តាម​ព័ត៌មាន​ចចាម​អារ៉ាម​បាន​ឲ្យ​ដឹង​ថា អគារ​នេះ​គ្រោង​នឹង​ប្រើប្រាស់​ជា ខុនដូ ការិយាល័យ និង​ការិយាល័យ​កណ្តាល​ថ្មី​របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប​​

ជាមួយ​នឹង​បទពិសោធ​ដ៏ជោកជាំ ព្រម​ជាមួយ​នឹង​ការទទួល​បាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​ឆ្នើម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការលេចឮ​នូវ​ព័ត៌មាន​មួយ​ស្តីពី​ផែនការ​ក្នុង​ការ​អភិវឌ្ឍ​អគារ​ភ្លោះ​មួយ​ដែល​មាន​កម្ពស់​ជាង​ ២០ ​ជាន់​នៅក្នុង​ក្រុង​រណប ING City​។

រូបភាព​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម Facebook បាន​បង្ហាញ​នូវ​គម្រោង​អគារ​ខ្ពស់​មួយ​ដែល​មាន​កម្ពស់​ជាង​ ២០ ​ជាន់​ស្ថិត​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ​ផ្លូវ​ ៦០ ​ម៉ែត្រ​។

តាម​ព័ត៌មាន​ចចាមអារ៉ាម​បាន​ឲ្យ​ដឹង​ថា អគារ​នេះ​គ្រោង​នឹង​ប្រើប្រាស់​ជា ខុនដូ ការិយាល័យ និង​ការិយាល័យ​កណ្តាល​ថ្មី​របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប​។

តំណាង​​ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​បដិសេធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ស្តីពី​គម្រោង​នេះ​ដោយ​លោក​គ្រាន់​តែ​ប្រាប់ថា៖ «​នៅ​ពេល​ខាង​មុខ​ក្រុមហ៊ុន​ពិត​ជា​មាន​ផែនការ​ក្នុង​ការ​សាងសង់​អគារ​ខ្ពស់​នៅ​តាម​បណ្តោយ​ផ្លូវ​ ៦០ ​ម៉ែត្រ​នេះ​មែន តែ​ចំពោះ​ថា​អគារ​នោះ​នឹង​មាន​កម្ពស់​ប៉ុន្មាន មាន​ការ​រចនា​បែប​ណា ប្រើប្រាស់​សម្រាប់​ធ្វើអ្វី ឬ​ចាប់ផ្តើម​សាងសង់​ពេលណា​លោក​មិន​ដឹង​ច្បាស់​ទេ​។ នៅពេល​មាន​ព័ត៌មាន​ច្បាស់លាស់​ក្រុមហ៊ុន​នឹង​ធ្វើការ​ផ្សាព្វផ្សាយ​»​។

បុរី ប៉េង ហួត ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៥ គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​សំណង់​លំនៅឋាន​ក្នុង​កម្ពុជា​នាពេល​នេះ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន​ជាច្រើន​ដូចជា ក្រុមហ៊ុន បុរី ប៉េង ហួត អភិវឌ្ឍន៍​អចលនវត្ថុ ក្រុមហ៊ុន​បុរី ប៉េង ហួត សំណង់ និង​ក្រុមហ៊ុន បុរី ប៉េង ហួត ផ្សារទំនើប ជាដើម​។

បច្ចុប្បន្ន​នេះ​ទីស្នាក់ការ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ លេខ​ ៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​៕