ក្រុងឡុងដ៍ៈ សេដ្ឋីផ្នែកអចលនទ្រព្យរបស់ចិនជិតនឹងបំបែកកំណត់ត្រាតម្លៃលំនៅឋានរបស់ទីក្រុងឡុងដ៍ជាមួយនឹងការទិញផ្ទះថ្មដែលមាន ៤៥ បន្ទប់នៅសង្កាត់ Knightsbridge ក្នុងតម្លៃ ២១០ លានផោន (២៧៥ លានដុល្លារអាមេរិក)។
អ្នកនាំពាក្យ ១ រូបបានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានតាមអ៊ីមែលមួយថា ការិយាល័យគ្រួសារឯកជនរបស់លោក Cheung Chung Kiu បានយល់ព្រមក្នុងការទិញផ្ទះដូចវិមានដែលមានឈ្មោះថា 2-8a Rutland Gate ដែលអាចមើលឃើញឧទ្យាន Hyde Park។
កិច្ចព្រមព្រៀងនេះនឹងជាចំណុចចាប់អារម្មណ៍មួយសម្រាប់ទីផ្សារអចលនទ្រព្យប្រណីតដែលជិតស្លាប់របស់ទីក្រុងនៅចក្រភពអង់គ្លេស និងជាសញ្ញាមួយដែលបង្ហាញថា សេដ្ឋីលំដាប់ពិភពលោកកំពុងត្រូវបានទាក់ទាញដោយតម្លៃប្រាក់ផោនដែលធ្លាក់ថ្លៃ ដោយសារតែការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបខិតជិតមកដល់។
យោងតាមប្រភពដឹងពីការជួញដូរនេះដែលស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារលក្ខខណ្ឌមិនទាន់មានជាសាធារណៈនៅឡើង តម្លៃលក់ត្រូវបានកំណត់ ២១០ លានផោន។ វានឹងជាកិច្ចព្រមព្រៀងធំជាងគេមិនធ្លាប់មានសម្រាប់លំនៅឋានមួយនៅចក្រភពអង់គ្លេសដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងទឹកប្រាក់ ១៤០ លានផោនដែលតាមការរាយការណ៍បានចំណាយសម្រាប់ការទិញលំនៅឋានជនបទមួយកន្លែងនៅតំបន់ Oxfordshire កាលពីជិត ១ ទសវត្សរ៍មុន។
កិច្ចព្រមព្រៀងនេះគ្រោងនឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយវានឹងក្លាយជាជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ច្រើនបំផុតនៅទូទាំងពិភពលោក ដែលច្រើនជាងទឹកប្រាក់ ២៣៨ លានដុល្លារដែលលោក Ken Griffin ជាស្ថាបនិកក្រុមហ៊ុនមូលនិធិការពារហានិភ័យ Citadel បានចំណាយកាលពីឆ្នាំមុនដើម្បីទិញអាផាតមិនជាន់ដំបូល (penthouse) នៅតំបន់ Manhattan សហរដ្ឋអាមេរិក។
មិនមានសេចក្ដីសម្រេចចិត្តនៅឡើយទេថា តើអចលនទ្រព្យនេះនឹងនៅតែរក្សាជាផ្ទះទោលដដែល ឬត្រូវប្រែក្លាយទៅជាអាផាតមិនប្រណីត។ ផ្អែកតាមតម្លៃលក់សម្រាប់គម្រោង Peninsula London នៅក្បែរនោះការអភិវឌ្ឍអគារនេះឡើងវិញណាមួយដែលបានប្រែក្លាយជាអាផាតមិនអាចមានតម្លៃ ៧០០ លានផោន។ នេះបើយោងតាមអ្នកនាំពាក្យ។
លោក Cheung គឺជាស្ថាបនិក និងប្រធានក្រុមហ៊ុន CC Land Holdings Ltd ដែលជាក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីនៅផ្សារហ៊ុនក្រុងហុងកុងដែលភាគច្រើនវិនិយោគនៅភាគខាងលិចប្រទេសចិន និងមានសកម្មភាពនៅចក្រភពអង់គ្លេសចាប់តាំងពីឆ្នាំ ២០១៦។
នៅចក្រភពអង់គ្លេស ក្រុមហ៊ុន CC Land ល្បីបំផុតខាងការទិញអគារខ្ពស់កប់ពពក « Cheesegrater » ដែលកាលពីមុនត្រូវបានស្គាល់ថាជាអគារ Leadenhall Bui-lding នៅសង្កាត់ហិរញ្ញវត្ថុរបស់ទីក្រុងឡុងដ៍។ ការទិញលក្ខណៈឯកជននៃលំនៅឋាននៅតំបន់ Knightsbridge នេះមានក្រុមហ៊ុន Beauchamp Estates ជាឈ្មួញជើងសា។
អចលនទ្រព្យនេះដែលមានទីតាំងនៅជិតអាផាតមិន One Hyde Park ដែលជាលំនៅឋានប្រណីតដែលល្បីបំផុតរបស់ទីក្រុងឡុងដ៍ និងផ្សារទំនើប Harrods គឺជាធ្លាប់ជាលំនៅឋានរបស់លោក Rafic Hariri ជាអតីតនាយករដ្ឋមន្ដ្រីប្រទេសលីបង់ដែលត្រូវបានគេសម្លាប់កាលពីឆ្នាំ ២០០៥។ វាក៏បានបម្រើជាព្រះរាជដំណាក់ទីក្រុងឡុងដ៍របស់ព្រះអង្គម្ចាស់ Sultan bin Abdulaziz Al Saud ដែលជាអតីតរាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ។
លោក Elie Chamat សហស្ថាបនិកក្រុមហ៊ុន Decisive Wealth ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិរបស់ប្រទេសស្វ៊ីសដែលគ្រប់គ្រងអចលនទ្រព្យតំណាងឲ្យអ្នកទទួលមរតករបស់អតីតរាជទាយាទដែលបានទទួលមរណភាពហើយនោះបានឲ្យដឹងថា ការលក់នេះបង្ហាញថា ក្រុមវិនិយោគិនកំពុងមានបំណងភ្នាល់លើការបង្កើនតម្លៃអចលនទ្រព្យ និងការស្ទុះងើបឡើងវិញនៃតម្លៃប្រាក់ផោន។
លោកបានឲ្យដឹងតាមអ៊ីមែលថា កិច្ចព្រមព្រៀងនេះគឺគួរឲ្យកត់សម្គាល់ «ជាពិសេសដូចដែលយើងដឹងថា តើទីផ្សារលំនៅឋានតម្លៃខ្ពស់ខ្លាំងមានភាពពិបាកយ៉ាងណា?»។
ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងឡុងដ៍មិនបានឆ្លើយតបនឹងការស្នើសុំការអត្ថាធិប្បាយនោះទេ។
ផ្ទះកម្ពស់ ៧ ជាន់ និងមានពណ៌សនេះមានផ្ទៃរស់នៅទំហំ ៥ ៧៦០ ម៉ែត្រការ៉េ ដែលធំជាងតារាងបាល់ទាត់អាមេរិកជាង ៧ ភាគរយ។ អគារនេះសាងសង់នៅក្នុងទសវត្សរ៍ឆ្នាំ ១៨៣០ សម្រាប់ធ្វើជាផ្ទះទីក្រុង (townhouses) ចំនួន ៤ ប៉ុន្តែនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ ផ្ទះទាំង ៤ នេះត្រូវបានកែលម្អទៅជារាជវាំងឯកជន។ ផ្ទះនេះមានបន្ទប់ធំជាច្រើនមានបង្អួចដែលគ្រាប់កាំភ្លើងបាញ់មិនធ្លុះ ជណ្តើរយន្តឯកជនមួយចំនួនអាងហែលទឹក កន្លែងហាត់ប្រាណ និងស្ប៉ាឯកជន និងចំណតរថយន្តក្រោមដី៕ LA