The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្លូវ​ល្បឿនលឿន​ នឹង​រួមចំណែក​ច្រើន​ដល់​ការលើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​បាវិត




ផ្លូវ​ល្បឿនលឿន​ នឹង​រួមចំណែក​ច្រើន​ដល់​ការលើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​បាវិត

Content image - Phnom Penh Post
ទិដ្ឋភាព​នៃ​សំណង់​អគារ​ធំៗ​ជាច្រើន​នៅក្នុង​ទីក្រុង​បាវិត​។ រូបថត សហការី

ផ្លូវ​ល្បឿនលឿន​ នឹង​រួមចំណែក​ច្រើន​ដល់​ការលើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​បាវិត

ភ្នំពេញៈ ការសិក្សា​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត ដែល​ជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា វៀតណាម កំពុងមាន​ដំណើរ​ទៅមុខ​យ៉ាង​រលូន ខណៈ​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​មាន​សុទិដ្ឋិនិយម​ថា ផ្លូវ​ថ្មី​នេះ​នឹង​រួមចំណែក​ច្រើន​ក្នុង​ការលើកកម្ពស់​សក្តានុពល​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​បាវិត​។

កាលពី​សប្តាហ៍​មុន​នៅក្នុង​កិច្ចប្រជុំ​មួយ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយនឹង China Railway International Group Co., Ltd ដែលជា​ក្រុមហ៊ុន​កំពុងធ្វើការ​សិក្សា​ពី​លក្ខណៈ​បច្ចេកទេស​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្ជាប់ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត តំណាង​ក្រុមហ៊ុន​បាន​លើកឡើង​ថា ការសិក្សា​ពី​ស្ថានភាព​ភូមិសាស្ត្រ និង​ផលប៉ះពាល់​ផ្សេងៗ​កំពុង​ដំណើរការ​ទៅ​មុខជា​បន្តបន្ទាប់​។ ក្រុមហ៊ុន​រកឃើញ​មាន​ជម្រើស​ចំនួន​ ៣ សម្រាប់​ការសាងសង់​គម្រោង​ខាងលើ​។

លោក សូរ វិចទ័រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ដឹកនាំ​ក្នុង​កិច្ចប្រជុំ​នោះ​បាន​និយាយថា ក្រសួង​ក៏ដូចជា​រដ្ឋាភិបាល​ត្រូវការ​សិក្សា​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​ជម្រើស​ផ្លូវ​ទាំង​ ៣ ​នេះ​មុន​នឹង​ធ្វើការ​សម្រេច​ជា​ចុងក្រោយ ហើយ​ម្យ៉ាងទៀត​ក្រសួង​ក៏ត្រូវ​រង់ចាំ​លទ្ធផល​របាយការណ៍​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​នៅ​ពាក់កណ្ដាល​ខែ​តុលា ឆ្នាំ​ ២០២០ នេះ ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុង​ការសម្រេចចិត្ត​ផងដែរ​។

លោក នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ បាវិត មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​វិស័យ​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​ធ្វើឲ្យ​ទីផ្សារ​អចលនទ្រព្យ​មាន​ភាពល្អប្រសើរ​ផងដែរ ពិសេស​ក្រុង​បាវិត​។

លោក​បន្តថា ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ទីផ្សារ​​អចលនទ្រព្យ គឺ​នៅពេល​ណា​មាន​ផ្លូវ​នឹង​មាន​ការធ្វើ​ចរាចរណ៍​ច្រើន ហើយ​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​មុខរបរ​ក៏​កើនឡើង​ទៅតាម​នោះដែរ​។

លោក​ថ្លែងថា​៖ «​ការបង្កើត​ផ្លូវ​ថ្មី​បន្ថែម ពិសេស​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ ពិសេស​តំបន់​បាវិត​ដែល​អាច​នឹង​ក្លាយជា Hub មួយ​ដ៏សំខាន់​រវាង​កម្ពុជា និង​វៀតណាម​»​។

យោងតាម​លោក រិទ្ធី បច្ចុប្បន្ន​អចលនទ្រព្យ​នៅ​ទីតាំង​ល្អ​បំផុត​ក្នុង​ក្រុង​បាវិត មាន​តម្លៃ​ក្រោម ១ ០០០ ​ដុល្លារ​ ក្នុង ១ ​ម៉ែត្រការ៉េ និង​តំបន់​កសិកម្ម​ឆ្ងាយៗ​អាចមាន​តម្លៃ​ប្រហែល ៥ ​ដុល្លារ​។

ទន្ទឹម​គ្នា​នេះ​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿន បាន​ប្រាប់ថា ផ្លូវ​ល្បឿន​លឿន​នឹង​ក្លាយជា​ចំណែក​ដ៏ធំ​ក្នុង​ការធ្វើឲ្យ​អចលនទ្រព្យ​ក្រុង​បាវិត មាន​សម្ទុះ​ខ្លាំង​ប្រហាក់ប្រហែល​នឹង​ក្រុងព្រះសីហនុ​នាពេល​បច្ចុប្បន្ន​។ លោក​បន្តថា​៖ «​ដោយសារ​ផ្លូវ​ល្បឿន​លឿន​ចេញពី​ភ្នំពេញ​ទៅ​បញ្ចប់​នៅ​បាវិត​នោះ ហេតុនេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​បាវិត​នឹង​មាន​សម្ទុះ​ខ្លាំង​នៅពេល​ខាងមុខ​»​។

លោក​បន្ថែមថា ទោះយ៉ាងណា​អ្វីៗ​ទាំងអស់​ក៏​អាស្រ័យ​ទៅ​លើ​ផែនការ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​អភិវឌ្ឍន៍​ក្នុង​ការទាក់ទាញ​កំណើន​វិនិយោគិន និង​តំបន់​វិនិយោគ​ផងដែរ​។

ក្នុង​គោលបំណង​ជំរុញ​ការសាងសង់​ផ្លូវល្បឿនលឿន​នេះ​ឲ្យ​កាន់តែ​លឿន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៥ ខែ កក្កដា ឆ្នាំ​ ២០២០ នេះ​បានសម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទីក្រុង​បាវិត​ដែល​មាន​សមាជិក​សរុប ១៧ ​នាក់​ ដោយមាន​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជា​ប្រធាន​។

កន្លងមក​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​នេះ​ធ្លាប់​ត្រូវ​បាន​ទីភ្នាក់ងារ​ជប៉ុន JICA ធ្វើការ​សិក្សា​ម្តង​រួចមកហើយ ដោយ​ផ្លូវ​នេះ​អាច​នឹង​មាន​ចម្ងាយ ១៣៥ ​គីឡូម៉ែត្រ និង​មាន​តម្លៃ​ជាង ២ ​ពាន់​លាន​ដុល្លារ​៕LA

អត្ថបទគួរចាប់អារម្មណ៍