ភ្នំពេញ: ក្រុមហ៊ុន Aeon Mall (Cambodia) Co,. Ltd ដែល​ជា​ក្រុមហ៊ុន​ពហុផលិតផល​ជប៉ុន​បាន​ប្រកាស​ចាប់ផ្តើម​បុកគ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ ៣ ដែល​នឹង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ជាង ២០០ លាន​ដុល្លារ​ស្ថិតនៅក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ដោយ​គ្រោង​ចំណាយពេល​សាងសង់​ ២៧ ​ខែ​។

ដំណើរការ​ស្ថាបនា​ផ្សារ​ទំនើប​អ៊ីអន​ ៣ ​ដែលមាន​អគារ​កម្ពស់​ ៥ ​ជាន់​នាពេលនេះ​បាន​លុបបំបាត់​នូវ​ការសង្ស័យ​ពី​ភាពប្រាកដនិយម​នៃ​ការចាប់ផ្តើម​សាងសង់ ក្រោយពី​មាន​ព័ត៌មាន​លើកឡើង​ជា​ហូរហែ​ពី​វត្តមាន​ផ្សារ​ទំនើប​ធំ​បំផុត​នៅ​កម្ពុជា​នេះ បន្ទាប់ពី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្សារ​ទំនើប​អ៊ីអន​ ២ ​កាលពី​ខែឧសភា ឆ្នាំ​ ២០១៨ ហើយ ទីតាំង​ផ្សារ​ទំនើប​អ៊ីនអន​ ៣ ​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ហាង​ទំនិញ និង​ចំណតរថយន្ត​ស្ថិត​នៅ​ភាគខាងត្បូង​ក្រុងភ្នំពេញ​។

ក្រុមហ៊ុន Hyundai Engineering បានឈ្នះ​ការដេញថ្លៃ​លើ​គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ីអន​ ៣ ដែលមាន​តម្លៃ ២០០ ​ពាន់​លាន​វ៉ុន​ (១៦៤ លាន​ដុល្លារ​)​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី​បុកគ្រឹះ​កាលពី​ម្សិលមិញ​ថា ផ្អែក​តាម​ប្លង់គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០៣៥ តំបន់​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​កំណត់​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ទទួល​គម្រោង​សំណង់​អគារ​ខ្ពស់ៗ ស្ថាបកម្ម​ប្រណីត និង​ការអភិវឌ្ឍ​ទីក្រុង​រណប ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ដីធ្លី និង​សក្តានុពល​ដែល​មាន​ស្រាប់​ក្នុង​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​មក​វិនិយោគ​ទំហំ​ទឹកប្រាក់​ដ៏ច្រើនសន្ធឹក​សន្ធាប់​លើ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​ចាប់តាំងពី​គ្រោង​ទី​ ១ ​រហូតដល់​គ្រោង​ទី​ ៣ ​នៅ​ទីក្រុង​ភ្នំពេញ​។ លទ្ធផល​នេះ​ជា​ការយកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ក្នុងការ​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​ការវិនិយោគ​ក្នុងប្រទេស និង​ក្រៅប្រទេស​»​។

លោក​ថ្លែង​បន្ត​ថា ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ កំពុង​ប៉ះពាល់​ដល់​ការធ្វើដំណើរ​កម្សាន្ត​ជាសកល ដូច្នេះ​ការដើរ​កម្សាន្ត និង​ទិញ​ទំនិញ​តាម​ផ្សារ​ទំនើប​ក្នុង​ស្រុក​គឺជា​ជម្រើស​ដ៏ល្អ​សម្រាប់​ការវិនិយោគ​ក្នុង​កាលានុវត្តភាព​ថ្មី​នេះ​។

លោក​និយាយថា​៖ «​​ក្នុងន័យនេះ ដើម្បី​ជា​ចលករ​ជំរុញ និង​គាំទ្រ​ដល់​ការវិនិយោគ​ផ្នែក​ឯកជន​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​គាំទ្រ​បង្កលក្ខណៈ​ទទួល​ស្វាគមន៍ និង​ជំរុញ​លើកទឹកចិត្ត​ចំពោះ​ការបណ្តាក់ទុន​វិនិយោគ ធ្វើ​អាជីវកម្ម សេវាកម្ម​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​ក្នុង​ទីក្រុង​»​។

លោក​បន្តថា​៖ «​យើង​ក៏​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ការបើក​ទូលាយ​បរិយាកាស​វិនិយោគ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ ប្រកប​ដោយ​ភាពទាក់ទាញ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ជូន​ដល់​ធុរជន និង​វិនិយោគិន ស្របតាម​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សកល​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រីក​សក្តានុពល​ថ្មីៗ​ប្រកប​ដោយ​គុណវុឌ្ឍិ​ខ្ពស់​»​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ទីក្រុង​រណប ING City នេះ ដែល​ស្ថិតនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏ទាក់ទាញ​នៃ​គម្រោង​វិនិយោគ​លើ​អគារ​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​នៅពេល​អនាគត ព្រោះ​តំបន់​នេះ​មាន​ដី​ទំហំ​ធំៗ​សម្រាប់​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​។

លោក​ថ្លែងថា​៖ «​ផ្សារ​ទំនើប​នេះ​នឹង​ក្លាយជា​មជ្ឍមណ្ឌល​លក់រាយ​មួយ​ដែល​ទាក់ទាញ​ប្រជាជន​មកពី​ក្រុង​តាខ្មៅ និង​អ្នក​រស់នៅក្នុង​ខណ្ឌដង្កោ​មក​ទិញ​ទំនិញ​នៅទីនេះ ហើយ​វា​នឹង​ជំរុញ​លំហូរ​ប្រជាជន​កាន់តែ​ច្រើន​មក​រស់នៅក្នុង​តំបន់​ផ្លូវ​ ៦០ ​ម៉ែត្រ​នេះ​ផង​ដែរ​»​។

លោក​បន្តថា​៖ «​តំបន់​នេះ​ជា​ទីតាំង​ពាណិជ្ជកម្ម​ដែល​ដីធ្លី​មានតម្លៃ​ខ្ពស់​រួចទៅហើយ ដូច្នេះ​តម្លៃ​ដី​នឹង​បន្ត​កើនឡើង​ឥត​ឈប់​ថែមទៀត​នៅពេល​ខាងមុខ ស្របពេល​តំបន់​នេះ​មាន​គម្រោង​ផ្សារទំនើប​អ៊ីអន​ ៣ ​នេះ និង​គម្រោង​អគារ​ខុនដូ​ថ្មី​បន្ថែមទៀត ខណៈ​សព្វថ្ងៃ​ដី​នៅទីនេះ​មាន​តម្លៃ​ជាង ៣ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​»​។

លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឱ្យដឹងថា ផ្សារ​ទំនើប​អ៊ីអន​ទី​ ១ ​និង​ទី​ ២ ទទួលបាន​អតិថិជន​បាន​ប្រមាណ​ ១ ​លាន​នាក់​ក្នុង​ ១ ​ខែៗ​សម្រាប់​ផ្សារ​ទំនើប​នីមួយៗ​។

បើតាម​លោក ឃួង ស្រេង ក្នុង​រយៈពេល​ ៩ ​ខែ​នៃ​ឆ្នាំ​ ២០២០ ​នេះ​គម្រោង​សាងសង់​សំណង់​ថ្មី​ចំនួន ១ ០២០ គម្រោង​ដែល​មាន​ជាង​ ៥ ​លាន​ម៉ែត្រការ៉េ និង​មាន​ទំហំ​ទុនវិនិយោគ​ប្រមាណ ២,៣ ពាន់​លាន​ដុល្លារ​៕ LA