ភ្នំពេញៈ ទិន្នន័យ​ពី​ស្ថានភាព និង​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​អាច​នឹង​ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដំណាច់ឆ្នាំ​ ២០២០ នេះ បន្ទាប់ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ Z1 Data Co.,LTD (Cambodia) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​ក្រុមហ៊ុន​មកពី​អាមេរិក theDevMasters​។ នេះ​បើ​យោងតាម​នាយក​ក្រុមហ៊ុន Z1 Data Co., LTD (Cambodia)​។

ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​កាលពី​ថ្ងៃ​ពុធ លោក ហ៊ឹម សីហា នាយក​ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ​ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ VTrust Appraisal Co., Ltd. ​បាន​ឲ្យ​ដឹងថា ខណៈ​វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុង​មានដំណើរ​វិវឌ្ឍន៍​ទៅមុខ​យ៉ាង​ល្អ និង​មាន​ភាព​កាន់តែ​មមាញឹក​នោះ ការប្រើប្រាស់​បច្ចេកវិទ្យា​បានក្លាយ​ជាការ​ចាំបាច់​ដើម្បី​អាច​គ្រប់គ្រង​ការងារ​ទាំងអស់នោះ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​ភាព​ឆាប់រហ័ស​។

លោក​បន្តថា កត្តា​នេះ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដ៏ធំ Artificial Intelligence (AI) នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែលជា​ទិន្ន័យ​មានគុណភាព និង​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​វិនិយោគិន​។ ប្រព័ន្ធ​ទិន្នន័យ​នេះ​ក៏​នឹង​ជួយ​ធ្វើការ​វិភាគ​ពី​និន្នាការ​អភិវឌ្ឍ​កន្លងមក បច្ចុប្បន្ន និង​ពេលអនាគត​ផងដែរ​។

លោក​ថ្លែងថា​៖ «​បញ្ញា​សិប្បនិម្មិត Artificial Intelligence (AI) នឹង​ជួយ​ពន្លឿន​ប្រតិបត្តិការ​ក្នុង​វិស័យ​អចលនទ្រព្យ​តាមរយៈ​ការកាត់បន្ថយ​ពេលវេលា​ដែល​តែងតែ​ធ្វើ​ដោយ​ដៃ ហើយ​បញ្ញា​សិប្បនិម្មិត​នេះ​ក៏បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​សម្រាប់​ដំណើរ​ការទិញ​លក់ និង​ប្រតិបត្តិការ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ផងដែរ​»​។

លោក​ប្រាប់​ទៀត​ថា ជាមួយ​នឹង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន theDevMasters លោក​សង្ឃឹម​ថា​ទិន្ន័យ​បច្ចុប្បន្នភាព​របស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) នឹង​អាច​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​នៅ​ចុងឆ្នាំ​ ២០២០ នេះ​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា ទិន្នន័យ​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹងត្រូវ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​ ២០២០ នេះ​។ ទិន្នន័យ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើប្រាស់​បាន​គ្រប់គ្នា គឺ​មិនមែន​សម្រាប់តែ​ភ្នាក់ងារ ឬ​បុគ្គលិក​របស់​ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ​ទេ​»​។

យោងតាម​លោក សីហា ការអភិវឌ្ឍ​ប្រព័ន្ធ​ទិន្នន័យ​ដោយ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ដែល​មាន​គុណភាព​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រតិបត្តិករ​ក្នុង​ទីផ្សារ​អចលនទ្រព្យ ម្ចាស់​អចលនទ្រព្យ ភ្នាក់ងារ​ទិញ លក់ ឬ​ជួល និង​រដ្ឋាភិបាល​ផងដែរ​។

ទោះយ៉ាងណា​លោក​មិនបាន​ផ្តល់ព័ត៌មាន​ពី​តម្លៃ​នៃ​ការប្រើប្រាស់ ឬ ការទាញយក​ទិន្នន័យ​ពី​ប្រព័ន្ធ​ដែល​ក្រុមហ៊ុន​កំពុង​រៀបចំ​នេះឡើយ​។

លោក Arshad Khan អគ្គនាយក​ក្រុមហ៊ុន theDevMasters បាន​ប្រាប់ថា theDevMasters គឺជា​ក្រុមហ៊ុន​ដែលមាន​ជំនាញ​ក្នុង​ការផ្តល់ ការបណ្តុះបណ្តាល និង​ការពិសោធ​ពី​វិទ្យាសាស្ត្រ​ទិន្នន័យ Machine Learning និង​វគ្គ​បណ្តុះបណ្តាល​នានា​ដែលមាន​កម្មវិធី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​។

លោក​បន្តថា កម្ពុជា​ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​មាន​ប្រជាជន​វ័យក្មេង​ច្រើន និង​មាន​ទីផ្សារ​អចលនទ្រព្យ​ល្អប្រសើរ​។

លោក​និយាយថា​៖ «​ភាពល្អប្រសើរ​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺជា​មូលហេតុ​ចម្បង​ដែល​ក្រុមហ៊ុន theDevMasters សម្រេច​ធ្វើ​កិច្ចសហការ​នេះ​»​។

theDevMasters គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ GBCS LLC ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ទិន្នន័យ​ដោយ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត Artificial Intelligence (AI)​។ TheDev Masters បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១២ ដែល​កាលពីមុន​ត្រូវបាន​ស្គាល់​ថា Codecamp5​។

លោក គុយ វ៉ាត ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Zillennium បាន​លើកឡើងថា បច្ចេកវិទ្យា​បាន​ចូលរួម​កាន់តែ​សំខាន់​ក្នុង​ការផ្តល់ព័ត៌មាន និង​គ្រប់គ្រង​ទិន្នន័យ​ពី​សកម្មភាព​ទីផ្សារ​អចលនទ្រព្យ​ដែលមាន​ទំហំ​កាន់តែ​ធំ និង​ស្មុគស្មាញ​ឡើងជា​រៀងរាល់ថ្ងៃ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ទិន្នន័យ​អ្វីមួយ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​»៕ LA