ្ទាល់​តែ​ម្តង​។

គម្រោង​នោះ​ស្ថិត​ក្នុង​ភូមិ​ពោធិ៍តាគួយ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​ដែល​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ត្រូវ​បត់​ឆ្វេង​តែ​ចម្ងាយ ៥០ ​ម៉ែត្រ​ប៉ុណ្ណោះ​។

គម្រោង​សំណង់​ចម្រុះ​ទាំង​នេះ​កំពុង​សាងសង់​លើក​សរសរ​ផ្ទះល្វែង​បាន​រាប់រយ​ខ្នង​ហើយ និង​សំណង់​ផ្សារ​បន្លែ​ធម្មជាតិ​ក៏​កំពុង​លើក​ដែក រីឯ​ផ្សារ​លក់​ទំនិញ​នានា បាន​និង​កំពុង​ចាក់​បេតុង​គ្រឹះ​។ គម្រោង​នេះ​បាន​ចាប់ផ្តើម​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦ រហូត​ដល់​បច្ចប្បន្ន​នេះ​។

លោក​ឧកញ៉ា​បាន​ពន្យល់​ថា​៖ «​រាល់​ថ្ងៃ​នេះ​យើង​កំពុង​អនុវត្ត និង​សាងសង់​គម្រោង​បុរី ដែល​មិន​ទាន់​មាន​ការ​គិតគូរ​ពី​ចំណាយ​ជាក់លាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រោង​ដី ផ្លូវ និង​គ្រោង​ផ្សារ​ទាំង​នេះ​គឺ​ត្រូវ​បាន​វិនិយោគ​ជំហាន​ដំបូង​ប្រមាណ ៨ ​លាន​ដុល្លារ​រួច​ទៅ​ហើយ​»​។

Content image - Phnom Penh Post
ទិដ្ឋភាព​ក្រុង​ពោធិ៍សាត់​នៅ​តាម​ដង​ស្ទឹង​ពោធិ៍សាត់​។ រូបថត ភិរុណ ពៅ

ឥឡូវ​នេះ​បើ​មើល​តាម​ទីផ្សារ​គឺ​អ្នក​រស់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​គឺជា​អ្នក​ជាវ​ច្រើន​ដោយសារ​ទី​នេះ​ជា​តំបន់​ស្ថិត​នៅ​លើ​ទីតាំង​ល្អ និង​មាន​ផ្សារ​នៅ​ទី​នោះ​។ តាម​ការ​ផ្តល់​ព័ត៌មាន​ពី​លោក​ឧកញ៉ា​គឺ​គម្រោង​នេះ​នឹង​សាងសង់​ផ្ទះ​ល្វែង​រហូត​ដល់​រាប់ពាន់​ល្វែង​ហើយ​បច្ចុប្បន្ន​កំពុង​សាងសង់​ផ្ទះ​ជិត​ពីរ​រយ​ល្វែង​ទៅ​តាម​ដំណាក់កាល​របស់​ខ្លួន​។

លោក​បាន​បន្ត​ថា​សំណង់​ផ្ទះល្វែង​នៃ​បុរី​នេះ​ទាំងអស់​មាន​ពីរ​ជាន់ គឺ E0 និង E1 ដោយ​មាន​ទទឹង​ផ្ទះ​ទំហំ ៤ ​ម៉ែត្រ​ ២ ​តឹក​គុណ​នឹង​​ ១៨ ​ម៉ែត្រ​ជាមួយ​នឹង​ទីធ្លា​ខាង​មុខ​ផ្ទះ ៦ ​ម៉ែត្រ​សម្រាប់​ចត​ឡាន ផ្ទះ​ទាំង​នេះ​មាន​តម្លៃ​ចាប់ពី ៣ ​ម៉ឺន​ ៨ ​ពាន់​ដុល្លារ​រហូត​ដល់ ៥ ​ម៉ឺន ៨ ​ពាន់​ដុល្លារ​គឺ​វា​អាស្រ័យ​ទៅ​តាម​ប្លុកៗ​របស់​ផ្ទះ​នៅ​តាម​ទីតាំង​នីមួយៗ​។

លោក​បាន​បង្ហើប​ពី​គោលបំណង​នៃ​គម្រោង​អភិវឌ្ឍ​បុរី និង​ផ្សារ​ភួពុយ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ថា ទី​ ១-កន្លង​មក​ទឹកដី​ខេត្ត​ពោធិ៍សាត់​ មាន​ផ្សារ​តែ​មួយ​គត់​ដែល​ប្រជាពលរដ្ឋ​លក់ដូរ​ក្នុង​ផ្សារ​មួយ​មាន​លក្ខណៈ​តូច​ចង្អៀត​ពិបាក​លក់ និង​ពិបាក​ដល់​អ្នក​ដើរ​ទិញ​ទំនិញ​។ ទី​ ២-ការ​ពង្រើក​តំបន់​រស់​នៅក្នុង​ក្រុង​មិន​មាន​ដី​ធំ​ទូលាយ​ហើយ​មាន​តែ​នៅ​ទី​ឆ្ងាយៗ អ៊ីចឹង​ដើម្បី​សម្រួល​ដល់​បងប្អួន​អាច​រស់នៅ​ជិត​ក្រុង​ជាប់​ផ្សារ​យើង​ក៏​បាន​បំពេញ​តាម​តម្រូវការ​របស់​ពួកគាត់ និង​ទី​ ៣-ឯកឧត្តម​អភិបាលខេត្ត​ក៏​លោក​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​បង្កើត​ជា​ផ្សារ​បន្លែ​ធម្មជាតិ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​លក់​ហាល​ថ្ងៃ​ហាល​ភ្លៀង​មាន​កន្លែង​លក់ដូរ​ត្រឹមត្រូវ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​ប្រជាកសិករ​ក្នុង​ស្រុក ដែល​មាន​ដី​ដាំ​ដំណាំ បន្លែ​ធម្មជាតិ​ឲ្យ​ពួកគាត់​មាន​ទំនុក​ចិត្ត​ចំពោះ​ទីផ្សារ​។

លោក​បាន​បន្ថែម​ទៀត​ថា​នៅ​ពេល​ដែល​មាន​សំណង់​រីក​ដុះដាល​ច្រើន​នៅក្នុង​ខេត្ត​ប្រជាជន​ក៏ដូចជា​ប្រជាកសិករ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ដាំដុះ​ទ្វេរដង​ជំរុញ​ការ​អភិវឌ្ឍ និង​ការ​រក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ស្រុក​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

កាលពី​មុន​ខេត្ត​ពោធិ៍សាត់​ធ្លាប់​មាន​ការ​វិនិយោគ​សង់​ជា​បុរី​តូចៗ​ដែល​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត ប៉ុន្តែ​ឥឡូវ​នេះ​យើង​បាន​វិនិយោគ​លើ​ដី​ដែល​នៅ​ជាប់​ក្រុង​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន ជាពិសេស​អ្នក​ដែល​ចាប់​អារម្មណ៍​ទិញ​អចលនទ្រព្យ​។

បើ​ប្រៀបធៀប​ទៅ​នឹង​គ្រា​មុន​មាន​អ្នក​វិនិយោគ​ទុក​ដើម្បី​យក​ចំណេញ​ជាច្រើន ប៉ុន្តែ​ឥឡូវ​មាន​តែ​អ្នក​ត្រូវការ​ទិញ​ដើម្បី​រស់នៅ ដូច្នេះ​ការ​សាងសង់​សំណង់​ថ្មីៗ​ដែល​មាន​ស្តង់ដារ​គឺជា​តម្រូវការ​របស់​ប្រជាជន​ហើយ​តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​ដែល​នៅ​តាម​មាត់​ស្ទឹង​ក៏​មាន​ការ​កើន​តម្លៃ​ខ្ពស់​ផង​ដែរ​។

Content image - Phnom Penh Post
ប៉ាណូ​រូបភាព​បង្ហាញ​ពី​គម្រោង​ផ្សារ​បន្លែ​ធម្មជាតិ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់។ រូបថត ភិរុណ ពៅ

គួរ​បញ្ជាក់​ផង​ដែរ​ថា​គម្រោង​ផ្សារ​បន្លែ​ធម្មជាតិ​ដែល​មាន​ស្តង់ដារ​នេះ​គឺជា​គម្រោង​ផ្សារ​ទី​ ២ របស់​លោក​ឧកញ៉ា ភួ ពុយ ហើយ​គម្រោង​ផ្សារ​បន្លែ​ធម្មជាតិ​ទី​ ១ ដែល​បាន​សាងសង់ និង​ទទួល​បាន​ជោគជ័យ​តាំង​ពី​ឆ្នាំ​​ ២០០៨ គឺ​ស្ថិត​នៅ​ខេត្ត​បាត់ដំបង​ដែល​វា​ក្លាយ​ជា​បណ្តុំ​ចែកចាយ​បន្លែ​ធំ​ជាង​គេ​នៅ​ភូមិភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​។

បើ​លោក​អ្នក​ចង់​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់​ដែល​ជា​ខេត្ត​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ស្ថិត​តាម​ផ្លូវ​ជាតិ​លេខ​ ៥ នៃ​ចន្លោះ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​បាត់ដំបង​គេ​នឹង​ត្រូវ​ចំណាយ​រយៈពេល​ប្រមាណ​បី​ម៉ោង​នៅ​លើ​ចម្ងាយ​ផ្លូវ​ប្រហែល​​ ២០០ ​គីឡូម៉ែត្រ​។

យោង​តាម​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ចេញ​ផ្សាយ​កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៦ ​កន្លង​មក​បាន​រាយការណ៍​ថា​៖ លោក ចាប នាង អភិបាលក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​ក្រុង​ពោធិ៍សាត់​មាន​សង្កាត់​ចំនួន​ ៧ ស្មើនឹង ៦៦ ​ភូមិ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ៦០,000 ​នាក់៕

អត្ថបទគួរចាប់អារម្មណ៍