ប្រជាពលរដ្ឋ​មូលដ្ឋាន​ស្ថិត​ក្នុង​ឃុំ​កណ្តោក ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល និង​អ្នក​មាន​អចលនទ្រព្យ​នៅ​ក្បែរៗ​ទីតាំង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ (​ថ្មី​) បាន​សម្តែង​នូវ​ក្តី​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ទាមទារ​តម្លៃ​ដីធ្លី​ទៅ​តាម​ការ​ចង់​បាន​របស់​ពួកគេ ខណៈ​អ្នក​ជំនាញ​អះអាង​ថា​ដីធ្លី​នៅ​ក្បែរ​ព្រលាន​យន្តហោះ​មិន​មាន​សក្តានុពល​ខ្លាំងក្លា​នោះ​ទេ​។

លោក ហេង ចាន់ មេឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល​បាន​ថ្លែង​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ថា​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ​បាន​ជួយ​ធ្វើឲ្យ​ដីធ្លី​ក្នុង​តំបន់​របស់​លោក​ហក់​ឡើង​មួយ​កម្រិត ប៉ុន្តែ​ប្រជាជន​រស់នៅ​តំបន់​នេះ​មិន​សូវ​មាន​ដី​ច្រើន​នោះ​ទេ ដោយ​ដី​ភាគច្រើន​ជា​ដី​របស់​ឧកញ៉ា និង​អ្នក​មាន​បណ្តា​បុណ្យ​ស័ក្តិធំ​។

លោក​បាន​បញ្ជាក់​ថា៖ «​យ៉ាង​ណា​ក៏​ខ្ញុំ​រីករាយ​ព្រោះ​បើ​មាន​ការ​សាងសង់​ព្រលាន​យន្តហោះ​នៅ​តំបន់​នេះ វា​នឹង​ជួយ​ផ្ដល់​ឱកាស​ការងារ​ជាច្រើន​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​ផង​ដែរ​»​។

ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក OCIC ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ដើម​ខែ​មករា​កន្លង​មក​។ គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នេះ​ស្ថិត​នៅ​លើ​ផ្ទៃដី​ ២៦០០០ ​ហិកតា និង​គ្រោង​បោះទុន​វិនិយោគ​សាងសង់​សរុប​ចំនួន​ ១៥០០ ​លាន​ដុល្លារ​អាមេរិក​។

លោក មាន សាវ៉ាត ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​កណ្ដោក​បាន​លើក​ឡើង​ថា លោក​មាន​ការ​រីករាយ​ដែល​បាន​ឮ​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នេះ​ដែល​វា​នឹង​ជួយ​ធ្វើឲ្យ​ដីធ្លី​របស់​ប្រជាជន​ក្នុង​តំបន់​ឡើង​ថ្លៃ ប៉ុន្តែ​សម្រាប់​លោក​ផ្ទាល់​គឺ​មាន​តែ​ដី​លំនៅឋាន​ប៉ុណ្ណោះ​មិន​មាន​សល់​ដី​សម្រាប់​លក់​នោះ​ទេ​។ ​

លោក​បាន​បន្ត​ថា ​​លោក​មិនដឹង​ពី​ហេតុផល​ពិតប្រាកដ​ដែល​នាំ​ឲ្យ​ដី​នៅ​តំបន់​នេះ​ឡើង​ថ្លៃ​នោះ​ទេ ហើយ​ប្រជាជន​ប្រហែល​ជា​គិត​ថា​តំបន់​នេះ​នឹង​មាន​ការ​អភិវឌ្ឍ​ខ្លាំង ទើប​ពួកគេ​ទាមទារ​តម្លៃ​ដី​របស់​ពួកគេ​ឡើង​ខ្ពស់​។

នៅ​ពេល​សាកសួរ​ពី​ទីតាំង​ពិតប្រាកដ​នៃ​ព្រលាន​យន្តហោះ​ថ្មី​លោក​ សាវ៉ាត បាន​ប្រាប់​ថា​លោក​មិន​ដឹង​ពី​ទីតាំង​នៅ​កន្លែង​ណា​ជាក់លាក់​នោះ​ទេ ហើយ​ក៏​មិន​បាន​ដឹង​ពី​ទីតាំង​នៅ​ជិត​ព្រលាន​យន្តហោះ​ដែល​នឹង​ត្រូវ​រង​ការ​រំខាន​ពី​សំឡេង និង​មិន​អាច​សាងសង់​អគារ​ខ្ពស់ៗ​បាន​នោះ​ទេ​។

ផែនទី​បង្ហាញ​ពី​ទីតាំង​ដែល​គ្រោង​នឹង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​។ រូបថត Post Staff

លោក​បាន​និយាយ​ថា៖ «​ខ្ញុំ​រំពឹង​ថា​ការ​សាងសង់​ព្រលាន​យន្តហោះ​នាពេល​ខាង​មុខ​នឹង​អាច​ជួយ​ផ្លាស់ប្ដូរ​ជីវភាព និង​ការ​រស់នៅ​បែប​ស្រុកស្រែ​របស់​អ្នក​នៅ​ទី​នេះ​ទៅ​កាន់​តំបន់​មួយ​ដែល​មាន​ការ​រីកចម្រើន និង​អភិវឌ្ឍ​លឿន​»​។

តាម​ប្រភព​មួយ​បាន​អះអាង​ថា​កាលពី​មុន​ដី​នៅ​តំបន់​នេះ​ ១ ​ម៉ែត្រការ៉េ មាន​តម្លៃ​ចន្លោះ​ពី​ ២-៣ ​ដុល្លារ ចំណែក​ដី​បឹង​អាច​មាន​តម្លៃ​ទាប​ជាង​នេះ តែ​នៅ​ពេល​នេះ​គេ​អាច​ទារ​បាន​ចន្លោះ​ពី​ ១៥ ​ទៅ​ ៣០ ​ដុល្លារ​។

ទោះ​ជា​យ៉ាង​ណា​លោក អ៊ុង ប៊ុនធឿន ​បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​ខ្លួន​ថា​ការ​ពិត​នៅ​ប្រទេស​ជឿនលឿន ដី​នៅ​ក្បែរ​ព្រលាន​យន្តហោះ​មិន​ឡើង​ថ្លៃ​ខ្ពស់​ឡើយ ហើយ​ពេល​ខ្លះ​ថែម​ទាំង​មាន​តម្លៃ​ទាប​ទៀត​ផង​។ ដី​នៅ​ក្បែរ​ព្រលាន​យន្តហោះ​គឺ​មិន​សូវ​មាន​តម្លៃ​ដូច​ដី​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​នោះ​ទេ ព្រោះ​នៅ​ជិត​ស្ថានីយ​រថភ្លើង​គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ និង​ទៅ​សាលារៀន​ជាដើម​។

លោក​បាន​លើក​នូវ​ហេតុផល​មួយ​ចំនួន​ដូចជា ទី​ ១ តំបន់​ជុំវិញ​ព្រលាន​យន្តហោះ​មាន​ហានិភ័យ​ខ្ពស់ ដែល​អាច​នឹង​កើតឡើង​ភ្លាមៗ ទី​ ២ មិន​អាច​សាងសង់​អគារ​ខ្ពស់ៗ​បាន ទី​ ៣ រំខាន​ដោយសារ​សំឡេង​ឡើង​ចុះ​របស់​យន្តហោះ ទី​ ៤ មិន​អាច​រកស៊ី​អ្វី​ជា​ដុំកំភួន​បាន ព្រោះ​នៅ​ពេល​ណា​ដែល​គេ​ធ្វើ​ព្រលាន​រួច​គេ​នឹង​ធ្វើ​របង​ព័ទ្ធ​ជុំវិញ និង​នៅ​ពេល​មាន​ភ្ញៀវ​មក​ដល់​ត្រូវ​ឡើង​ជិះឡាន ឬ​រថភ្លើង​ទៅ​កាន់​ទីក្រុង ទី​ ៥ បើ​ទិញ​ប៉ះ​ចំ​ដី​ព្រលាន​នោះ​លក់​មិន​បាន​តម្លៃ​ខ្ពស់​នោះ​ទេ​ដោយ​រដ្ឋ​អាច​ជា​អ្នក​កំណត់​តម្លៃ​ទិញ​លក់​ផង​ដែរ​។

លោក ប៊ុនធឿន បាន​បន្ត​ថា៖ «​ខ្ញុំ​ធ្លាប់​រស់នៅ​កៀក​ព្រលាន​យន្តហោះ ដូច្នេះ​ខ្ញុំ​យល់​ពី​រឿង​ទាំងអស់​នេះ​»​។

អ្នក​នាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​លោក ស៊ិន ចាន់សិរីវុត្ថា ​មាន​ប្រសាសន៍​ថា​ការពិត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ (​ថ្មី​) ​ដែល​គេ​គ្រោង​នឹង​សាងសង់​នោះ​មាន​ទំហំ​ដី​ជាង​ ៧០០ ​ហិកតា​ប៉ុណ្ណោះ​។ ចំណែក​ផ្ទៃដី​ដែល​កាត់​ចេញ​ពី​ចំណែក​នៃ​គម្រោង​ទាំងមូល​ (​ទំហំ​ ២៦០០០ ​ហិកតា​) គឺ​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅឋាន​នានា​ដែល​ក្រុមហ៊ុន​បាន​គ្រោង​ទុក​រួច​ហើយ​។

លោក​បន្ត​ថា៖ «​ការ​វិនិយោគ​ព្រលាន​យន្តហោះ​មិន​ផ្តល់​ផលចំណេញ​ទេ ដូច្នេះ​មាន​តែ​ការ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ជុំវិញ​ប៉ុណ្ណោះ ទើប​ក្រុមហ៊ុន​អាច​រក​ផល​ចំណេញ​បាន​»​។ លោក​បន្ត​ថា៖ «​គម្រោង​បែប​នេះ​គេ​ហៅថា Airport City ​ដែល​មាន​ភាព​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ជឿនលឿន​លើ​សកលលោក​»​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បាន​ប្រាប់​ថា​ការ​ទាមទារ​ឡើង​ថ្លៃ​ដីធ្លី​នៅ​គ្រប់​ទីកន្លែង​ជុំវិញ​បរិវេណ​ព្រលាន​នោះ​ជា​រឿង​មិន​សមស្រប ព្រោះ​បើ​ឡើង​គួរ​ឡើង​តែ​តំបន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ឬ​តំបន់​អាច​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បាន​។ អ្នកនាង​បន្ត​ថា​គម្រោង​នេះ​វា​ត្រូវការ​ពេលវេលា​នឹង​ចំណាយ​ពេល​ចន្លោះ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​ទៀត​ទើប​អាច​សាងសង់​បញ្ចប់​។

អ្នកនាង សុធីតា ថ្លែង​ថា៖ «​ទីតាំង​ជិត​ព្រលាន​យន្តហោះ​មិន​សូវ​សមស្រប​សម្រាប់​អភិវឌ្ឍ​លំនៅឋាន​ទេ​ដោយសារ​វា​មាន​សំឡេង​រំខាន​ពី​យន្តហោះ​ឡើង​ចុះ​»​។

អ្នកនាង​បន្ត​ថា​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នេះ​មាន​ទាំង​រឿង​វិជ្ជមាន និង​មិន​សូវ​វិជ្ជមាន​។ វិជ្ជមាន​ត្រង់​ថា​មាន​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ​ទឹក និង​អគ្គិសនី​ជាដើម ចំណែក​ផល​អវិជ្ជមាន​គឺ​តំបន់​ជុំវិញ​ព្រលាន​យន្តហោះ​នឹង​រង​ការ​រំខាន​ដោយសារ​សំឡេង​នៃ​ការ​ឡើង​ចុះ​នៃ​យន្តហោះ និង​មិន​អាច​សាងសង់​អគារ​ខ្ពស់ៗ​បាន​។