ក្រុងហូជីមិញៈ ប្រទេស វៀតណាម បានក្លាយជាទីផ្សារសក្តានុពលមួយក្នុងវិស័យបដិសណ្ឋារកិច្ចក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ជាពិសេសក្នុងវិស័យសណ្ឋាគារ និងរមណីយដ្ឋានប្រណីតៗ។ នេះបើយោងតាមសន្និសីទកាលពីចុងខែមុននៅទីក្រុងហូជីមិញ។
សន្និសីទស្តីពីសណ្ឋាគារ និងរមណីយដ្ឋានជាសកលប្រចាំឆ្នាំលើកទី ២ នៅទីក្រុងហូជីមិញ មានអ្នកចូលរួមជិត ១០០ នាក់ដែលតំណាងឲ្យភ្នាក់ងាររបស់រដ្ឋ ក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនឌីហ្សាញ និងស្ថាបត្យករ និងក្រុមអ្នកផ្តល់ដំណោះស្រាយនៅទូទាំងពិភពលោក។
លោកស្រី Vanya Tran អគ្គនាយកក្រុមហ៊ុន Vietnam Resort Resort Pro (VHRPRO) និងជាប្រធានសន្និសីទនេះបានថ្លែងប្រាប់សារព័ត៌មាន Vietnam News នៅខាងក្រៅព្រឹត្តិការណ៍នេះថា វៀតណាមមានសក្តានុពលដ៏អស្ចារ្យ ប៉ុន្តែនៅខ្វះ «បទពិសោធ និងជំនាញវិជ្ជាជីវៈក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មលំដាប់ពិភពលោកក្នុងផ្នែកបដិសណ្ឋារកិច្ច»។
លោកស្រីថ្លែងថា៖ «ខ្ញុំជឿថា អ្វីដែលវិសេសបំផុតអំពីវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់វៀតណាម គឺទេសភាព ប្រជាពលរដ្ឋ និងម្ហូបអាហារ។ ទេសភាពនៅវៀតណាមពិតជាអស្ចារ្យណាស់ ហើយចំពោះម្ហូបអាហារវិញកាន់តែពិសេស»។
លោកស្រីបន្ថែមថា៖ «ការអនុវត្តបច្ចេកវិទ្យាទំនើបដូចជាទីផ្សារឌីជីថល ការគ្រប់គ្រងបដិសណ្ឋារកិច្ច និងការបណ្តុះបណ្តាលធនធានមនុស្សទាំងអស់នេះ គឺជាកូនសោរគន្លឹះនៅក្នុងការអភិវឌ្ឍ»។
លោកស្រីបានឲ្យដឹងទៀតថា ទំនាក់ទំនងកាន់តែប្រសើរក្នុងចំណោមក្រុមហ៊ុនបដិសណ្ឋារកិច្ច នឹងជួយបង្កើនខ្សែចង្វាក់មួយនេះឲ្យកាន់តែប្រសើរ។
លោក Tran Phu Cuong អគ្គនាយកនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋបាលទេសចរណ៍វៀតណាមបានកត់សម្គាល់ថា វៀតណាមកំពុងប្រកួតប្រជែងជាមួយប្រទេស ថៃ ដើម្បីឲ្យក្លាយទៅជាទិសដៅទេសចរណ៍ដ៏ល្អបំផុតមួយក្នុងតំបន់អាស៊ាន។
លោកថ្លែងថា៖ «ហេតុអ្វីបានប្រជែងជាមួយប្រទេសថៃ? ថៃស្ថិតក្នុងចំណោមប្រទេសអាស៊ានដែលចំនួនភ្ញៀវទេសចរអន្ដរជាតិទៅទស្សនាច្រើនបំផុត ដែលវាបានរួមចំណែកជួយដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានយ៉ាងច្រើន»។
ទោះបីជាមានភាពស្រដៀងគ្នាផ្នែកវប្បធម៌ និងទេសភាពធម្មជាតិក្តី ក៏ឧស្សាហកម្មទេសចរណ៍ថៃ មានការប្រកួតប្រជែងច្រើនជាងវៀតណាម។
លោក Cuong ថ្លែងថា៖ «វៀតណាមអាចរៀនសូត្របានច្រើនពីប្រទេស ថៃ ប៉ុន្តែយើងគួរតែរក្សាលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់យើង»។
លោកស្រី Lian Miew Ching នាយិកាក្រុមហ៊ុនរចនាប្លង់ CHIL Interior Design in Asia របស់សិង្ហបុរីបានថ្លែងថា លោកស្រីបានឃើញមានការរចនាប្លង់សណ្ឋាគារ និងរមណីយដ្ឋានស្អាតៗជាច្រើននៅវៀតណាម។
លោកស្រីបានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនក្នុងល្បឿនមួយយ៉ាងលឿនដែលមិនធ្លាប់មាន ជាពិសេសក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច»។
លោក Brenton Smith នាយកក្រុមហ៊ុនអូស្ត្រាលី Bates Smart ដែលផ្តល់នូវការរចនាស្ថាបត្យកម្មផ្ទៃក្នុង និងយុទ្ធសាស្ត្ររចនាទីក្រុងបានឲ្យដឹងថា វៀតណាមមានសក្តានុពលក្នុងការអភិវឌ្ឍ ការគ្រប់គ្រងគម្រោង ការវិនិយោគ និងស្ថាបត្យកម្ម និងការរចនាផ្ទៃក្នុង។
នៅឆ្នាំមុនអង្គការទេសចរណ៍ពិភពលោក UNWTO បានចាត់ចំណាត់ថ្នាក់វៀតណាមជាប់លេខ ៣ ក្នុងប្រភេទប្រទេសទិសដៅទេសចរណ៍ដែលកំពុងរីកលូតលាស់លឿនបំផុត។
អចលនទ្រព្យថ្មីលំដាប់ផ្កាយ ៤ និងផ្កាយ ៥ ជាង ១៥០ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការក្នុងប្រទេសនេះនៅឆ្នាំ ២០២០។
លើសពីនេះទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាព អឺរ៉ុប-វៀតណាម ដែលនឹងលុបពន្ធលើទំនិញចំនួន ៩៩ ភាគរយ រំពឹងថា នឹងបើកទីផ្សារសេវាកម្មវៀតណាមទៅដល់ក្រុមហ៊ុនអឺរ៉ុប និងជួយជំរុញវិស័យទេសចរណ៍រវាងភាគីទាំង ២។
យោងតាមស្ថិតិរបស់ការិយាល័យស្ថិតិទូទៅវៀតណាម ប្រទេសនេះទទួលបានភ្ញៀវទេសចរជិត ១៣ លាននាក់កាលពីឆ្នាំមុនកើនឡើង ២៩,១ ភាគរយធៀបទៅនឹងឆ្នាំ ២០១៦៕ ANN/NS