ភ្នំពេញៈ ផ្ទៃក្រឡាទីតាំងជួលលក់រាយក្នុងរាជធានីភ្នំពេញបានកើនឡើងជាង ១១ ភាគរយ នៅឆ្នាំ ២០១៩ បើធៀបនឹងដំណាច់ឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃពុធបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ក្នុងរាជធានីភ្នំពេញមានទីតាំងជួលលក់រាយសរុបចំនួន ១៩ អគារដោយមានផ្ទៃក្រឡាសរុប ៣១៤ ០០០ ម៉ែត្រការ៉េ កើនឡើង ១១,១១ ភាគរយ ធៀបនឹងដំណាច់ឆ្នាំ ២០១៨ ដែលមានតែ ១៤ អគារ ស្មើនឹងផ្ទៃក្រឡាសរុប ២៨២ ៥៨០ ម៉ែត្រការ៉េ។
អគារលក់រាយដែលបានបញ្ចប់ការសាងសង់ និងដាក់ដំណើរការនៅក្នុងឆ្នាំ ២០១៩ មានដូចជា ផ្សារទំនើប The Olympia Mall ផ្សារទំនើប Chip Mong Mall នៅផ្លូវនរោត្តម និងផ្សារទំនើប Midtown mall នៅផ្លូវ ២០០៤។
របាយការណ៍នេះបានឲ្យដឹងទៀតថា ការកើនឡើងផ្ទៃក្រឡានេះបានទាញទម្លាក់អត្រាប្រើប្រាស់ពីចំនួន ៩១ ភាគរយ នៃទំហំសរុបនៅដំណាច់ឆ្នាំ ២០១៨ ឲ្យមកនៅត្រឹម ៨៩ ភាគរយ នៅដំណាច់ឆ្នាំ ២០១៩។ ចំណែកតម្លៃជួលមានការប្រែប្រួលតិចតួចបំផុត ដោយបច្ចុប្បន្នទីតាំងប្រភេទ Prime Shopping Mall មានតម្លៃជាមធ្យម ៣២,២៥ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េក្នុង ១ ខែ ប្រភេទ Prime Retail Podium មានតម្លៃ ២៩,៨៣ ដុល្លារ ប្រភេទ Community Mall មានតម្លៃ ២៣,០៥ ដុល្លារ និងប្រភេទ Prime High Street ថ្លៃ ២៦,៥ ដុល្លារ។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បាននិយាយថា ទីតាំងជួលលក់រាយគឺជាទីផ្សារបែបថ្មីនៅកម្ពុជា ដោយវាបានផ្លាស់ប្តូរពីទីផ្សារបែបប្រពៃណីទៅជាទីផ្សារលក់រាយលំដាប់អន្តរជាតិចាប់ពីឆ្នាំ ២០១៤ គឺនៅពេលការមកដល់របស់ផ្សារទំនើបជប៉ុន Aeon Mall។ លោកស្រីបន្តថា និន្នាការនេះបានផ្លាស់ប្តូរមុខមាត់ទីតាំងលក់រាយនៅកម្ពុជា និងបានទាក់ទាញម៉ាកយីហោលក់រាយល្បីៗជាច្រើនចូលមកកម្ពុជា។
លោកស្រីថ្លែងថា៖ «ការផ្គត់ផ្គង់បន្ថែមនេះនឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងហើយវានឹងជះឥទ្ធិពលដល់អត្រាប្រើប្រាស់ដែលត្រូវការពេលបន្ថែមទៀតដើម្បីស្រូបយកចំណែកទីផ្សារ»។
ការសិក្សាមួយរបស់ក្រុមហ៊ុន CBRE បានរកឃើញថា តាមផែនការនៅដំណាច់ឆ្នាំ ២០២០ នេះនឹងមានការបញ្ចប់ការសាងសង់ទីតាំងលក់រាយចំនួន ២០ គម្រោង។ ទោះជាយ៉ាងណា លោកស្រី សុធីតា បានអះអាងថា ផ្អែកតាមបទពិសោធក្នុងវិស័យនេះអាចនឹងមានការពន្យារពេលការបញ្ចប់ការសាងសង់គម្រោងខ្លះក្នុងចំណោមគម្រោងទាំងនេះ។
គម្រោងទាំង ២០ នេះរួមមាន Community Mall ចំនួន ១១ ទីតាំង Prime Retail Podiums ៥ ទីតាំង និង Shopping Malls ចំនួន ៤ ទីតាំង ដោយមានផ្ទៃក្រឡាសរុបជាង ២៦១ ៧៤៦ ម៉ែត្រការ៉េ។
លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KW សែនសុខបាននិយាយថា តម្រូវការកន្លែងលក់រាយនឹងនៅតែមានកម្រិតខ្ពស់ជាបន្តទៀតនៅក្នុងរាជធានីភ្នំពេញ ពិសេសតំបន់នៅជាយក្រុងដែលកំពុងមានគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ច្រើន។ លោកបន្តថា ជាមួយគ្នានេះកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាជនក៏ជាមូលហេតុសំខាន់មួយដែលធ្វើឲ្យចរន្តនៃតម្រូវការប្រើប្រាស់ទំនិញកើនឡើងផងដែរ។
លោកថ្លែងថា៖ «តម្រូវការកន្លែងលក់រាយនឹងកើនឡើងបន្ថែមទៀត ដរាបណាការរីកចម្រើននៃទីក្រុងនៅតែបន្តទៅមុខ»។
ខណៈបច្ចុប្បន្នអគារលក់រាយមានច្រើននៅតំបន់មួយចំនួនរួចទៅហើយនោះ លោក សុខនឿន បានព្យាករថាអគារលក់រាយនឹងអាចលេចឡើងច្រើននៅតំបន់ផ្លូវជាតិលេខ ៥ និងលេខ ៦ ក្នុងពេលឆាប់ៗនេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនៅឆ្នាំ ២០១៩ ក្រសួងបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ៤ ៤៤៦ គម្រោង ដែលមានតម្លៃប្រមាណ ៩ ៣៥៣ លានដុល្លារ៕ LA