
ទិដ្ឋភាពនៅក្នុងផ្សារទំនើប Aeon Mall II កាលពីចុងខែឧសភាកន្លងទៅនេះ។ ហុង មិនា
ភ្នំពេញ:ទីតាំងលក់រាយចំនួន ១១ ត្រូវគេរំពឹងថា នឹងបើកដំណើរការក្នុងរាជធានីភ្នំពេញនាឆ្នាំ ២០១៨ នេះដែលធ្វើឲ្យផ្ទៃអគារសម្រាប់លក់ទំនិញរាយក្នុងឆ្នាំនេះកើនឡើងដល់ប្រហែល ៣៧ ម៉ឺនម៉ែត្រការ៉េ ខណៈកាលពីចុងឆ្នាំ ២០១៧ មានប្រមាណត្រឹម ២២ ម៉ឺនម៉ែត្រការ៉េប៉ុណ្ណោះ។ នេះបើតាមអ្នកជំនាញរបស់ក្រុមហ៊ុន CBRE Cambodia។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia កាលពីថ្ងៃម្សិលមិញបាននិយាយថាបច្ចុប្បន្ននេះការវិនិយោគទៅលើទីតាំងលក់រាយនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ដោយក្នុងឆ្នាំនេះនឹងមានទីតាំងលក់រាយប្រហែល ១១ នឹងបើកដំណើរការ។ ការកើនឡើងដ៏ឆាប់រហ័សនាពេលនេះគឺដោយសារប្រាក់ចំណូលរបស់ប្រជាជនខ្មែរកើនឡើងស្របពេលដែលតម្រូវការកន្លែងកម្សាន្ត និងសម្ភារប្រើប្រាស់ទំនើបៗកើនឡើងផងដែរ។
លោកស្រីបានថ្លែងថា៖ «ការវិនិយោគលើផ្សារទំនើបជាការវិនិយោគដែលអាចនឹងទទួលបានផលចំណេញច្រើន តែវាទាមទារឲ្យអ្នកវិនិយោគសិក្សាឲ្យបានច្បាស់លាស់ និងចេះបត់បែនតាមបរិបទទីផ្សារ»។ លោកស្រីបន្ថែមថា៖ «ទោះបីយ៉ាងណាការវិនិយោគនេះក៏ត្រូវទាមទារឲ្យមានការរៀបចំឡើងវិញផងដែរក្នុងរយៈពេល ១០ ឆ្នាំដើម្បីបំពេញតម្រូវការថ្មីៗរបស់អតិថិជន»។
ទីតាំងលក់រាយដែលគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំនេះមានដូចជា Midtown Community Mall, The Bridge Commercial, Downtown 93, The Park, Noro Mall, Prince Central Plaza, និង Olympia Plaza Mall ជាដើម។
លោក សែ វិចិត្រ នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃ Eden Garden ដែលជាទីតាំងលក់រាយស្ថិតក្នុង Phnom Penh City Center បាននិយាយថាបើទោះបីជាមិនទាន់បានបើកសម្ពោធជាផ្លូវការក៏ដោយ ក៏កន្លែងរបស់លោកមានអតិថិជនជួលអស់ហើយ។ Eden Garden គឺជាទីតាំងលក់រាយដែលនឹងអាចទាក់ទាញបានអតិថិជនជាច្រើន ហើយគ្រោងនឹងបើកសម្ពោធក្នុងឆ្នាំ ២០១៨ នេះ។
លោកបានបន្តថា៖ «ដោយសារស្ថិតនៅលើទីតាំងដ៏ល្អ Eden Garden ត្រូវបានអតិថិជនជួលអស់ទាំងស្រុងតែម្តង។ ការវិនិយោគលើកន្លែងលក់ទំនិញ រាយ អាចនឹងងាយទទួលបានជោគជ័យ ប្រសិនបើមានទីតាំងសមស្រប និងមានការរចនាស្រស់ស្អាត»។
របាយការណ៍របស់ CBRE Cambodia ដែលបានផ្សព្វផ្សាយកាលពីពេលកន្លងមកបានព្យាករថា គិតត្រឹមដំណាច់ឆ្នាំ ២០១៨ នឹងមានទីតាំងលក់រាយប្រហែល ២៩ ភាគរយស្ថិតក្នុងខណ្ឌសែនសុខ ២៦ ភាគរយ ក្នុងខណ្ឌចំការមន ១៩ ភាគរយក្នុងខណ្ឌទួលគោក ១៣ ភាគរយក្នុងខណ្ឌច្បារអំពៅ ៦ ភាគរយក្នុងខណ្ឌដូនពេញ និងខណ្ឌមានជ័យ និង ១ ភាគរយក្នុងខណ្ឌ ៧ មករា។
លោក នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisals បាននិយាយថាការលេចឡើងជាបន្តបន្ទាប់នៃផ្សារទំនើបនាពេលនេះវាបានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើនរបស់កម្ពុជាទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងកំណើនភ្ញៀវទេសចរ។ ទីតាំងលក់រាយអាចនិយាយថាជាតម្រូវការដ៏ចាំបាច់សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។ លោកបានបន្តថាសេដ្ឋកិច្ចរីកចម្រើន ផ្សារនឹងកើតឡើងច្រើនទៅតាមនោះដែរ។
លោកបានថ្លែងថា៖ «ការបើកទីតាំងលក់រាយនេះវាជាសញ្ញាដ៏ល្អសម្រាប់កម្ពុជា។ ខ្ញុំមិនមានការព្រួយបារម្ភពីភាពលើសតម្រូវការនោះទេ ដោយនៅពេលខាងមុខចំនួនទីតាំងលក់រាយនឹងកើនឡើងច្រើនបន្ថែមទៀតនៅប្រទេសកម្ពុជា»។
បើតាមលោក នួន រិទ្ធី ទីតាំងលក់រាយធំៗនៅកម្ពុជាភាគច្រើនត្រូវបានវិនិយោគដោយវិនិយោគិនបរទេស។
បច្ចុប្បន្ននេះមានគម្រោងសាងសង់ ទីតាំងលក់រាយជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ដែលមានដូចជា PH Eco Mall និង Diamond របស់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីប៉េងហួតហើយថ្មីៗនេះក៏មានដំណឹងថាផ្សារទំនើបជប៉ុន Aeon Mall ទី ៣ ក៏គ្រោងនឹងបើកសាខាមួយទៀតនៅក្នុងទីក្រុងរណប ING ដែលស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញផងដែរ៕LA