The Phnom Penh Post Search

Search form

ផ្សារ​ទំនើប Aeon មិន​ទាន់​សម្រេច​បោះ​ជំហាន​ទៅ​ខេត្ត​សៀមរាប

Content image - Phnom Penh Post
ការ​ដ្ឋាន​សំណង់​ផ្សារ​អ៊ីអន​២ នៅ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ដើម​សប្តាហ៍​នេះ។ មឿន ញាណ

ផ្សារ​ទំនើប Aeon មិន​ទាន់​សម្រេច​បោះ​ជំហាន​ទៅ​ខេត្ត​សៀមរាប

ទន្ទឹម​នឹង​ផ្សារ​ទំនើប Aeon Mall ទី​២ កំពុង​សម្រុក​បញ្ចប់​ការ​សាងសង់​សំណង់​របស់​ខ្លួន​ក្នុង​ខណ្ឌ​សែន​សុខ យ៉ាង​មមាញឹក នៅ​ឯ​ផ្សារ​ទំនើប Aeon Mall ទី១ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ នៅ​តែ​បន្ត​ទាក់ទាញ​អតិថិជន​កម្ពុជា ដែល​ភាគ​ច្រើន​ក្រុម​អ្នក​មាន​ជីវភាព​កម្រិត​មធ្យម​ឡើង​ទៅ​ទាំង​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ទាំង​អ្នក​នៅ​តាម​បណ្តា​ខេត្ត​នានា​ជា​ប្រក្រតី​។

ចំណែក​នៅឯ​ក្រុង​សៀមរាប ក៏​លេចឮ​មាន​ការ​និយាយ​តៗ​គ្នា​ថា «​ផ្សារ Aeon ៣» និង​បើក​នៅ​ខេត្ត​សៀមរាប ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខេត្ត​នេះ​អះអាង​ថា​ ៖ «​ពុំទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​អំពី​ដំណឹង​នេះ​នៅ ឡើយ​ទេ តែ​យើង​ក៏​ឮ​មហា​ជន​និយាយ​តៗ​គ្នា​ដូច្នោះ​ដែរ​»​។

អ្នក​ស្រី បូ រ៉ានី ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ នៅ​ក្នុង​ក្រុង​សៀមរាប បាន​ថ្លែង​ទាំង​សំណើច​កក្អឹក​ថា​ ៖ «​ដំណឹង​ពី​ការ​វិនិយោគ​ផ្សារ Aeon ៣ នៅ​ខេត្ត​សៀម​រាប​នេះ មហាជន​គេ​ដឹង​ស្ទើរ​តែ​គ្រប់ៗ​គ្នា​ហ្នឹង​! គេ​មាន​ស៊ែរ​ពេញ​ទាំង​ហ្វេស​ប៊ុក​ទៀត​ផង»​។

នៅ​ពេល​ដែល​ប៉ុស្តិ៍​អចលនទ្រព្យ សួរ​បញ្ជាក់​អំពី​ទីតាំង​ពិត​ប្រាកដ​ដែល​នឹង​ត្រូវ​សាងសង់​ផ្សារ​ទំនើប​នោះ អ្នក​ស្រី​បាន​ឆ្លើយ​តប​របៀប​ជា​សំណួរ​ថា​៖ «​ប្រហែល​ជា​ដី​នៅ​ម្តុំ​អង្គរ​ឃ្យុងយូ​នោះ​ដឹង​?»

លោក យូ ឡេង បុគ្គលិក​រាជការ​នៅ​សាលា​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា​៖ «​ឮ​គេ​និយាយ​តៗ​គ្នា​អំពី​ការ​វិនិយោគ​ផ្សារ​ទំនើប​ជប៉ុន ប៉ុន្តែ​យើង​អត់​ដឹង​ថា​គេ​សង់​នៅ​ពេល​ណា ឬ​ទីណា​ទេ​? ព្រោះ​ទំនង​គេ​ខ្លាច​មាន​អ្នក​ឆក់​ឱកាស​ដំឡើង​ថ្លៃ​ដី​នៅ​ម្តុំៗ​នោះ ដូច្នេះ​រឿង​ហ្នឹង​គេ​លាក់​សិន​ហើយ»​។

ពាក់ព័ន្ធ​នឹង​ការ​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម ក៏​ដូចជា​ការ​ស៊ែរ​បន្ត​គ្នា​អំពី​ព័ត៌មាន​ថា ផ្សារ​ទំនើប Aeon Mall ទី​៣ នឹង​ចាប់​ផ្តើម​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្រុង​សៀមរាប​នោះ លោក សូ ប្លាតុង អភិបាល​ក្រុង​សៀមរាប បាន​ថ្លែង​ថា​៖ «​ខាង​ក្រុង​យើង​ពុំ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​រាល់​គម្រោង​វិនិយោគ​ធំៗ ខាង​ខេត្ត​ជា​អ្នក​ទទួល​»​។

ពាក្យ​ចចាម​អារ៉ាម ការ​ស៊ែរ​បន្ត​ពី​ហ្វេស​ប៊ុក និង​រួមទាំង​បណ្តាញ​ផ្សព្វផ្សាយ​អន​ឡាញ​ក្នុង​ស្រុក បាន​ផ្សាយ​ដំណឹង​អំពី​ផ្សារ​ទំនើប Aeon Mall ទី៣ នឹង​ចាប់​ផ្តើម​នៅ​ក្រុង​សៀមរាប ហាក់​បាន​ផ្តល់​ជា​សញ្ញា​ភ្លើង​បៃតង​ដល់​ក្រុមហ៊ុន​ផ្សារ​ទំនើប​របស់​ជប៉ុន​មួយ​នេះ ឲ្យ​កាន់​តែ​មាន​កេរ្តិ៍​ឈ្មោះ និង​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​បោះ​ជំហាន​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​មាន​សក្តានុពល​របស់​កម្ពុជា​។

Content image - Phnom Penh Post
អតិថិជន​កំពុង​ដើរ​ចេញ​ពី​ក្នុង​ផ្សារ​អ៊ីអន១ នៅ​ភ្នំពេញ។ រូបថត ភ្នំពេញប៉ុស្តិ៍

លោក គឹម ឆាយ​ហ៊ាង អភិបាល​រង​ខេត្ត​សៀមរាប បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា​ ៖ «​យើង​បាន​ឮ​ព័ត៌មាន​អំពី​ផ្សារ​អ៊ីអន នឹង​បើក​នៅ​ខេត្ត​សៀមរាប ពី​ស្រទាប់​មហាជន​មក​វិញ​ ប៉ុន្តែ​ខាង​អាជ្ញាធរ​ខេត្ត​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវ​ការ​ជាក់​លាក់​ពី​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ទំនើប​នេះ​នៅ​ឡើយ​ទេ​»​។

លោក​បន្ត​ថា ខាង​ខេត្ត​«ស្វាគមន៍​រាល់​ការ​វិនិយោគ​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​»​។

ដោយ​មាន​បទពិសោធ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​ឆ្នាំ​មុន​នឹង​​លោក​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​អភិបាលរង​ខេត្ត​សៀមរាប នៅ​ក្នុង​​ទសវត្សរ៍​នេះ លោក ឆាយ​ហ៊ាង បាន​​ពន្យល់ថា​ ៖ «​ការ​វិនិយោគ​ផ្សារ​ទំនើប​កម្រិត​អន្តរជាតិ នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​មិន​ត្រឹម​តែ​ទាក់ទាញ​អតិថិជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គោលដៅ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​នៅ​ក្នុង​តំបន់​អង្គរ​ផង​ដែរ​»​។

ជា​ទូទៅ​គោលដៅ​ទេសចរណ៍​ទី​១ របស់​ព្រះរាជា​ណាចក្រ​កម្ពុជា គឺ​រមណីយដ្ឋាន​ឧទ្យាន​ប្រាសាទ​អង្គរវត្ត ជា​តំបន់​បេតិក​ភណ្ឌ​វប្បធម៌​ពិភពលោក ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​ ២០១៦ មាន​ភ្ញៀវ​ទេសចរបរ​ទេស​បាន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា ចំនួន ​៥ ០១១ ៧១២​ នាក់ ខណៈ​នៅ​ឆ្នាំ​ ២០១៥ មាន​ចំនួន​ ៤ ៧៧៥​ ២៣១​ នាក់​។ ចំណែក​រយៈពេល​ពីរ​ខែ​ដើម​ឆ្នាំ​២០១៧​នេះ គឺ​នៅ​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ​កន្លង​មក​នេះ មាន​ភ្ញៀវ​សរុប​ចំនួន ១ ០២៥ ៥២២​ នាក់​។

លោក​អភិបាលរង​រូប​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ៖ «​កន្លង​មក​មាន​ក្រុម​អ្នក​វិនិយោគ​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​មក​សិក្សា​ទីផ្សារ និង​ទីតាំង​នៅ​ម្តុំ​បរិវេណ​អង្គរ​ឃ្យុងយូរ រួច​ហើយ ក្រុម​ពាណិជ្ជករ​កូរ៉េ​នោះ ក៏​មាន​គម្រោង​បើក​ផ្សារ​ទំនើប​លំដាប់​ពិភពលោក​នៅ​ក្នុង​ខេត្ត​សៀមរាប​មួយ​ដែរ​»​។ លោក​បន្ថែម​ថា ​៖ «​ប៉ុន្តែ​ក្រុម​នេះ​នៅ​ពុំទាន់​បញ្ជាក់​អំពី​គម្រោង​លម្អិត និង​ការ​ចាប់​ផ្តើម​ការ​ដ្ឋាន​សំណង់​នៅ​ពេល​ណា​ទេ តែ​ពួក​គាត់​មាន​ដី និង​បាន​ហ៊ុមព័ទ្ធ​របង​ស័ង្កសី​ ត្រៀម​ជា​ការ​ដ្ឋាន​រួច​ហើយ​»​។

«​ជាមួយ​នឹង​វត្តមាន​ផ្សារ​ទំនើបៗ​លំដាប់​ពិភពលោក​វា​នឹង​ធ្វើ​ឲ្យ​ខេត្ត​សៀមរាប កាន់​តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង ទាំង​វិនិយោគិន និង​ទាំង​ភ្ញៀវទេសចរ​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក​» នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក ឆាយ​ហ៊ាង​។

ចំណែក​នៅ​រាជធានី​ភ្នំពេញ ជាទី​ដែល​ផ្សារ​ទំនើប AEON Mall 1 បាន​បើក​ដំណើរ​ការ​ចាប់​តាំងពី​ឆ្នាំ​២០១៤​កន្លង​មក និង​ផ្សារ​ទំនើប AEON Mall 2 កំពុង​សម្រុក​ការ​សាងសង់​យ៉ាង​មមាញឹក ដើម្បី​ឆ្ពោះទៅ​បញ្ចប់​ការដ្ឋាន​សំណង់ រួច​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ផ្សារ​ដ៏​ធំ​នេះ​នៅ​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។ ទាំង​មន្ត្រី​គ្រប់គ្រង​ផ្សារ​អ៊ីអន និង​មន្ត្រី​គ្រប់គ្រង​ការ​ដ្ឋាន​សំណង់​របស់​ផ្សារ​នេះ​ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ដើម​សប្តាហ៍​នេះ​។

លោក Kim Moo Sun ប្រធាន​វិស្វករ​សុវត្ថិភាព ដែល​គ្រប់គ្រង​ការ​ដ្ឋាន​សំណង់​ផ្សារ​អ៊ីអន​២ នៅក្នុង​ខណ្ឌ​ទួលគោក បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា​ ៖ «​ខ្ញុំ​កំពុង​ជាប់​រវល់​ខ្លាំង​នៅ​ក្នុង​សិក្ខា​សាលា​»​។

បុរស​វ័យ​ជាង​៣០​ឆ្នាំ ជា​នាយ ​ក្រុម​ជាង​សំណង់​ផ្នែក​ត្រួត​ពិនិត្យ​ល្បាយ​បេតុង នៃ​ការ​ដ្ឋាន​សំណង់​ផ្សារ​អ៊ីអន​២ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្ត​សញ្ញាណ​ថា ​៖ «​តាម​មើល​ទៅ​គម្រោង​នេះ នឹង​បញ្ចប់​ទៅ​តាម​ផែនការ​របស់​គេ​យ៉ាង​រលូន ព្រោះ​មេការ​សំណង់​ស្ទើរ​តែ​គ្រប់ផ្នែក​នៅក្នុង​ការដ្ឋាន​សាងសង់​ផ្សារ​អ៊ីអន ​២ ​នេះ ពុំ​សូវ​មាន​ការ​បង្ខំ​ឲ្យ​កម្មករ​ធ្វើ​ការ​បន្ថែម​ម៉ោង​ច្រើន​ដូច​ការដ្ឋាន​ដទៃ​ដែល​ពួក​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​នោះ​ទេ​»​។

លោក​បន្តថា​ ៖ «​មាន​ពេល​ខ្លះ​ដែល​យើង​ត្រូវ​ចាក់​បេតុង បង្ហើយ​នៅ​ពេល​យប់​ខ្លះ យើង​អំពាវនាវ​រក​អ្នក​ស្ម័គ្រ​ចិត្ត​(​កម្មករ​)​ធ្វើការ​បន្ថែម​ម៉ោង​យក​ប្រាក់​បន្ថែម​តាម​សម្រួល​។ ទាំង​ថៅកែ​សំណង់​(ប្រធាន​ក្រុមហ៊ុន​សាងសង់​) និង​ពួក​យើង​អត់​ដែល​ហ៊ាន​បង្ខំ​កម្មករ​ទេ តែ​នេះ​ទំនង​មក​ពី​ការងារ​របស់​ពួក​យើង​ត្រឹម​ត្រូវ​តាម​ពេល​វេលា​ដែរ​ហើយ​»​។

យោង​តាម​សារព័ត៌មាន Nikkei របស់​ជប៉ុន ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​ឧសភា​នេះ​បាន​ឲ្យ​​ដឹងថា ​៖ សម្រាប់​ពេល​វេលា​ទៅ​មុខ​ទៀត ផ្សារ​ទំនើប​អ៊ីអន​នឹង​ផ្តោត​សំខាន់​លើ​ការ​បើក​លក់​ជា​ចម្បង នៅ​ក្នុង​រាជធានី​របស់​ប្រទេស​កម្ពុជា និង​តំបន់​ជុំវិញ​។ ទីផ្សារ​នៃ​ផ្សារ​ទំនើប​នេះ​ក៏​កំពុង​ស្វែងរក​នៅ​ទីតាំង​ថ្មី​នៃ​តំបន់​ទេសចរណ៍ ដូចជា​ខេត្ត​សៀមរាប ក្នុង​​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​ទៀត​។

សារព័ត៌មាន​នេះ​ក៏បាន​បង្ហាញ​ថា ទៅ​ថ្ងៃ​អនាគត​ផ្សារ​អ៊ីអន រំពឹង​ថា​នឹង​មាន ៣០​ទីតាំង នៅ​ទូទាំង​ទេស​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍