The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៊ូយ៉ុង សែនសុខ តម្លៃ​ជិត​ $១០០ ​លាន​ចាប់ផ្តើម​បើក​លក់




ប៊ូយ៉ុង សែនសុខ តម្លៃ​ជិត​ $១០០ ​លាន​ចាប់ផ្តើម​បើក​លក់

Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​ការដ្ឋាន​សាងសង់ បុរី ប៊ូយ៉ុង សែនសុខ​។ រូបថត សហការី

ប៊ូយ៉ុង សែនសុខ តម្លៃ​ជិត​ $១០០ ​លាន​ចាប់ផ្តើម​បើក​លក់

ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន «​បុរី ប៊ូយ៉ុង សែនសុខ​» ដែលមាន​ទុនវិនិយោគ​ចន្លោះ​ពី ៩៥ ​ទៅ​ ១០០ ​លាន​ដុល្លារ​ ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​របស់​ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ​ខូ អិលធីឌី បាន​ចាប់ផ្តើម​បើក​លក់​ជា​ផ្លូវការ​ហើយ ខណៈ​ការសាងសង់​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២១ ខាងមុខ​។

ប៊ូយ៉ុង ខ្មែរ II ​ខូ អិលធីឌី ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ Booyoung Group ដែល​កំពុង​បណ្តាក់ទុន​វិនិយោគ​លើ​ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ខុនដូ​ជាច្រើន​អគារ​នៅ​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ជិត​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​។

លោក Choi Jun Young នាយក​គ្រប់គ្រង បុរី ប៊ូយ៉ុង សែនសុខ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ពុធ​ថា ប៊ូយ៉ុង សែនសុខ គឺជា​គម្រោង​ដំបូង​ដែល​ក្រុមហ៊ុន​វិនិយោគ​លើ​ការសង់​ផ្ទះ​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​នាំមក​នូវ​ការកែលម្អ​គុណភាព​នៃ​ការរស់នៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា​។

កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដោយឡែក​វិស័យ​អចលនទ្រព្យ ក៏​កំពុង​រីកចម្រើន​ខ្លាំង​ដែរ​នាពេលនេះ​។ លោក​បន្តថា គម្រោង​នេះ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​អំឡុង​ខែ​មីនា​ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បន្ត​បុកគ្រឹះ​អគារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​នូវ​កន្លែង​រស់នៅ​មួយ​ដ៏ល្អ​ប្រកប​ដោយ​ផាសុកភាព និង​មាន​សុវត្ថិភាព​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​នឹងចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន​នៅក្នុង​តំបន់​សែនសុខ​ទាំងមូល ខណៈ​បច្ចុប្បន្ន​តម្រូវការ​លំនៅឋាន​នៅក្នុង​តំបន់​កំពុងមាន​តម្រូវការ​ខ្ពស់​»​។

លោក​បន្ថែមថា ជាមួយ​នឹង​កំណើន​នៃ​តម្រូវការ​កន្លែង​ស្នាក់នៅ និង​ប្រាក់ចំណូល​របស់​ប្រជាជន​ខ្មែរ ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ​ក៏​មាន​ផែនការ​ក្នុង​ការបន្ត​វិនិយោគ​នៅ​ទីតាំង​ផ្សេងៗ​ទៀត​នាពេល​ខាង​មុខ​ផងដែរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន បុរី ប៊ូយ៉ុង សែនសុខ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ១១ ​ម៉ឺន​ម៉ែត្រក្រឡា ដោយ​មាន​លំនៅឋាន​សរុប ៧១៦ ដែល​រួម​មានផ្ទះ​ប្រភេទ​សប​ហៅស៍ ផ្ទះល្វែង វីឡា​ភ្លោះ វីឡា​ឃ្វីន និង​វីឡា​ឃីង​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ បាន​ប្រាប់ថា ទីតាំង​របស់ បុរី ប៊ូយ៉ុង មាន​ភាពល្អ​ប្រសើរ ព្រោះ​ស្ថិតនៅ​ជិត​ទីតាំង​សំខាន់ៗ​ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សាលារៀន​អន្តរជាតិ និង​ស្ថាប័ន​ការងារ​ជាច្រើន​។ ម្យ៉ាងទៀត​នៅពេល​នេះ​ក្នុង​ខណ្ឌ​សែនសុខ​ក៏​មិនសូវ​មាន​ដី​នៅ​ទំនេរ​ធំៗ​សម្រាប់​ការអភិវឌ្ឍ​គម្រោង​ធំៗ​បែបនេះ​ដែរ​។

លោក​អះអាង​ថា​៖ «​ជាមួយ​នឹង​សក្តានុពល​នៃ​ទីតាំង ខ្ញុំ​មាន​ជំនឿ​ថា គម្រោង​នេះ​នឹង​ងាយ​ទទួល​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​»​។

យោងតាម​លោក សុខនឿន បច្ចុប្បន្ន​ដី​ក្នុង​តំបន់​នោះ​មាន​តម្លៃ​ជា​មធ្យម ៨០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​មាន​តម្លៃ​ជាង ៣,៨៤ ​ពាន់​លាន​ដុល្លារ កើនឡើង ១៣,២៦ ​ភាគរយ ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ ​២០១៩៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។