
លោក ច្រឹក សុខនីម (ឆ្វេង) ផ្តល់បទសម្ភាសមុនពេលឡើងយន្តហោះទៅកាន់មីយ៉ាន់ម៉ា។ រូបថត សហការី
ភ្នំពេញៈ ប្រធានបទសំខាន់ៗចំនួន ៣ ដែលទាក់ទងនឹងដំណើរវិវឌ្ឍន៍នៃវិស័យអចលនទ្រព្យកម្ពុជានឹងត្រូវលើកយកបង្ហាញនៅក្នុងពិព័រណ៍ និងសន្និសីទ ARENA Convention & Expo 2019 (ACE 19) ក្នុងប្រទេស មីយ៉ាន់ម៉ា ដែលរៀបចំឡើងដោយបណ្តាញក្រុមអ្នកជំនាញអចលនទ្រព្យក្នុងតំបន់។ នេះបើយោងតាមការឲ្យដឹងរបស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។
ARENA គឺជាបណ្តាញនៃក្រុមអ្នកជំនាញអចលនទ្រព្យក្នុងតំបន់អាស៊ាន ដែលបច្ចុប្បន្នមានសមាជិកចំនួន ៨ ប្រទេសរួមមាន កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ដែលមានសមាជិកសរុបជាង ២០ ០០០ នាក់។
ព្រឹត្តិការណ៍ ARENA Convention & Expo 2019 នេះនឹងចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុងយ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលជាប្រធានដឹកនាំគណៈប្រតិភូកម្ពុជាជាង ៣០ រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ ARENA Convention & Expo 2019 បាននិយាយកាលពីម្សិលមិញថា ARENA គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយពីវិស័យអចលនទ្រព្យកម្ពុជាទៅអ្នកចូលរួម។
លោកថ្លែងថាតាមរយៈនេះកម្ពុជាមិនត្រឹមតែអាចទទួលបានបទពិសោធពីអ្នកជំនាញអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទាក់ទាញអ្នកវិនិយោគបរទេសឲ្យចូលមកវិនិយោគនៅកម្ពុជាផងដែរ។ លោកបន្ថែមថាដោយសារកម្មវិធីនេះនឹងមានអ្នកចូលរួមច្រើន ដូច្នេះលោកនឹងលើកយកប្រធានបទសំខាន់ៗចំនួន ៣ ទៅផ្សព្វផ្សាយឲ្យពួកគេដឹងពីភាពល្អប្រសើរ និងឱកាសក្នុងការចូលមកវិនិយោគនៅកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំនឹងនាំយកចំណុចសំខាន់ចំនួន ៣ ពីវិស័យអចលនទ្រព្យនៅកម្ពុជាទៅចែករំលែកនៅក្នុងពិធី ARE-NA នៅប្រទេសមីយ៉ាន់ម៉ា»។
ប្រធានបទដែលនឹងត្រូវលើកឡើងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ និងសន្និសីទក្នុងប្រទេស មីយ៉ាន់ម៉ា នេះរួមមាន ការអភិវឌ្ឍទីផ្សារអចលនទ្រព្យនៅក្នុងសម័យបច្ចេកវិទ្យាការចូលរួមរបស់បច្ចេកវិទ្យាក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ និងភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកបន្តថាតាមរយៈព្រឹត្តិការណ៍មួយនេះអ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗស្ដីពីវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅតំបន់ ជាពិសេសបានផ្សារភ្ជាប់ទំនាក់ទំនងដើម្បីស្វែងយល់ពីឱកាសនៃការចាប់ដៃសហការជាដៃគូជាមួយគ្នានៅក្នុងវិស័យមួយនេះ។
កាលពីឆ្នាំ ២០១៨ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំពិព័រណ៍ និងសន្និសីទនេះដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ ២៥ ខែ សីហា ឆ្នាំមុនដោយមានការចូលរួមរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ាន មកពីជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី អឺរ៉ុប និងអាមេរិក៕