
Phnom Penh Mega Mall ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី គ្រោងនឹងបើកផ្សារទំនើប Parkson។ ហុង មិនា
ចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញកំពុងបន្តកើនឡើង ដោយផ្សារទំនើបប្រមាណ ១០ ទីតាំងទៀតគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០១៨ នេះដែលនឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។
ផ្សារទំនើបទាំងនោះរួមមាន Phnom Penh Mega Mall(Parkson), Aeon Mall 2, Olympia Plaza Mall, The Bridge Commercial, Midtown, Downtown 93, The Community, Noro Mall, Prince Plaza Mall និង Eden Garden។
នាយិកានៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារទំនើបនៅកម្ពុជានៅតែមានសញ្ញាល្អប្រសើរ បើទោះជាផ្សារទំនើបកើនឡើងក្តី ប៉ុន្តែផ្សារទាំងនោះបានចាប់យកចំណែកទីផ្សារខុសៗគ្នា ព្រោះផ្សារទាំងនោះស្ថិតនៅទីតាំងខុសៗគ្នា និងមានគោលដៅអតិថិជនខុសៗគ្នាផងដែរ។
អ្នកនាងបានបន្តថា៖ «អំណាចនៃការទិញកើនឡើងនៅកម្ពុជាបានធ្វើឲ្យផ្សារទំនើបនានាកំពុងកើនឡើង ហើយនិន្នាការប្រជាពលរដ្ឋក៏កំពុងផ្លាស់ប្តូរពីការដើរផ្សារតាមបែបប្រពៃណី មកកាន់ផ្សារទំនើបកាន់តែច្រើន»។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group លោកឧកញ៉ា សៀ រិទ្ធី ដែលបាននិងកំពុងវិនិយោគផ្សារទំនើប The Bridge Commercial ស្ថិតក្នុងគម្រោង The Bridge ក្នុងសង្កាត់ទន្លេបាសាក់បានថ្លែងថាផ្សារទំនើបនៅកម្ពុជា មិនទាន់រួចរាល់សម្រាប់ការចាប់ផ្តើមលក់ផលិតផលល្បីៗ លំដាប់ពិភពលោកនៅឡើយទេ ដោយសារប្រជាជនជាអ្នកមានប្រាក់ច្រើននៅតែមានការពេញនិយមទៅទិញទំនិញនៅបរទេស។ លោកបន្តថា វាត្រូវការយៈពេល ៥-១០ ឆ្នាំទៀតទើបផលិតផលល្បីៗលំដាប់ពិភពលោកអាចដំណើរការបាននៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «មិនមែនតែអ្នកមានប្រាក់នៅកម្ពុជានោះទេ សូម្បីតែអ្នកមានប្រាក់នៅប្រទេសវៀតណាម ក៏ពួកគេនៅតែពេញនិយមទិញទំនិញល្បីៗនៅបរទេសដែរ»។

កម្មករកំពុងសាងសង់ផ្សារទំនើប Aeon 2 ដែលគ្រោងបើកដំណើរការនៅខែឧសភា។ ហុង មិនា
ទោះជាយ៉ាងណាអ្នកដឹកនាំផ្សារប្រពៃណីមិនព្រួយបារម្ភពីការកើនឡើងនូវវត្តមានផ្សារទំនើបនៅកម្ពុជានោះទេ។
លោក ឡេង គឹមស្រុង ប្រធានផ្សារអូរឫស្សីបានថ្លែងថាពិតណាស់សព្វថ្ងៃមានផ្សារទំនើបជាច្រើនបាននិងកំពុងសាងសង់ និងបើកលក់នៅរាជធានីភ្នំពេញ តែវាមិនមែនជាបញ្ហាចោទខ្លាំងសម្រាប់ផ្សារប្រពៃណីដូចជាផ្សារអូរឫស្សីនោះទេ ដោយសារតែផលិតផលមួយចំនួនរវាងផ្សារទាំង ២ និងអតិថិជនក៏មានប្រភេទផ្សេងគ្នាដែរ។
ទោះបីជាវត្តមានផ្សារទំនើបមិនបានប៉ះពាល់ខ្លាំងដល់ផ្សារប្រពៃណីក្ដី ក៏លោក គឹមស្រុង បញ្ជាក់ថាផ្សារប្រពៃណីក៏ត្រូវមានគោលការណ៍មួយចំនួនផងដែរ ដោយត្រូវតែពង្រឹងការងារសន្តិសុខបន្ថែម រក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ និងមានឥរិយាបថត្រឹមត្រូវ ជាពិសេសការនិយាយស្ដី និងឥរិយាបទរបស់អ្នកលក់ឲ្យមានភាពល្អប្រសើរ រួសរាយ និងទាមទារឲ្យមានការចូលរួមពីមនុស្សគ្រប់គ្នា ទាំងអាជីវករ អតិថិជន និងអាជ្ញាធរធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅទំនុកចិត្តដល់អតិថិជន។
ទោះជាមានវត្តមានផ្សារទំនើបច្រើនក្តី ក៏ផ្សារទំនើបនៅក្នុងស្រុកដែលបានបើកដំណើរការជាយូរមកហើយមិនបារម្ភពីការប្រកួតប្រជែងទេ។
លោក ជ សាំង នាយកគ្រប់គ្រងទូទៅនៃផ្សារទំនើបរតនាផ្លាហ្សាដែលស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានប្រាប់ថាទោះជាកើនឡើងនូវវត្តមានផ្សារទំនើបថ្មីៗក្តី ក៏លោកមិនមានបារម្ភពីការប្រកួតប្រជែងនោះទេ ដោយសារផ្សាររបស់យើងមានអតិថិជនច្រើនរួចស្រាប់មកហើយ ពិសេសអតិថិជនដែលមកសម្រាកនៅលើសណ្ឋាគារដែលស្ថិតនៅជាន់ខាងលើនៃផ្សារទំនើបនេះតែម្តង។
លោកបានមានប្រសាសន៍ថា៖ «ការប្រកួតប្រជែងជារឿងល្អ ដើម្បីយើងអាចចាប់យកអតិថិជនខុសៗគ្នា និងពង្រឹងគុណភាពរបស់យើង ដើម្បីផ្តល់ជូនអតិថិជនកាន់តែប្រសើរឡើង»។
បច្ចុប្បន្ននេះនៅកម្ពុជាមានផ្សារទំនើបជាច្រើនដូចជា Aeon Mall 1, Makro, Sorya Mall, Sovanna Mall, Ratana Plaza និង Lucky ជាដើម៕