ពន្លឺភ្លើងនៅពេលរាត្រីដែលចេញពីអគារ Naga 2 កម្ពស់ ២៤ ជាន់បានធ្វើឲ្យសម្រស់រាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង និងភាពទាក់ទាញយ៉ាងខ្លាំងចំពោះយុវវ័យក្នុងការទៅកម្សាន្តនៅតំបន់ក្បែរៗនោះ។ ទោះជាយ៉ាងណាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែពេញចិត្តជាមួយនឹងពន្លឺភ្លើងដ៏ភ្លឺដែលចេញពីអគារនោះទេ។
ម្ចាស់អាផាតមិនមួយដែលស្ថិតនៅទល់មុខអគារ Naga 2 បាននិយាយថា គាត់កំពុងមានមន្ទិលសង្ស័យទៅលើពន្លឺដែលជះចេញពីអគារដ៏ខ្ពស់នោះគឺជាមូលហេតុធ្វើឲ្យអ្នកជួលបន្ទប់ស្នាក់នៅក្នុងអាផាតមិនរបស់លោកមួយចំនួនសម្រេចចិត្តចាកចេញ។
លោកបានប្រាប់ទៀតថា៖ «កាលពីមុនអាផាតមិនរបស់ខ្ញុំធ្លាប់តែមានជនបរទេសជួលស្នាក់នៅពេញៗ ប៉ុន្តែថ្មីៗនេះអ្នកជួលមួយចំនួនបានចាប់ផ្ដើមចាកចេញដោយខ្ញុំមិនដឹងថាវាបណ្តាលមកពីមូលហេតុអ្វីនោះទេ។ ទោះជាយ៉ាងណាខ្ញុំមានអារម្មណ៍ថា អ្នកជួលខ្លះចាកចេញដោយសារតែពន្លឺដែលចាំងពីអគារជិតខាងនៅពេលរាត្រី»។
ស្ត្រីវ័យ ៣០ ឆ្នាំម្នាក់ ដែលកំពុងរស់នៅក្នុងអាផាតមិនមួយនៅក្នុងប្លុកជាមួយគ្នានោះបាននិយាយថា ពន្លឺដែលចាំងពីអគារជិតខាងបានធ្វើឱ្យគាត់ភ្ញាក់ជាញឹកញាប់នៅពេលរាត្រី។
ស្ត្រីរូបនេះបន្ថែមថា៖ «ហេតុអ្វីបានជាមានអគារមួយចំនួនប្រើភ្លើងដែលមានពន្លឺខ្លាំងធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់ពួកយើងនៅពេលរាត្រី? ពន្លឺពីអគារនោះ ភ្លឺខ្លាំងមែនទែនដែលធ្វើឱ្យបន្ទប់គេងរបស់ខ្ញុំនៅតែភ្លឺ ទោះបីជាខ្ញុំបានបិទវាំងននហើយក៏ដោយ។ ការបើកភ្លើងនោះគួរតែមានពេលវេលាកំណត់ច្បាស់លាស់»។
ផលប៉ះពាល់បណ្តាលពីពន្លឺភ្លើងអាចនិយាយថាជាផលប៉ះពាល់ជាអវិជ្ជមាននៃការប្រើប្រាស់ពន្លឺច្រើនជ្រុលពេក ដែលនេះក៏ជាការខ្ជះខ្ជាយថាមពលផងដែរ។
លោក សាត ដារ៉ា សាស្ត្រាចារ្យផ្នែកវិស្វកម្ម និងជាបុគ្គលិកជាន់ខ្ពស់នៃគណៈវិស្វករកម្ពុជាមានប្រសាសន៍ថា ផលប៉ះពាល់ពីការបំពុលដោយពន្លឺ គឺវាអាចរំខានដល់មនុស្សនៅពេលរាត្រី។ នៅពេលយប់មនុស្ស និងសត្វសុទ្ធត្រូវការភាពងងឹត ដើម្បីគេងលក់ស្កប់ស្កល់ ប៉ុន្តែពន្លឺខ្លះអាចរំខានដល់ដំណេករបស់ពួកគេ។
នៅប្រទេសមួយចំនួនច្បាប់ស្តីពីការទប់ស្កាត់ការបំពុលដោយពន្លឺត្រូវបានគេបង្កើតរួចហើយ ប៉ុន្តែរដ្ឋាភិបាលភាគច្រើនមានចេតនាធ្វើមិនដឹងមិនឮពីបញ្ហា ដោយសារតែផលប្រយោជន៍ពាណិជ្ជកម្ម។ នៅសហរដ្ឋអាមេរិករដ្ឋមួយចំនួនបានអនុម័តច្បាប់កាត់បន្ថយការបំពុលដោយពន្លឺ ទោះបីជាច្បាប់ភាគច្រើនសំដៅលើភ្លើងនៅតាមផ្លូវក៏ដោយ។ ចំណែកនៅប្រទេសអង់គ្លេសវិញច្បាប់នេះអាចនិយាយថា មានភាពតឹងតែងជាងនៅអាមេរិក។
លោក ដារ៉ា បានបន្ថែមថា៖ «ច្បាប់នៃការបំពុលដោយពន្លឺមានសារៈសំខាន់ណាស់ចំពោះប្រទេសដែលមានការអភិវឌ្ឍទីក្រុងឆាប់រហ័ស!»។ យ៉ាងណាក៏ដោយលោកមិនដឹងច្បាស់ថា តើកម្ពុជាមានច្បាប់នេះហើយ ឬនៅនោះទេ? ប៉ុន្តែប្រសិនបើមិនទាន់មាន កម្ពុជាគួរបង្កើតច្បាប់មួយនេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មេត មាសភក្ដី បានប្រាប់ថា រាជធានីភ្នំពេញមិនទាន់មានច្បាប់គ្រប់គ្រងលើការបំពុលដោយពន្លឺទេ ព្រោះរហូតមកទល់ពេលនេះសាលារាជធានីមិនទាន់បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋណាមួយនោះទេទាក់ទិននឹងបញ្ហានេះ។
ការព្យាយាមទាក់ទងទៅថ្នាក់ដឹកនាំរបស់ Naga 2 មិនត្រូវបានឆ្លើយតប។
ក្រៅពីអគារ Naga2 ក៏មានអគារផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញដែលបានបញ្ចេញពន្លឺខ្លាំងនៅពេលរាត្រីផងដែរ ដូចជា អគារ Orkide ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តមដែលបានបញ្ចេញនូវពន្លឺពណ៌ស្វាយទៅលើលំនៅឋានជិតខាង និងអគារ Kid City ដែលនៅតាមមហាវិថីព្រះសីហនុ និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មដោយប្រើអំពូលនៅជិតអគារ Canadia Tower, គម្រោង Olympia City ជាដើម។
ស្ត្រីម្នាក់ដែលមានលំនៅឋានទល់មុខអគារ Kid City បាននិយាយដោយមិនបញ្ចេញឈ្មោះថា ពន្លឺដែលជះពីអគារ Kid City បានធ្វើឱ្យគាត់គេងមិនសូវលក់នៅពេលរាត្រី។
គាត់បានបញ្ជាក់ថា គាត់រីករាយនៅពេលឃើញមានពន្លឺជាច្រើននៅតាមដងផ្លូវ ប៉ុន្តែពន្លឺពីអគារខ្លះរំខានដល់ដំណេករបស់គាត់។ ដូច្នេះគាត់បានទិញវាំងននដើម្បីបាំងពន្លឺកុំឱ្យចូលក្នុងបន្ទប់គេងរបស់គាត់។
យ៉ាងណាក៏ដោយការបំពុលដោយពន្លឺមិនគ្រាន់តែជាបញ្ហាពេលយប់ និងជាបញ្ហារបស់អ្នកស្នាក់នៅនោះទេ។ កញ្ចក់ និងលោហៈដែលប្រើលើអគារខ្ពស់នៅក្នុងទីក្រុងក៏អាចក្លាយជាកញ្ចក់ដែលចាំងលើគេហដ្ឋាន និងអាជីវកម្មមួយចំនួនផងដែរ។
បុរសវ័យ ៤០ ឆ្នាំ ១ រូបដែលបានប្រកបរបរបន្តិចបន្តួចនៅតាមផ្លូវសុធារស ទល់មុខអគារ Naga 2 បានឱ្យដឹងថា ចំណាំងប្លាតចេញពីកញ្ចក់អគារនោះបានជះលើខ្លួនគាត់ និងធ្វើឱ្យគាត់ក្ដៅខ្លាំងនៅពេលរសៀល។ លោកបានបន្តថា ចាប់ពីម៉ោង ៣-៥ រសៀល ពន្លឺព្រះអាទិត្យដែលចាំងប្លាតពីអគារនោះបានធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់គាត់ និងអ្នកធ្វើដំណើរព្រមទាំងធ្វើឱ្យកន្លែងនោះមានកម្តៅកើនឡើងផងដែរ។
ទន្ទឹមនឹងមានការត្អូញត្អែរពីមនុស្សមួយចំនួនពីផលអវិជ្ជមាននៃពន្លឺភ្លើងនាពេលរាត្រីនោះក៏មានមនុស្សមួយចំនួនផ្សេងទៀតបានសម្តែងនូវក្តីរីករាយដែលពួកគេទទួលបានពីពន្លឺនាពេលរាត្រីទាំងនោះផងដែរ ព្រោះវាធ្វើឲ្យការប្រកបរបររបស់គាត់កាន់តែមានភាពរីកចម្រើន។
ស្ត្រីម្នាក់ដែលប្រកបរបរលក់ចំណីអាហារនៅក្បែរ Naga 2 បាននិយាយថា ពន្លឺភ្លើងបានទាក់ទាញមនុស្សជាច្រើនមកកាន់ទីនេះ ដែលធ្វើឲ្យការលក់របស់គាត់មានអតិថិជនច្រើនជាងមុន៕