ភ្នំពេញៈ ផ្ទៃក្រឡា​កន្លែង​ជួល​លក់រាយ (The total areas of retail) ក្នុង​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ មាន​ចំនួន ៣២៦ ០០០ ​ម៉ែត្រការ៉េ កើនឡើង ៤ ​ភាគរយ​ បើ​ធៀប​នឹង​ដំណាច់ឆ្នាំ​ ២០១៩ កន្លងមក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

របាយការណ៍​ដែល​ភ្នំពេញប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​ ២០២០ នៅ​រាជធានីភ្នំពេញ​មាន​ទីតាំង​សម្រាប់​ជួល​លក់ទំនិញ​នៅ​តាម​ផ្សារ​ទំនើប ឬ​អគារ​ធំៗ​សរុប ២៣ ដែល​ស្មើនឹង​ផ្ទៃក្រឡា​សរុប ៣២៦ ០០០ ​ម៉ែត្រការ៉េ កើន​ពី​ចំនួន ៣១៤ ០០០ ​ម៉ែត្រការ៉េ កាលពី​ចុងឆ្នាំ​ ២០១៩​។ ក្នុង​នោះ​ផ្ទៃក្រឡា​របស់ Shopping Mall មាន​ចំនួន ៥១ ​ភាគរយ Shopping Center មាន​ចំនួន ២៥ ​ភាគរយ Community Mall មាន ១៤ ​ភាគរយ និង Retail Podium មាន​ ១០ ​ភាគរយ​។

សម្រាប់​ផ្ទៃក្រឡា​មិន​ប្រើប្រាស់​មាន​ប្រមាណ ១០,២ ​ភាគរយ​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ពី ១០,៦៣ ​ភាគរយ​កាលពី​ចុងឆ្នាំ​ ២០១៩​។

ការសិក្សា​នោះ​ក៏​រកឃើញ​ដែរ​ថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ កន្លែង​ជួល​លក់​ទំនិញ​ប្រភេទ Prime Shopping Mall មាន​តម្លៃ​ជួល​ជា​មធ្យម ២៨,៤៦ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ សម្រាប់​រយៈពេល​ ១ ​ខែ ធ្លាក់ចុះ ១២ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​ចុងឆ្នាំ​ ២០១៩, ប្រភេទ Prime Retail Podium មាន​តម្លៃ ២៦,០៣ ​ដុល្លារ ធ្លាក់ ១៣ ​ភាគរយ និង​ប្រភេទ Community Mall មាន​តម្លៃ ២២,២៣ ​ដុល្លារ​ធ្លាក់ចុះ ៤ ​ភាគរយ ខណៈ​ប្រភេទ Prime High Street មានតម្លៃ ២៦,២៣ ​ដុល្លារ កើនឡើង ១ ភាគរយ​។

កញ្ញា គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ មិនបាន​ធ្វើ​ឲ្យ​ទីផ្សារ​អគារ​ជួល​លក់រាយ​មាន​សកម្មភាព​ខ្លាំងក្លា​ទេ ខណៈ​មាន​គម្រោង​ចំនួន​ ៣ បានប្រកាស​ពន្យារពេល​ក្នុង​ការចាប់ផ្តើម​កាលពី​ដើម​ឆ្នាំ​ ២០២០​។ កញ្ញា​បន្តថា ទោះយ៉ាងណា​គេ​សង្កេតឃើញ​ថា​ស្ថានភាព​នៃ​ទីផ្សារ​នេះ​ហាក់​មាន​ភាពល្អប្រសើរ​វិញ​ជា​បន្តបន្ទាប់​ចាប់ពី​ត្រីមាស​ទី​ ២ មក​។

កញ្ញា​អះអាង​ថា​៖ «​ជាមួយ​នឹង​ភាព​ធូរស្បើយ​ពី​ក្តីបារម្ភ ការឆ្លង​ជំងឺ​កូវីដ​ ១៩ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា នៅ​ចុង​ឆ្នាំ​ ២០២០ នេះ​ទីផ្សារ​កន្លែង​ជួល​លក់រាយ​នឹង​មាន​ដំណើរការ​ល្អ​ឡើងវិញ​ជា​លំដាប់​»​។

លោក សៅ សាខុំ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Cambodian Estate Alliance CEA Co., Ltd. បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការរីករាលដាល​ជំងឺ​កូវីដ​១៩ ដែល​តម្រូវ​ឲ្យ​កាត់បន្ថយ​គម្លាត​សង្គម និង​ការធ្លាក់ចុះ​ប្រាក់​ចំណូល​របស់​ប្រជាជន ព្រម​ជាមួយ​នឹង​ភាពច្រើន​លើសលប់​នៃ​ចំនួន​ទីតាំង​បាន​ធ្វើឲ្យ​កន្លែង​ជួល​លក់ទំនិញ​មិនសូវ​មាន​ទីផ្សារ​ល្អ​ឡើយ ពិសេស​តំបន់​ពាណិជ្ជកម្ម​នៅ​កណ្តាល​ក្រុង​។

លោក​បន្តថា ជាក់ស្តែង​ពេល​ថ្មីៗ នេះ​គេ​ឃើញ​នៅតាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ទីតាំង​ជួល​មួយ​ចំនួន​ត្រូវ​បាន​ទុក​ទំនេរ​ចោល​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​បញ្ហា​ដែល​កើតមាន​ខ្លាំង​នៅពេល​នេះ​គឺ​នៅ​ចំណុចកណ្តាល​ក្រុង ដោយ​ទីតាំង​សម្រាប់​ជួល​លក់ទំនិញ​មួយចំនួន​មិនមាន​ការប្រើប្រាស់​នោះទេ​»​។

ទោះ​យ៉ាងណា​លោក​បញ្ជាក់ថា ទីផ្សារ​នេះ​អាច​នឹង​មាន​ភាពល្អ​ឡើង​វិញ​នៅពេល​ដែល​កំណើន​សេដ្ឋកិច្ច​មាន​សម្ទុះ​ឡើងវិញ ជាពិសេស​បន្ទាប់ពី​ពិភពលោក​អាច​មាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩​។

តាម​ការព្យាករ​របស់ CBRE Cambodia នៅមុន​ដំណាច់​ឆ្នាំ​ ២០២០ នេះ​នឹងមាន​អគារ​ជួល​លក់រាយ ៣ ​ទីតាំង​បន្ថែមទៀត​បើក​ដំណើរការ​ដោយ​នឹងមាន​ផ្ទៃក្រឡា​សរុប​ជិត ៥០ ០០០ ​ម៉ែត្រការ៉េ​៕ LA