The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ចិន​វិនិយោគ​លើ​ផ្ទះ ​ច្រើន​ជាង​ផលិតផល​ហិរញ្ញវត្ថុ

ពលរដ្ឋ​ចិន​វិនិយោគ​លើ​ផ្ទះ ​ច្រើន​ជាង​ផលិតផល​ហិរញ្ញវត្ថុ

Content image - Phnom Penh Post
ទិដ្ឋភាព​អគារ​ខ្ពស់ៗក្នុ​ងសង្កាត់ពាណិជ្ជកម្ម​​មួយ​នៅទីក្រុង​ប៉េកាំង​​។ រូបថត AFP

ពលរដ្ឋ​ចិន​វិនិយោគ​លើ​ផ្ទះ ​ច្រើន​ជាង​ផលិតផល​ហិរញ្ញវត្ថុ

ក្រុង​ប៉េកាំងៈ ការ​​បែងចែក​​​ទ្រព្យ​សម្បត្តិ​​​​គ្រួសារ​របស់​ពលរដ្ឋ​ចិន​​ក្នុង​ទីក្រុង​​នៅ​​​ប្រទេស​ ចិន ក្នុង​​ឆ្នាំ ​២០១៧ ​​មិន​មាន​​តុល្យភាព​ទេ​ ដោយ​ជិត ៨០​ ភាគរយ​នៃ​ទ្រព្យ​សម្បត្តិ​​គ្រួសារ​ត្រូវ​បាន​ចំណាយ​​លើ​ការ​ទិញ​​​ផ្ទះ​​ ​ទោះ​បី​​​ទ្រព្យ​សរុប​ជា​មធ្យម​​របស់​​គ្រួសារ​ទាំង​នេះ​​​​បាន​កើន​ឡើង​​​លឿន​គួរសម​ក្តី​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ពី​សប្តាហ៍​មុន។​

ទ្រព្យ​​សរុប​ជា​មធ្យម​​របស់​គ្រួសារ​​នៅ​ទីក្រុង​បាន​​កើន​​​ដល់​ ១,៥​ លាន​​យន់​ (២២១ ០០០ ​ដុល្លារ) ​ក្នុង​ ​១ ​គ្រួសារ​ក្នុង​ឆ្នាំ ​២០១៧​ ​ដោយ​អត្រា​កំណើន​​​ប្រចំា​ឆ្នាំ​រួមមាន ​៧,៦ ភាគរយ​ដែល​​កើន​​ពី ​៩៧០ ០០០ ​យន់​ក្នុង​ឆ្នាំ​ ២០១១។ ​តួលេខ​​នេះ​ត្រូវ​បាន​រំពឹង​ថា​កើន​ឡើង​ដល់​ ១,៦២​ លាន​យន់​​ក្នុង​ឆ្នាំ ​២០១៨​។ ​នេះ​បើ​យោង​តាម ​របាយ​ការណ៍​ដែល​ចេញ​​រួម​គ្នា​ដោយ​​ក្រុមហ៊ុន China Guangfa Bank ​និង​សាកល​វិទ្យាល័យ​​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ភាគ​និរតី។

របាយការណ៍​នេះ​មាន​មូលដ្ឋាន​​​លើ​ការ​អង្កេត​​​​លើ​គ្រួសារ​ជិត ១០ ០០០ ​គ្រួសារ​​​​​ដែល​​រស់​​នៅ​ក្នុង​ទីក្រុង​ចំនួន ​២៣ ​ នៅ​ទូទាំង​​​ប្រទេស ​ចិន ​​​​​​ ដែល​ជា​មធ្យម​​មាន​ចំណូល​គ្រួសារ​ប្រចំា​ឆ្នាំ​លើស​ពី ​៦៧ ៨១៧ ​យន់​​​​។

របាយការណ៍​នេះ​បន្ត​ថា​ ទ្រព្យ​​​​ជា​​ផ្ទះ​សំបែង​​​មាន​ចំណែក​​​យ៉ាង​​​ធំ ​​ឬ​ស្មើ​នឹង ​៧៧​,៧ ​ភាគរយ​នៃ​ទ្រព្យ​សរុប​របស់​​​គ្រួសារ​នៅ​​ទីក្រុង​​ក្នុង​ឆ្នាំ ២០​១៧​ ​រី​ឯ​ទ្រព្យ​សម្បត្តិ​ហិរញ្ញវត្ថុ​មាន​ចំនួន​តែ ​១១,៨ ​ភាគរយ​​ប៉ុណ្ណោះ។

របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ថា ​សមាមាត្រ​​​ទ្រព្យ​ជា​​​ហិរញ្ញវត្ថុ​​​ធៀប​នឹង​​ទ្រព្យ​សម្បត្តិ​សរុប​​របស់​​​​គ្រួសារ​​ក្នុង​ទីក្រុង​​​របស់​ចិន មាន​កម្រិត​​ទាប​ខ្លាំង​ជាង​សមាមាត្រ​​របស់​​​គ្រួសារ​​​​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​​ដូច​ជា​​ ជប៉ុន​ (៦១,១ ​ភាគរយ​) សិង្ហបុរី (៥៦ ​ភាគរយ) ​និង​ ​អង់គ្លេស (៥២,២ ​ភាគរយ)។

ក៏​មាន​អតុល្យភាព​​ផង​ដែរ​​​ក្នុង​ការ​បែង​ចែក​​ទ្រព្យ​សម្បត្តិ​ជា​ហិរញ្ញវត្ថុ​​របស់​គ្រួសារ​​ទាំង​នោះ ដោយ​​ក្នុង​នោះ​​ ទ្រព្យ ៤២,៩ ​ភាគរយ​​ត្រូវ​បាន​រក្សា​ទុក​​​នៅ​ធនាគារ​ ​បើ​ធៀប​នឹង​ផលិតផល​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ (ផលិតផល​ហិរញ្ញវត្ថុ) ​​(១៣,៤ ​ភាគរយ​) ភាគហ៊ុន​ (៨,១ ​ភាគរយ​) រក្សា​ទុក​ក្នុង​​មូលនិធិ (៣,២​ ភាគរយ) ​និង​មូលបត្រ​បំណុល ​(០,៧​ ភាគរយ)។

កង្វះ​ពិពិធកម្ម​​ គឺ​ជា​បញ្ហា​​មួយ​ទៀត​សម្រាប់​​ការ​បែង​ចែង​ទ្រព្យ​របស់​គ្រួសារ​​ចិន។ ​របាយការណ៍​នេះ​​បាន​រក​ឃើញ​ថា ​៦៧,៧ ភាគរយ​នៃ​គ្រួសារ​​​ចិន​បាន​វិនិយោគ​​លើ​​​​​ផលិតផល​តែ​មួយ​ប្រភេទ​ ខណៈ​មាន​តែ​​​​ ១០,៦ ​ភាគរយ​​​ប៉ុណ្ណោះ​ដែល​វិនិយោគ​លើ​ផលិតផល​យ៉ាង​ហោច​ ​៣ ​ប្រភេទ​។

ទោះ​បី​ជា​​​ស្វែង​រក​ចំណូល​ខ្ពស់​ក្តី ក៏​វិនិយោគិន​ចិន​​​ទទួល​យក​ហានិភ័យ​​​ទាប​។ ​ជាង​​ពាក់​កណ្តាល​​នៃ​គ្រួសារ​ដែល​ត្រូវ​បាន​ចុះ​​​អង្កេត​​ មិន​មាន​ឆន្ទៈ​ទទួល​យក​ការ​ខាតបង់​​ណា​មួយ​​​​​​លើ​ទុន​​របស់​ពួក​គេ​ឡើយ​​ក្នុង​ពេល​​វិនិយោគ​​លើ​​​ផលិតផល​​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​​​ដែល​ផ្តល់​ដោយ​ធនាគារ​ ​ហើយ ១២,៩ ​ភាគរយ​នៃ​ពួក​​គេ​​មាន​ឆន្ទៈ​​ទទួល​យក​ការ​ខាតបង់​​ប្រាក់​ដើម ​៥ ​ភាគរយ​ឬទាប​​​ជាង​​នេះ។

លោក Zong Lexin អនុ​ប្រធាន​​ធនាគារ China Guangfa បាន​ថ្លែង​ថា ​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​មិន​គ្រប់គ្រាន់​គឺ​ជា​​​ចំណុច​ចម្បង​​​នៃ​បញ្ហា​គ្រប់គ្រង​​ទ្រព្យ​សម្បត្តិ​​ទាំង​នេះ​។ លោក​បន្ថែម​ថា​ វិទ្យាស្ថាន​​ហិរញ្ញវត្ថុ​​​គួរ​តែ​លើក​កម្ពស់​​​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ ​បន្ថែម​លើ​ការ​ផ្តល់​ផលិតផល ​​​និង​សេវា​​ដែល​បំពេញ​តាម​​តម្រូវ​ការ​គ្រួសារ​។ ​

លោក Xu Shu អនុ​ប្រធាន​មជ្ឈមណ្ឌល​​អង្កេត និង​​ស្រាវជ្រាវ​​​​សម្រាប់​ហិរញ្ញវត្ថុ​​គ្រួសារ​ចិន​​នៅ​សាកល​វិទ្យាល័យ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​​ភាគ​និរតី​បាន​ផ្តល់​ដំបូន្មាន​​ដល់​គ្រួសារ​​ដែល​ខ្វះ​​បទ​ពិសោធ​វិនិយោគ​​ឲ្យ​បង្កើន​​សមត្ថភាព​ឆ្លើយ​តប​ហានិភ័យ​​​របស់​ពួក​គេ​​ដោយ​មាន​ជំនួយ​​ពី​​វិទ្យាស្ថាន​​គ្រប់គ្រង​​ទ្រព្យ​សម្បត្តិ​​វិជ្ជា​ជីវៈ​។ ​

លោក Ethan Wang ប្រធាន​យុទ្ធសាស្រ្ត​​​វិនិយោគ​​នៅ​ធនាគារ Standard Chartered Bank China Wealth Management បាន​មាន​ប្រសាសន៍​​ថា​៖ «​​​យើង​លើក​ទឹក​ចិត្ត​វិនិយោគិន​​​ឲ្យ​ធ្វើ​ពិពិធកម្ម​​​ ​ទ្រព្យ​​របស់​ពួក​គេ​ ខណៈ​​ដែល​ការ​ប្រែប្រួល​​ទីផ្សារ​មូលធន​យ៉ាង​លឿន​​នឹង​កើន​ឡើង​នៅ​ឆ្នាំ​នេះ»៕ People's Daily/PS

អត្ថបទគួរចាប់អារម្មណ៍