
សកម្មភាពនៃការឡើងវាយពុម្ភក្តារមុនពេលចាប់ផ្តើមចាក់សសរ។ ហុង មិនា
ការរីកចម្រើនដ៏ឆាប់រហ័សរបស់វិស័យសំណង់បានធ្វើឲ្យកម្ពុជាមានតម្រូវការកម្មករសំណង់កើនឡើងជារៀងរាល់ឆ្នាំ តែទោះបីយ៉ាងណាប្រាក់កម្រៃដែលកម្មករបម្រើការងារក្នុងវិស័យសំណង់ហាក់មិនបានកើនឡើងច្រើននោះទេនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បុរសវ័យ ២៤ ឆ្នាំម្នាក់ឈ្មោះ គីម ហុង ដែលបានចាកចេញពីស្រុកកំណើតនាខេត្តស្វាយរៀង ដើម្បីមកប្រកបមុខរបរជាកម្មករសំណង់នៅក្នុងរាជធានីភ្នំពេញតាំងពីដើមឆ្នាំ ២០១៥ បាននិយាយថាការងារជាកម្មករសំណង់ត្រូវទាមទារនូវការប្រើប្រាស់នូវភាពអត់ធ្មត់ ប្រើកម្លាំងខ្លាំង និងអាចមានគ្រោះថ្នាក់ការងារទៀតផង តែប្រាក់កម្រៃដែលទទួលបានមិនច្រើនដូចការធ្វើការងារផ្សេងនោះទេ។
លោកបានបន្តថា បើទោះបីជាលោកមានបទពិសោធរយៈពេលជាង ៣ ឆ្នាំហើយក៏ដោយក៏លោកមិនទទួលបានប្រាក់កម្រៃច្រើននោះដែរ។ ជារៀងរាល់ថ្ងៃលោកត្រូវធ្វើការងារចំនួន ៨ ម៉ោងក្នុងជំនាញជាអ្នករៀបឥដ្ឋការ៉ូ និងទទួលបានប្រាក់ចំណូល ៤៥០០០ រៀលក្នុង ១ ថ្ងៃ។ តែនៅពេលណាដែលការងារប្រញាប់ខ្លាំងលោកក៏ត្រូវធ្វើការងារថែមម៉ោងផងដែរ។
កម្លោះដែលបច្ចុប្បន្នកំពុងធ្វើការងារក្នុងការដ្ឋានសាងសង់បុរីមួយកន្លែងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យបាននិយាយថា៖ «នៅពេលចាប់ផ្តើមការងារសំណង់ដំបូងកាលពីឆ្នាំ ២០១៥ ខ្ញុំទទួលបានប្រាក់ចំណូល ១៨ ០០០ រៀលក្នុង ១ ថ្ងៃដោយការងារនាពេលនោះគឺជញ្ជូនឥដ្ឋ និងជួយលាយបេតុងសម្រាប់យកទៅរៀបឥដ្ឋ ឬរៀបជញ្ជាំង។ ការងារនៅពេលនោះគឺមានភាពនឿយហត់ខ្លាំង ព្រោះត្រូវធ្វើការក្រោមកម្តៅថ្ងៃជាច្រើនម៉ោងក្នុង ១ ថ្ងៃ»។
បើទោះបីជាបច្ចុប្បន្នលោកបានក្លាយជាអ្នកជំនាញរៀបឥដ្ឋការ៉ូ និងទទួលបានប្រាក់កម្រៃច្រើនជាងពេលចាប់ផ្តើមការងារដំបូងជាង ២ ដងហើយក៏ដោយក៏លោកនៅតែត្អូញត្អែរថា ប្រាក់ចំណូលដែលលោកទទួលបានប្រហែល ៣៤០ ដុល្លារក្នុង ១ ខែនាពេលនេះមិនអាចធ្វើឲ្យលោកសន្សំប្រាក់បានច្រើនសម្រាប់យកទៅជួយផ្គត់ផ្គង់គ្រួសារនៅស្រុកកំណើតនោះទេ ព្រោះលោកត្រូវចំណាយទៅលើអាហារអស់ច្រើនដែរ នេះមិនទាន់និយាយដល់ប្រាក់ដែលត្រូវចំណាយទៅលើការទិញថ្នាំសម្ភារប្រើប្រាស់ និងសម្រាប់ចូលរួមក្នុងកម្មវិធីមួយចំនួន។
លោកបានអះអាងថា៖ «ខ្ញុំទទួលបានប្រាក់ប្រចាំថ្ងៃកើនឡើង ដោយសារតែខ្ញុំមានជំនាញរៀបឥដ្ឋ ប្រសិនបើគ្មានជំនាញ ខ្ញុំគិតថាប្រាក់ប្រចាំថ្ងៃរបស់ខ្ញុំនាពេលនេះនឹងមិនលើសពី ២៥០០០ រៀលឡើយ»។
របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា នាដំណាច់ឆ្នាំ ២០១៧ កន្លងមកកម្រៃពលកម្មសម្រាប់កម្មករគ្មានជំនាញដែលបម្រើការងារក្នុងវិស័យសំណង់ទទួលបានប្រាក់ឈ្នួលចាប់ពី ៣៥០០០ រៀលទៅដល់ ៤០០០០ ក្នុង ១ ថ្ងៃកម្មករមានជំនាញ និងមេជាងទទួលបានថ្លៃចាប់ពី ៥០០០០ ទៅដល់ ៧៥០០០ រៀលចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀតក្នុង ១ ខែអាចទទួលបានបៀវត្សពី ៤០០-២៥០០ ដុល្លារក្នុង ១ ខែ។
ទាក់ទងចំនួនប្រាក់កម្រៃដែលកម្មករទទួលបានលោក គីមហុង ប្រាប់ថា ប្អូនប្រុសរបស់លោកដែលទើបតែមកពីស្រុកកាលពីដើមឆ្នាំកន្លងមក ហើយចូលធ្វើការក្នុងការដ្ឋានជាមួយលោក គឺទទួលបានប្រាក់ ២០០០០ រៀលប៉ុណ្ណោះក្នុង ១ ថ្ងៃ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនលើកទូរស័ព្ទ។
លោក ភូ សម្បត្តិ ជំនួយការនាយកក្រុមហ៊ុនអភិវឌ្ឍន៍ «ភ្នំពេញថ្មី» ដែលមានការដ្ឋានចំនួន ៣ កន្លែងកំពុងដំណើរការក្នុងរាជធានីភ្នំពេញបាននិយាយថាបច្ចុប្បន្នក្នុងការដ្ឋានទាំង ៣ ទីតាំងបានប្រើប្រាស់កម្មករក្នុង ១ ថ្ងៃប្រមាណ ៥០០ នាក់ដោយមានជាង ៩៥ ភាគរយជាជនជាតិខ្មែរ។ លោកបន្តថា បច្ចុប្បន្នកម្មករដែលគ្មានជំនាញ (ប្រើកម្លាំង) អាចទទួលបានកម្រៃក្នុង ១ ថ្ងៃចន្លោះពី ២៥០០០ ទៅ ៣០០០០ រៀលក្នុង ១ ថ្ងៃចំណែកកម្មករមានជំនាញ ឬមេជាងអាចទទួលបានកម្រៃក្នុង ១ ថ្ងៃចន្លោះពី ៤០០០០ ទៅ ៨០០០០ រៀល។ កម្មករដែលធ្វើការក្នុងក្រុមហ៊ុនរបស់លោកភាគច្រើនជាអ្នកមានជំនាញ ព្រោះសំណង់របស់បុរីភ្នំពេញតែងតែផ្តោតជាចម្បងទៅលើគុណភាព។ លោកបន្តទៀតថា ការងារដែលទទួលបានប្រាក់កម្រៃទាបភាគច្រើនគឺជាអ្នកសម្អាត ឬអ្នកបៀករ៉ងជាដើម។
លោក សម្បត្តិ បានប្រាប់ទៀតថា៖ «ការផ្តល់ប្រាក់កម្រៃ គឺអាស្រ័យទៅលើជំនាញ និងបទពិសោធការងារ។ សម្រាប់អ្នកមានជំនាញច្បាស់លាស់ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់នឹងផ្តល់នូវការលើកទឹកចិត្តជានិច្ច»។
បច្ចុប្បន្នក្រុមហ៊ុនបុរី ភ្នំពេញថ្មីក៏មានជួលអ្នកជំនាញបរទេសមកធ្វើការផងដែរពួកគេទាំងនោះភាគច្រើនមកពីប្រទេសវៀតណាម ចិន ថៃ និងម៉ាឡេស៊ី។ ក្រុមជនបរទេសដែលក្រុមហ៊ុនរបស់លោកជួលមក ពួកគេមិនស៊ីប្រាក់ឈ្នួលជាប្រចាំថ្ងៃ ឬខែនោះទេដោយពួកគេម៉ៅការងារនោះតែម្តងដូចជា រៀបចំសួន គ្រឿងឈើ ឬថ្មម៉ាប ជាដើម។
លោក ម៉េង ចំរើន ប្រធានគ្រប់គ្រងគម្រោងនៃការដ្ឋានសាងសង់គម្រោង Olympia City របស់ក្រុមហ៊ុន OCIC បានប្រាប់ថា កម្មករដែលកំពុងបម្រើការងារក្នុងគម្រោងរបស់លោកទទួលបានប្រាក់ចាប់ពី ២០០០០ ទៅ ៤០០០០ រៀលក្នុង ១ ថ្ងៃ។ អ្នកដែលទទួលបានប្រាក់ ២០០០០ រៀលក្នុង ១ ថ្ងៃអាចនិយាយជាអ្នកដែលប្រើប្រាស់កម្លាំងភាគច្រើនដែលមានដូចជាជញ្ជូនឥដ្ឋ បៀករ៉ង និងបោសសម្អាតជាដើម រីឯអ្នកទទួលបាន ៤០០០០ រៀលគឺជាមេជាង។ ចំណែកវិស្វករ និងស្ថាបត្យករអាចទទួលបានពី ៣០០-១០០០ ដុល្លារក្នុង ១ ខែ។ ប្រាក់កម្រៃកម្មករនៅឆ្នាំនេះមានការកើនឡើងតិចតួចបើធៀបទៅនឹងឆ្នាំមុន។
ទាក់ទងទៅនឹងការប្រើប្រាស់កម្មករបរទេសលោក ចំរើន បានប្រាប់ថា ក្នុងការដ្ឋានគម្រោង Olympia City មានប្រើប្រាស់កម្មករស្ទើរតែ ១០០ ភាគរយជាជនជាតិខ្មែរ តែក៏មានប្រើអ្នកបច្ចេកទេសជនជាតិចិនផងដែរ ដោយតាមលោកដឹងពួកគេទទួលបានប្រាក់ខែចាប់ពី ៧០០០-២៥០០០ ដុល្លារក្នុង ១ ខែ។
លោកបានបញ្ជាក់ថា៖ «នៅការដ្ឋាន Olympia City ក៏មានអ្នកជំនាញជនជាតិចិនធ្វើការផងដែរ ដោយពួកគេទាំងនោះធ្វើការក្នុងគម្រោងផ្នែកខ្លះដែលក្រុមហ៊ុនរបស់ពួកគេទទួលម៉ៅធ្វើតែប៉ុណ្ណោះ»។
បើតាមលោក ចំរើន សម្រាប់ការដ្ឋានរបស់លោកដែលពេលនេះកំពុងប្រើប្រាស់កម្មករប្រមាណ ២០០០ នាក់ក្នុង ១ ថ្ងៃហាក់មិនមានជួបប្រទះបញ្ហាកង្វះកម្មករនោះទេ លើកលែងតែនៅពេលរដូវប្រមូលផលចូលមកដល់។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលថ្មីៗនេះបានបង្ហាញថាជាមធ្យមវិស័យសំណង់នៅកម្ពុជាបានបង្កើតការងារសម្រាប់ប្រជាជនខ្មែរចន្លោះពី ២៥៥០០០ ទៅដល់ ២៦០០០០ នាក់ក្នុង ១ ថ្ងៃ។ សម្រាប់ក្នុងរាជធានីភ្នំពេញមានតម្រូវការកម្មករប្រមាណពី ១២៥០០០-១៦០០០០ នាក់ដែលស្មើ ៥០ ភាគរយទូទាំងផ្ទៃប្រទេស។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ តម្រូវការកម្មករក្នុងប្រទេសគិតជាមធ្យមមានប្រមាណពី ១៨០០០០-១៨៥០០០ នាក់ក្នុង ១ ថ្ងៃ។
ទន្ទឹមនឹងការរីកចម្រើននៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នខេត្តព្រះសីហនុក៏គេសង្កេតឃើញមានគម្រោងថ្មីៗកើតឡើងជាច្រើនផងដែរ។ គម្រោងភាគច្រើននោះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនមកពីប្រទេសចិន និងមានការប្រើប្រាស់អ្នកជំនាញការជនជាតិចិនផងដែរ។
លោក នន ធីម អ្នកជំនាញវិស័យអចលនទ្រព្យ និងសំណង់នៅខេត្តព្រះសីហនុ បាននិយាយថាការងារក្នុងវិស័យសំណង់នៅខេត្តព្រះសីហនុពិតជាកើនឡើងច្រើនទាំងសំណង់បែបលំនៅឋាន សណ្ឋាគារ និងកាស៊ីណូ ជាដើម។ ទន្ទឹមនឹងការកើនឡើងនេះគេក៏សង្កេតឃើញនៅតាមការដ្ឋានមួយចំនួនមានប្រើប្រាស់កម្មករបរទេសផងដែរ។ គម្រោងដែលវិនិយោគដោយជនជាតិចិនតែងតែប្រើប្រាស់អ្នកជំនាញមកពីប្រទេសចិនតែម្តង។
លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្ននៅខេត្តព្រះសីហនុមានក្រុមអ្នកជំនាញជនជាតិចិនជាច្រើនកំពុងធ្វើការនៅទីនោះ។ អ្នកទាំងនោះភាគច្រើនជាមេការវិស្វករ ឬស្ថាបត្យករ»។
បើតាមលោក នន ធីម កម្មករខ្មែរដែលបម្រើការងារក្នុងវិស័យសំណង់នៅក្នុងខេត្តព្រះសីហនុទទួលបានប្រាក់ជាប្រហែល ៣៥០០០ រៀលក្នុង ១ ថ្ងៃខណៈកម្មករចិនលោកមិនមានព័ត៌មានទេ។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈីកម្ពុជា បាននិយាយថាបើទោះបីជាវិស័យសំណង់នៅកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មច្រើនក៏ដោយ ក៏អ្នកបម្រើការងារក្នុងវិស័យនេះ (កម្មករសំណង់) ហាក់នៅមិនទាន់ទទួលបានប្រាក់សមរម្យសម្រាប់យកទៅដោះស្រាយជីវភាពនោះទេ។
លោកបានបន្តថា តាមការស្រាវជ្រាវរបស់លោករកឃើញថាបច្ចុប្បន្នប្រាក់កម្រៃសម្រាប់កម្មករសំណង់នៅកម្ពុជាទាបបំផុតមានចាប់ពី ១៦០០០ រៀលទៅ ២០០០០ រៀល ខណៈច្រើនបំផុតមានជិត ៤០០០០ រៀល។ បើនិយាយជារួមពួកគេអាចទទួលបានប្រាក់ប្រចាំថ្ងៃប្រហែល ៣០០០០ រៀល។
លោក សុខ គីន អះអាងថា៖ « ប្រាក់កម្រៃសម្រាប់កម្មករសំណង់នៅកម្ពុជានៅតែមានកម្រិតទាបប្រសិនបើធៀបទៅនឹងប្រាក់កម្រៃដែលទទួលបាននៅប្រទេសថៃ ដែលអាចទទួលបានប្រហែល ១០-១២,៥ ដុល្លារក្នុង ១ ថ្ងៃ»។
បើតាមលោក សុខ គីន ទន្ទឹមនឹងការទទួលបានប្រាក់កម្រៃទាបនោះ កម្មករបម្រើការងារក្នុងវិស័យសំណង់នៅកម្ពុជា ក៏មិនទទួលបាននូវប្រាក់រ៉ាប់រងមួយចំនួនដូចក្នុងវិស័យមួយចំនួនទៀតនោះទេ៕