វិហារអង់គ្លិនខិន នៃសាសនាគ្រិស្តដ៏ធំនៅតំបន់បឹងកេងកង ១
ស្ថិតនៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីវិមានឯករាជ្យក្នុងសង្កាត់បឹងកេងកង ១ ជាទីពេញនិយមសម្រាប់សំណង់អគារខុនដូ អាផាតម៉ិន និងអគារពាណិជ្ជកម្មចម្រុះជាច្រើនប្រភេទ។ ទីនោះក៏មានរំលេចដោយស្ថាបត្យកម្មសំណង់ដ៏ល្អប្លែកមួយគឺព្រះវិហារគ្រិស្តសាសនានៃនិកាយអង់គ្លិនខិន (Anglican Church of Christ Our Peace) ដ៏ធំសម្បើមត្រៀមខ្លួននឹងបើកទ្វារទទួលគ្រិស្តសាសនិកជននាពេលខាងមុខឆាប់ៗនេះ។
ព្រះវិហារអង់គ្លិនខិន សង់នៅលើដីឡូត៍ធំមួយ ជាង ៧០០ ម៉ែត្រការ៉េនៅផ្លូវលេខ ២៩៤ (ខាងត្បូងវត្តលង្កា)។ មេការសំណង់នៅទីនោះបានឲ្យដឹងថាអគារនេះមានផ្ទៃបាត ១ ជាន់ទំហំ ៤៣០ ម៉ែត្រការ៉េ និងមានកម្ពស់ ៧ ជាន់សម្រាប់ជាវិហារសាសនាគ្រិស្តផងទីកន្លែងការិយាល័យធ្វើការផង និងទីកន្លែងសម្រាប់រៀបចំពិធីនានា។ ម្ចាស់គម្រោងអគារនេះមកពីប្រទេសសិង្ហបុរី ពួកគាត់នឹងដឹកជញ្ជូនសម្ភារចូលមកកាន់ទីនេះនៅថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៨ ខាងមុខនេះ៕ ខ្លឹមសារ និងរូបថត មឿន ញាណ
ស្ពានដែកបាឡេឆ្លងទន្លេសាបបើកដំណើរការ
ស្ពានបាឡេថ្មី ១ ឆ្លងកាត់ទន្លេសាបតាមបណ្តោយផ្លូវជាតិលេខ ៥ នៃខណ្ឌឫស្សីកែវទៅខណ្ឌជ្រោយចង្វារត្រូវបានបើកដំណើរជាផ្លូវការហើយកាលពីថ្ងៃទី ៨ ខែឧសភានេះ។ ស្ពានដែលមានប្រវែងប្រហែល ៥០០ ម៉ែត្រនេះត្រូវគេរំពឹងថានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកើតឡើងបន្ទាប់ពីការបិទស្ពានជ្រោយចង្វារទី ១។ តាមផែនការស្ពានជ្រោយចង្វារទី ១ នឹងបើកដំណើរការឡើងវិញក្នុងឆ្នាំ ២០១៩។
ការពង្រីកផ្លូវជាតិលេខ ៣ ចាប់ផ្តើមដំណើរការ
ផ្លូវជាតិលេខ ៣ ជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ដែលតភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត តាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ការដ្ឋានពង្រីកផ្លូវជាតិលេខ ៣ ដែលមានប្រវែង ១៣៤ គីឡូម៉ែត្រនេះនឹងត្រូវប្រើពេល ៤៨ ខែ។ ផ្លូវនេះស្ថាបនាដោយក្រុមហ៊ុន China Road and Bridge Corporation របស់ប្រទេសចិន។
ព្រលានយន្តហោះថ្មីនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៥
ការសាងសង់ព្រលានយន្តហោះអន្តរជាតិដែលស្ថិតនៅក្បែរក្រុងតាខ្មៅនឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ ខាងមុខ។ គម្រោងនេះនឹងគ្រប់គ្រងដោយក្រុមហ៊ុន Cambodia Airport Investment Co. Ltd ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Overseas Cambodia Investment Corporation (OCIC) ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ អាកាសយានដ្ឋានថ្មីនេះនឹងគ្របដណ្តប់លើផ្ទៃដីចំនួន ២៦០០ ហិកតា។
ការិយាល័យរួមធំជាងគេបើកជាផ្លូវការ
Factory Phnom Penh ដែលជាការិយាល័យរួមធំជាងគេនៅប្រទេសកម្ពុជាបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃសៅរ៍កន្លងមក។ មានទីតាំងស្ថិតនៅក្នុងខណ្ឌមានជ័យចម្ងាយប្រហែល ១ គីឡូម៉ែត្រខាងត្បូងស្ពានព្រះមុនីវង្ស អគារនេះមានផ្ទៃដី ៣.៤ ហិកតាដែលធ្វើឲ្យវាមានទំហំធំធេងជាងការិយាល័យរួមផ្សេងៗទៀតនៅកម្ពុជា។ Factory Phnom Penh មានប្រភពពីរោងចក្រកាត់ដេរចាស់ដែលក្រោយមកត្រូវបានកែលម្អ និងបានក្លាយជាការិយាល័យរួមថ្មីបំផុត នៅកម្ពុជា៕