ភ្នំពេញៈ ព្រឹត្តិការណ៍​តាំងពិព័រណ៍ Cambuild''19 បាន​ទាក់ទាញ​ក្រុមហ៊ុន​មក​ចូលរួម​តាំង​បង្ហាញ​ផលិតផល​យ៉ាងច្រើន​បើ​ធៀប​នឹង​ឆ្នាំមុន ខណៈ​ពេល​ដែល​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​កំពុង​បង្ហាញ​ភាព​ទាក់ទាញ និង​រីកចម្រើន​។

លោក Andrew Siow ប្រធាន​ក្រុមហ៊ុន AMB Tarsus ដែលជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ប្រចាំឆ្នាំ Cambuild''19 បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ១៨-២០ ខែកញ្ញា ឆ្នាំ​ ២០១៩ នៅ​សាល​ពិព័រណ៍​កោះពេជ្រ​នេះ​មាន​ក្រុមហ៊ុន​ប្រមាណ​ ៥០០ ដែល​មកពី ២៨ ប្រទេស​ចូលរួម ដែល​មកពី​វិស័យ​ផលិត​សម្ភារ​សំណង់ ស៊ីម៉ងត៍ ផលិតផល​អេឡិចត្រូនិក ម៉ាស៊ីន​ត្រជាក់ គ្រឿងអគ្គិសនី អំពូលភ្លើង និង​ផលិតផល​ធ្វើ​ពី​ឈើ​ជាដើម​។

កាលពី​ព្រឹត្តិការណ៍ Cambuild''18 ឆ្នាំមុន មាន​ក្រុមហ៊ុន​តែ​ជាង ៣៥០ មកពី​ប្រទេស​ចំនួន ២៣ ​ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អន្តរជាតិ​នេះ​។

ក្នុង​ចំណោម​ក្រុមហ៊ុន​ប្រមាណ ៥០០ នេះ​ក្រុមហ៊ុន Horizon Exports ដែល​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា និង​មាន​ផលិតកម្ម​ផលិតផល​ទាក់ទង​នឹង​សម្ភារ​អគ្គិសនី និង​ទឹក ដូចជា​ខ្ចៅ និង​ឧបករណ៍​ត​ភ្ជាប់​ជាដើម​ក៏​បាន​ចូលរួម​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​ផងដែរ​។

ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍ Cambuild''19 កាលពី​ម្សិលមិញ​លោក Anshul Goyal អ្នក​តំណាង​ក្រុមហ៊ុន Horizon Exports បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ការរីកចម្រើន​របស់​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន Horizon Exports ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការយក​ផលិតផល​ថ្មីៗ​របស់​ក្រុមហ៊ុន​យក​មក​ដាក់តាំង​បង្ហាញ និង​លក់​នៅ​កម្ពុជា​។

លោក​បន្ត​ថា​តាមរយៈ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍ Cambuild''19 ក្រុមហ៊ុន Horizon Exports ក៏ត្រូវ​ការស្វែងរក​ដៃ​គូ​សម្រាប់​ចែកចាយ​ផលិតផល​បន្ត​ផងដែរ​។

លោក​ថ្លែងថា​៖ «​ទោះបី​នេះ​ជា​លើក​ទី​ ១ ដែល​ខ្ញុំ​មកដល់​ប្រទេស​កម្ពុជា តែ​ខ្ញុំ​សង្កេត​ឃើញ​ថា នៅទីនេះ​ជា​ទីផ្សារ​ធំ​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ​ក្នុង​ការយក​ផលិតផល​មក​ដាក់លក់​»​។ ទីផ្សារ​នេះ​កំពុង​ស្ទុះ​ងើប​ខ្លាំង​! នេះ​ជា​ឱកាស​ល្អ​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ​ក្នុង​ការចូល​ក្នុង​ទីផ្សារ​មួយ​នេះ​»​។

លោក​បន្តថា បច្ចុប្បន្ន​ផលិតផល​របស់​ក្រុមហ៊ុន Horizon Exports កំពុងមាន​វត្តមាន​ក្នុងប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ាន​ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​សិង្ហបុរី ជាដើម​។

លោក Chou Somitra ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ផលិត​ឥដ្ឋ​បេតុង Beton Block & Pave បាន​និយាយថា ទីផ្សារ​សម្ភារ​សម្រាប់​ទ្រទ្រង់​ក្នុង​វិស័យ​សំណង់​កំពុងមាន​កំណើន​ខ្ពស់​នៅ​កម្ពុជា​។ លោក​បន្ថែមថា ជាក់ស្តែង​ការផលិត​ឥដ្ឋ​បេតុង (concrete Block) របស់​ក្រុមហ៊ុន​លោក​ដែល​ទើប​បើក​ដំណើរការ​នៅ​កម្ពុជា​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ ពេល​ខ្លះ​មិនអាច​ផលិត​ទាន់​តម្រូវការ​ឡើយ​។

លោក​បន្តថា​៖ «​ជាមួយ​នឹង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​ធំៗ បច្ចុប្បន្ន​ការផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ពេលខ្លះ​មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​ដែល​មាន​កំណើន​ជាបន្តបន្ទាប់​បាន​ទេ​»​។

លោក ជីវ ស៊ីវផេង ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា កាលពីពេល​ថ្មីៗ​បាន​និយាយថា ជាមួយ​នឹង​ទំនុកចិត្ត​របស់​វិនិយោគិន​លើ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​នោះ​បាន​ធ្វើឲ្យ​អ្នក​អភិវឌ្ឍន៍​ដែល​មក​ដាក់ពាក្យ​ស្នើសុំ​ច្បាប់​សាងសង់​មាន​កំណើន​ជា​បន្តបន្ទាប់​។

លោក​ថា​បច្ចុប្បន្ន​គម្រោង​សាងសង់​បាន​លេចឡើង​ស្ទើរ​គ្រប់កន្លែង ពិសេស​នៅ​ប៉ូល​សេដ្ឋកិច្ច​សំខាន់ ២ គឺ​ក្រុងភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ដែល​គ្រប់​គម្រោង​ទាំងអស់​សុទ្ធតែ​ត្រូវការ​សម្ភារ​សំណង់​មាន​គុណភាព និង​មាន​បច្ចេកវិទ្យា​ទំនើប​៕ LA