The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្សារ AEON លែង​ជា​កន្លែង​សម្រាប់​ផ្សព្វផ្សាយ​កម្មវិធី​អចលនទ្រព្យ​ទៀត​ហើយ




ផ្សារ AEON លែង​ជា​កន្លែង​សម្រាប់​ផ្សព្វផ្សាយ​កម្មវិធី​អចលនទ្រព្យ​ទៀត​ហើយ

Content image - Phnom Penh Post
​ផ្សារ​ទំនើប Aeon Mall បាន​សម្រេច​ចិត្ត​ផ្អាក​ទទួល​យក​ការ​ស្នើ សុំ​ពី​ក្រុមហ៊ុន​អចលន​ទ្រព្យ​នានា។ ហុង មិនា

ផ្សារ AEON លែង​ជា​កន្លែង​សម្រាប់​ផ្សព្វផ្សាយ​កម្មវិធី​អចលនទ្រព្យ​ទៀត​ហើយ

បន្ទាប់​ពី​មាន​ការ​កើន​ឡើង​នូវ​កម្មវិធី​ផ្សព្វផ្សាយ​ដែល​ទាក់ទង​នឹង​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ផ្សេងៗ​នៅ Daylight Plaza នៅ​ក្នុង​ផ្សារ AEON កាន់​តែ​ច្រើន​មក ថ្នាក់​គ្រប់គ្រង​របស់​ផ្សារ​ទំនើប​នេះ​បាន​សម្រេច​ចិត្ត​ផ្អាក​ទទួល​យក​ការ​ស្នើ សុំ​ពី​ក្រុមហ៊ុន​អចលន​ទ្រព្យ​នានា​។

ចាប់​តាំង​ពី​ថ្ងៃទី​១ ខែ​កក្កដា​កន្លង​មក ផ្សារ AEON បាន​ចាប់​ផ្តើម​ឈប់​ទទួល​ការ​ស្នើ​សុំ​រៀបចំ​កម្មវិធី​នានា​ទាក់ទង​នឹង​អចលន​ទ្រព្យ​នៅ Daylight Plaza ហើយ​បាន​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​សម្ភារ​ប្រើប្រាស់​ទូទៅ​ឲ្យ​ចូលមក​រៀបចំ​បង្កើត​ជា​កម្មវិធី​ផ្សេងៗ​នៅ​ក្នុង​ផ្សារ​នេះ​។

អ្នក​នាង អុីម ម៉ូលីកា អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​ផ្នែក​គណនេយ្យ​របស់​ផ្សារ ទំនើប AEON បាន​ឲ្យ​ដឹង​ថា​ ៖ «​មាន​កម្ម​វិធី​ខាង​អចលនទ្រព្យ​ច្រើន​ពេក​។ ភាគច្រើន គាត់​កក់​កាល​វិភាគ គឺ​សឹង​តែ​ពេញ​១​ខែៗ​។ ដូច្នេះ គឺ​អចលនទ្រព្យ​ទាំង​អស់ នាំ​ឲ្យ​ក្នុង​ផ្សារ​មើល​ទៅ​អាក្រក់​មើល​»​។

បន្ទាប់​ពី​ចំនួន​ភ្ញៀវ​បាន​ធ្លាក់​ចុះ​ដោយ​សារ​តែ​មិន​សូវ​មាន​កម្ម​វិធី​ប្លែកៗ​គ្នា​ផ្សារ AEON​ ក៏​បាន​ចេញ​គោលការណ៍​រក្សា​ទុក​កន្លែង​សម្រាប់​ការ​ផ្សព្វផ្សាយ​អំពី​សម្ភារ​ប្រើប្រាស់​ទូទៅ​ដូច​ជា​ ឡាន ផលិត​ផល​សម្អាង និង​ម្ហូប​អាហារ ជាដើម​។

មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ផ្សារ AEON លែង​ទទួល​ក្រុមហ៊ុន​អចលនទ្រព្យ គឺ​បណ្តាល​មក​ពី​ការ​ត្អូញត្អែរ​របស់​ភ្ញៀវ​។

អ្នក​នាង ម៉ូលីកា បាន​បន្ថែម​ទៀត​ថា​ ៖ «​នៅ​ក្នុង​ផ្សារ មាន​លក់​ខុនដូ​ផង និង​បុរី​ផង​។ ហើយ​ភ្ញៀវ ពួក​គាត់​គិត​ថា ក្រុមហ៊ុន​ផ្ទះ និង​ខុនដូ​ហ្នឹង មាន​ការិយាល័យ​គោល​នៅ​ក្នុង​ផ្សារ​របស់​យើង​»​។

«​ពេល​ខ្លះ​គាត់​មក​ផ្សារ មិន​ឃើញ​មាន​កម្ម​វិធី​។ គាត់​ក៏​សួរ​ថា ទៅ​ណា​បាត់​ហើយ​? គាត់​បាន​កក់​[​យូនីត​]​ហើយ​។ យើង​ក៏​ត្រូវ​ពន្យល់​គាត់​។ ករណី​នេះ​មាន​ច្រើន​ណាស់​»​។ នេះ​បើ​តាម​សម្តី​របស់​អ្នក​នាង​។​

អ្នក​នាង​បាន​បញ្ជាក់់​ថា​ ៖ «​ខាង​អ្នក​គ្រប់គ្រង​មិន​ទាន់​សម្រេច​ចិត្ត​ថា នឹង​បើក​វិញ​ក្នុង​ពេល​ណា​ទេ ព្រោះ​ឥឡូវ​ពួក​គាត់​កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ថា ដៃ​គូ​ប្រកួត​ប្រជែង​មាន​ច្រើន​។ ដូច្នេះ​គាត់​ចង់​នាំ​យក​រូបភាព និង​កម្មវិធី​ថ្មី​ចូល​ទៅ​ក្នុង​ផ្សារ​នេះ»៕

អត្ថបទគួរចាប់អារម្មណ៍