ពិព័រណ៍ឧស្សាហកម្មបរិក្ខារសំណង់កម្ពុជាដែលនឹងចាប់ផ្តើមនៅចុងខែវិច្ឆិកាខាងមុខនេះនឹងមានក្រុមហ៊ុនចូលរួមច្រើនជាងមុន និងមានទំហំធំជាងមុន ជាអ្វីដែលពិព័រណ៍នេះនឹងផ្តល់ជូនក្រុមហ៊ុនចូលរួមអាចស្វែងរកដៃគូអាជីវកម្ម និងការតាំងបង្ហាញសម្ភារបរិក្ខារជាបច្ចេកវិទ្យាចុងក្រោយក្នុងវិស័យសំណង់នៅកម្ពុជា។
ប្រធានផ្នែកទីផ្សារនៃសមាគមអ្នកសាងសង់កម្ពុជាលោក អ៊ុំ ទីវ័ន្ត បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃចន្ទថារហូតមកទល់ពេលនេះស្តង់ចំនួន ៣០០ ដែលគ្រោងរៀបចំក្នុងពិព័រណ៍នេះទទួលបានការកក់អស់ ៨០ ភាគរយហើយជាមួយនឹងវត្តមានក្រុមហ៊ុនចិនជាប់លំដាប់ទី ១ ដែលមានប្រមាណ ៧០ ក្រុមហ៊ុន បារាំងជាប់លេខ ២ ដែលមានក្រុមហ៊ុនប្រមាណ ៣៥ ទៅ ៤០ ក្រុមហ៊ុនក្រៅពីនោះគឺក្រុមហ៊ុនវៀតណាម ម៉ាឡេស៊ី សាំងហ្កាពួរ និងកូរ៉េជាដើម។
លោកបន្តថា ពិព័រណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូខាងមុខនេះ និងរំពឹងមានមនុស្សចូលរួមទស្សនា និងស្វែងរកឱកាសវិនិយោគប្រមាណ ១៥,០០០ នាក់ ខណៈការរៀបចំលើកទី ៥ កាលពីឆ្នាំមុនមានមនុស្សចូលរួមប្រមាណ ១ ម៉ឺននាក់។
លោកបន្តថា៖ «ពិព័រណ៍នេះពិតជាមានសារៈសំខាន់ណាស់ព្រោះយើងផ្តល់ឱកាសឲ្យអ្នកវិនិយោគក្នុង និងក្រៅប្រទេសអាចស្វែងរកដៃគូវិនិយោគរួមគ្នា និងបង្ហាញពីបច្ចេកវិទ្យាចុងក្រោយនៃសម្ភារបរិក្ខារសំណង់ពីប្រទេសនានា មកពីជុំវិញពិភពលោក»។ លោកបន្តថា៖ «ដោយសារពិព័រណ៍នេះធ្វើឡើងតាមស្តង់ដាអន្តរជាតិ និងវិស័យសំណង់នៅកម្ពុជាកំពុងរីកចម្រើនទើបពិព័រណ៍លើកទី ៦ នេះមានទំហំធំជាងមុន ២៥ ភាគរយ»។
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំនេះមានការសហការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតបារាំងប្រចាំកម្ពុជា គណៈស្ថាបត្យកម្មកម្ពុជា គណៈវិស្វករកម្ពុជា សហព័ន្ធអ្នកសាងសង់អាស៊ាន សហព័ន្ធអន្តរជាតិ នៃសមាគមអ្នកសាងសង់អាស៊ីប៉ាស៊ីហ្វិកខាងលិចជាដើម។
លោក ឈាន មនោឬទ្ធិ តំណាងផ្នែកលក់នៃក្រុមហ៊ុន CONFLUENCES DISTRIBUTION Co., Ltd. ដែលមានមូលដ្ឋាននៅប្រទេសបារាំង និងបាននាំចូលផលិតផលប្រើប្រាស់ក្នុងលំនៅឋាន សម្ភារកីឡា និងសម្ភារបំពង់ពន្លត់អគ្គិភ័យជាដើមបានថ្លែងថាការចូលរួមក្នុងពិព័រណ៍នេះដោយសារយើងចង់ឲ្យគេស្គាល់ពីផលិតផលរបស់យើង និងនាំមកនូវផលិតផលថ្មីៗមកកាន់ទីផ្សារកម្ពុជា ជាក់ស្តែងឆ្នាំនេះយើងនាំយកកម្រាលជ័រមកតាំងបង្ហាញព្រោះវាជាផលិតផលថ្មីផលិតនៅប្រទេសបារាំង។ កម្រាលជ័រនេះអាចប្រើប្រាស់ជំនួសការ៉ូ និងមានទម្ងន់ស្រាលព្រមទាំងបញ្ចៀសការបែកបាក់ផងដែរ។
លោកបន្តថា៖ «នេះជាឆ្នាំទី ២ ដែលក្រុមហ៊ុនរបស់យើងចូលរួមក្នុងពិព័រណ៍ដ៏មានសារៈសំខាន់នេះហើយគោលដៅនៃការចូលរួមតាំងពិព័រណ៍របស់យើង គឺជាការបង្ហាញពីផលិតផលរបស់យើងទៅកាន់អ្នកវិនិយោគជាតិ និងអន្តរជាតិ»។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាលោកឧកញ៉ា លី ហួរ បានថ្លែងថាពិព័រណ៍នេះពិតជាមានសារៈសំខាន់ព្រោះជាការដាក់តាំងបង្ហាញនូវផលិតផល និងបច្ចេកវិទ្យាថ្មីៗដែលជាផលិតផលចុងក្រោយជួយធ្វើឲ្យមានគុណភាព និងសោភ័ណភាពខ្ពស់ក្នុងវិស័យសំណង់។
លោកបន្តថាពីមួយឆ្នាំទៅមួយឆ្នាំផលិតផលថ្មីៗចេះតែមានការវិវឌ្ឍដែលធ្វើឲ្យអ្នកវិនិយោគក្នុងវិស័យសំណង់មានការចាប់អារម្មណ៍ និងប្រើប្រាស់សម្រាប់គម្រោងរបស់ខ្លួន។
លោកបន្តថា៖ «ការធ្វើទំនើបកម្មបច្ចេកវិទ្យាថ្មីៗជួយឲ្យការសាងសង់បានលឿនជាងមុន និងកាត់បន្ថយការចំណាយ ប៉ុន្តែបច្ចេកវិទ្យាថ្មីៗជាផលិតផលទាន់សម័យមានគុណភាពល្អ និងក៏មានតម្លៃថ្លៃផងដែរ»៕