សម្ព័ន្ធ​ក្រុមហ៊ុនអាយ អេស អាយគ្រុប កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel​ បាន​រៀបចំ​ «វេទិកា​ឧស្សាហកម្ម​ដែក៖ ដាក់​ប្រទេស​កម្ពុជា ​នៅ​លើ​ផែនទី​ឧស្សាហកម្ម​ដែក​ពិភព​លោក»។

កម្ម​វិធី​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ​នូវ​វិស័យ​សំណង់​ទូទៅ និង​វិស័យ​សំណង់​ពាក់ព័ន្ធ​នឹង​គ្រោង​បង្គំ​ដែក​នៅ​ប្រទេស​កម្ពុជា និង​ការ​ពិចារណា​ទៅ​លើ​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​ក្នុង​ឧស្សាហកម្ម​ដែក។

ប្រទេស​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​វិស័យ​សំណង់​ក៏​​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ​។វេទិកា​​នេះ​នឹង​ត្រួត​ពិនិត្យ ព្រម​ទាំង​សិក្សា​អំពី​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​នៃ​ឧស្សាហកម្ម​ដែក និង​លទ្ធភាព​ក្នុង​ការ​ផលិត​ដែក​ក្នុង​ប្រទេស​កម្ពុជា។វេទិកា​នេះ​ក៏​មាន​ការ​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​អំពី​ខ្សែ​ចង្វាក់​នៃ​ការ​ផ្គត់ផ្គង់​និង​តម្លៃ​ក្នុង​តំបន់​ក៏​ដូចជា​ការ​ប្រើប្រាស់​ដែក​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​សំណង់ និង​រោងចក្រ​​នៅ​កម្ពុជា​ ផងដែរ។

លោក កាំង ឡេង អគ្គ​នាយក​សម្ព័ន្ធ​ក្រុមហ៊ុន អាយ អេស អាយ គ្រុប បាន​បញ្ជាក់​ថា វា​គឺ​ជា​ពេល​វេលា​ដ៏​ត្រឹមត្រូវ​​ក្នុង​ការ​រៀបចំ​វេទិកា​នេះ ព្រោះ​មាន​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ ទី ១ កត្តា​ស្ថិរភាព​នយោបាយដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​​រយៈពេល​ ២ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ទី ២ ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​​ឧស្សាហូបនីយកម្ម​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង «គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥» ដែល​មាន​ទិស​ដៅ​ក្នុ្ងង​ការ​នាំ​ប្រទេស​កម្ពុជា ​ឆ្ពោះ​ទៅ​កាន់​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម ដើម្បី​ក្លាយ​ជា​ឧស្សាហកម្ម​តម្លៃ​បន្ថែម​ខ្ពស់»។

វេទិកា​នេះ ​​មាន​ចូលរួម​ដោយ​ថ្នាក់​ដឹកនាំ​ប្រហែល​ ៣០០ ​នាក់​មក​ពី​ស្ថាប័ន​រាជ​រដ្ឋាភិបាល វិស័យ​ឯកជន​និង​ស្ថាប័ន​ ស្រាវជ្រាវ ហើយ​ក៏​មាន​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក និង​បរទេស​ផងដែរ។

ក្នុង​វេទិកា​នេះ មាន​កិច្ច​ពិភាក្សា​សំខាន់ៗ​ចំនួន​ ៣ ទី​ ១ ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​ដែក​ក្នុង​ប្រទេស​កម្ពុជា (អនាគត និង បញ្ហា​ប្រឈម) ​ទី ២ ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដែក​ក្នុង​តំបន់​អាស៊ាន (ឱកាស និង​បញ្ហា​ប្រឈម) និង​ទី​ ៣ ទិសដៅ​រីក​ចម្រើន​​សម្រាប់​ឧស្សាហកម្ម​ដែក​ក្នុង​ប្រទេស​កម្ពុជា​។

វេទិកា​នេះ ត្រូវ​បាន​សហការ​រៀបចំ​ដោយ​បុត្រ​សម្ព័ន្ធ​អាយអេស អាយគ្រុប​ចំនួន ៤ រួមមាន​ក្រុមហ៊ុន អាយអេស អាយ ស្ទៀល ក្រុមហ៊ុន Fuxin Steel Buildings ក្រុមហ៊ុន Chungkang Steels Structure Cambodia (CSSC) និង​ក្រុមហ៊ុន Mekong Materials Enterprise (MME)៕