
សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍អចលនទ្រព្យកម្ពុជា ឆ្នាំ ២០១៩ ដែលរៀបចំកាលពីម្សិលមិញ។ ហ៊ឹន ពីសី
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក និងអន្តរជាតិប្រមាណ ១០០ ក្រុមហ៊ុននឹងត្រូវចូលរួមនៅក្នុង «ពិព័រណ៍លំនៅឋានកម្ពុជា ឆ្នាំ ២០១៩» (Home & Lifestyle Expo 2019) ដែលនឹងរៀបចំនៅកោះពេជ្រ នៅចុងខែមេសានេះ ខណៈអ្នកជំនាញអះអាងថា កម្មវិធីនេះនឹងអាចជួយទាក់ទាញអ្នកវិនិយោគបរទេសឲ្យចូលមកវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ នៅកម្ពុជាកាន់តែច្រើន។
ពិព័រណ៍លំនៅឋានកម្ពុជា ឆ្នាំ ២០១៩ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៦-២៧ ខែ មេសា ខាងមុខ ដោយមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ក្នុងប្រទេស និងក្រៅប្រទេសដូចជា គម្រោងលំនៅឋាន បុរី ខុនដូ និងដីឡូត៍ជាដើម។
លោក Thomas O''Sullivan នាយកប្រតិបត្តិនៃគេហទំព័រអចលនទ្រព្យ realestate.com ដែលជាអ្នករៀបចំកម្មវិធីនេះ កាលពីថ្ងៃម្សិលមិញបាននិយាយថា មានវិនិយោគិនបរទេសមួយចំនួនមិនទាន់បានស្គាល់ ឬយល់ដឹងពីស្ថានភាពនៃការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាទេ។ ហេតុនេះកម្មវិធីនេះនឹងជួយជំរុញទីផ្សារអចលនទ្រព្យនៅកម្ពុជាកាន់តែប្រសើរឡើងទាំងនៅក្នុងស្រុក និងនៅលើទីផ្សារអន្តរជាតិ។
លោកនិយាយថា៖ «តាមរយៈកម្មវិធីនេះនឹងធ្វើឲ្យជនបរទេសកាន់តែច្រើនចាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យនៅកម្ពុជា»។
លោកបានបន្តថា កម្មវិធីនេះអាចនិយាយថា ជាពេលវេលាដ៏ល្អសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ក៏ដូចជាការវិនិយោគផងដែរ។
លោកបញ្ជាក់ថា៖ «កម្មវិធីនេះនឹងប្រមូលផ្តុំនូវគម្រោងអចលនទ្រព្យថ្មីៗ ព្រមទាំងក្រុមហ៊ុនជាច្រើនដែលមាន ឥទ្ធិពល និងដើរតួនាទីសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា»។
លោក សួស ចិន្តា អគ្គលេខាធិការនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ថា វិស័យអចលនទ្រព្យ និងសំណង់កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ហើយភាពរីកចម្រើននៅក្នុងវិស័យនេះនឹងបន្តលើសពី ៥ ឆ្នាំទៅមុខទៀត។ លោកបន្តថា កម្មវិធីនេះនឹងអាចទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកវិនិយោគបរទេស។
លោកថ្លែងថា៖ «ដោយសារកម្ពុជាមានស្ថិរភាពនយោបាយល្អ និងច្បាប់មានភាពអនុគ្រោះច្រើនសម្រាប់វិនិយោគិនបរទេសនោះ ដូច្នេះតាមរយៈពិព័រណ៍នេះនឹងអាចជួយទាក់ទាញជនបរទេសឲ្យចូលមកទិញ និងបណ្តាក់ទុននៅកម្ពុជាទៀតផង»។
ទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ទុនវិនិយោគវិស័យសំណង់កាលពីឆ្នាំ ២០១៨ មានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ ថយចុះចំនួន ១៨,៦៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលមានតម្លៃជាង ៦ ៤២៨ លានដុល្លារ៕ LA