ការបើក​ដំណើរការ​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ​នៃ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ដើម​ខែ​មេសា​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ផែនការ​ជួសជុល​ឡើង​វិញ​នូវ​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ និង​ទំនិញ​តាមរយៈ​ខ្សែ​រថភ្លើង​នា​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​។ ផ្លូវដែក​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​ចំណែក​យ៉ាង​ច្រើន​នៅក្នុង​ការជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ពិសេស​ក្នុង​ក្រុង​ប៉ោយប៉ែត​។

ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ផ្លូវដែក​រវាង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃទី​​ ៤ ខែ​មេសា​ឆ្នាំ​ ២០១៨ ថា «​សេវា​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​គម្រោង​របស់​យើង​ក្នុង​ការ​ស្តារ​ផ្លូវ​រថភ្លើង​ឡើងវិញ​តែ​ប៉ុណ្ណោះ​។ ជំហាន​បន្ទាប់​យើង​នឹង​ត្រូវ​ភ្ជាប់​ទៅ​កាន់​ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ភ្ជាប់​ទៅ​កាន់​រាជធានី​ភ្នំពេញ​»​។

បើ​តាម​លោក​រដ្ឋមន្ត្រី​ផ្លូវ​រថភ្លើង​ពី​ក្រុង​សិរីសោភ័ណ​ទៅ​កាន់​ក្រុង​បាត់ដំបង​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែ​មេសា​នេះ ហើយ​ការតភ្ជាប់​ទៅ​ខេត្ត​ពោធិ៍សាត់​នឹង​រួចរាល់​ក្នុង​ខែ​ឧសភា ចំណែក​ទៅ​កាន់​រាជធានី​ភ្នំពេញ​នឹង​រួចរាល់​នៅ​ចុង​ឆ្នាំ​ ២០១៨ នេះ​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កាលពី​ថ្ងៃទី​ ២០ ខែ​មេសា ឆ្នាំ​ ២០១៨ បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ដែល​ប្រកាស​ថា​នៅ​ដើម​ខែ​ឧសភា​នេះ​ខ្សែ​រថភ្លើង​រវាង​ក្រុង​ប៉ោយប៉ែត និង​បាត់ដំបង​នឹង​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​។

បន្ទាប់ពី​ការសាងសង់​ឡើង​វិញ​រួចរាល់​ជា​ស្ថាពរ​ការ​ដឹកជញ្ជូន​ទំនិញ​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ថៃ​នឹង​មាន​ភាព​កាន់​តែ​មាន​ភាពប្រសើរ​បន្ថែម​ទៀត​។

ទោះ​ជា​យ៉ាង​ណា​បើ​តាម​លោក ស៊ុន ចាន់ថុល ការពិភាក្សា​អំពី​ការរៀបចំ​តភ្ជាប់​ផ្លូវ​រថភ្លើង​នៅ​ចំណុច​ព្រំដែន​នាពេល​នេះ​មិន​ទាន់​បាន​រួចរាល់​នោះ​ទេ​។

ការបើក​ដំណើរការ​ផ្លូវ​ដែក​នេះ​មិន​ត្រឹម​តែ​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ឲ្យ​មាន​ទំហំ​កាន់​តែ​ធំ​ថែម​ទៀត​។ ចំណែក​វិស័យ​អចលនទ្រព្យ​ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​ខ្សែ​រថភ្លើង​ឆ្លងកាត់​ក៏​នឹង​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​។

ស្ថានីយ​រថភ្លើង​ក្រុង​សិរីសោភ័ណ​។ រូបថត សហការី

លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន​និយាយ​ថា​ផ្លូវដែក​នឹង​ជួយ​កែលម្អ​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​បង្កើន​ល្បឿន​កំណើន​ពាណិជ្ជកម្ម​។

លោក​មាន​ប្រសាសន៍​ថា៖ «​ការបើក​ឡើង​វិញ​នូវ​ផ្លូវដែក​រវាង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ​នឹង​ជួយ​កាត់​បន្ថយ​ការចំណាយ​លើ​ការធ្វើ​ដំណើរ និង​គ្រោះថ្នាក់​ចរាចរណ៍​ព្រម​ទាំង​ជួយ​ពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​ទីក្រុង​ប៉ោយប៉ែត​បាន​យ៉ាង​ច្រើន​។ វិស័យ​អចលនទ្រព្យ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​ផ្នែក​ពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​ទីក្រុង​នេះ​»​។

ខណៈ​បច្ចុប្បន្ន​នេះ​ការស្ថាបនា និង​ការកែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត​កំពុង​មាន​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​រលូន​នោះ​បាន​ធ្វើឲ្យ​អចលនទ្រព្យ​នៅ​តំបន់​ជិត​កាស៊ីណូ​មាន​តម្លៃ​ប្រហែល​ ១០០០ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រការ៉េ​។

របាយការណ៍​ស្រាវជ្រាវ​ចុង​ឆ្នាំ​ ២០១៧ របស់​ក្រុមហ៊ុន CL Realty បាន​ឲ្យ​ដឹងថា​ដី​នៅ​តំបន់​ពាណិជ្ជកម្ម​តាម​បណ្តោយ​ផ្លូវធំ​ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​តម្លៃ​ចន្លោះ​ ៥០០-១០០០ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រការ៉េ ចំណែក​ដី​ឧស្សាហកម្ម និង​ដី​លំនៅឋាន​ធម្មតា​មាន​តម្លៃ​ពី​ ១០០-៥០០ ​ដុល្លារ​។

ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិសេស​ម្ចាស់​ដី​មាន​សុទិដ្ឋិនិយម​ថា ការតភ្ជាប់​ផ្លូវដែក​នេះ​នឹង​ធ្វើឲ្យ​សកម្មភាព​ពាណិជ្ជកម្ម និង​ការវិនិយោគ​មាន​កាន់តែ​ច្រើន​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ដោយ​នឹង​មាន​រោងចក្រ​ច្រើន​ថែម​ទៀត​មក​បើក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ទីក្រុង​នេះ​។

ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ​។ រូបថត ហ៊ឹន ពិសី

លោក សុខ វុត្ថា ដែល​ជា​ម្ចាស់​ដី​ ១ ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​បាន​និយាយ​ថា ផ្លូវ​រថភ្លើង​នឹង​ធ្វើឲ្យ​អចលនទ្រព្យ​របស់​គាត់​កាន់តែ​មាន​ហាងឆេង​ល្អ​។ លោក​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​រីករាយ​ណាស់​ដែល​រាជរដ្ឋាភិបាល​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​នៅ​ទីនេះ​។ ខ្ញុំ​ជឿ​ថា​ប្រការ​នេះ​នឹង​ទាក់ទាញ​រោងចក្រ និង​ប្រជាជន​កាន់តែ​ច្រើន​ឱ្យ​មក​ធ្វើការ​នៅ​ប៉ោយប៉ែត ហើយ​ជា​លទ្ធផល​តម្លៃ​អចលនទ្រព្យ​របស់​ខ្ញុំ​នឹង​កើនឡើង​បន្ថែម​ទៀត​»​។

នាយកប្រតិបត្តិ​ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត លោក សន សៀប បាន​និយាយ​ថា លោក​មិន​រំពឹង​ថា​ផ្លូវដែក​រវាង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ​នឹង​មាន​ឥទ្ធិពល​ភ្លាមៗ​ទៅ​លើ​តម្លៃ​អចលនទ្រព្យ ឬ​ការអភិវឌ្ឍ​នៅក្នុង​ទីក្រុង​ប៉ោយប៉ែត​នោះ​ទេ ប៉ុន្តែ​វា​អាច​នឹង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ពេល​ដែល​ផ្លូវដែក​តភ្ជាប់​ទៅ​កាន់​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ដំណើរការ​។ លោក​បាន​បន្ត​ថា ប៉ោយប៉ែត​មាន​សក្តានុពល​ដ៏ធំធេង​សម្រាប់​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយសារ​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​ក្រុង​ប៉ោយប៉ែត​ឱ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​៕