ព្រះអាទិត្យរៀបអស្តង្គតនៅលើការដ្ឋានសាងសង់ស្ពានបាឡេ
កម្មករសំណង់ជាច្រើនក្រុមបានផ្លាស់ប្តូរវេនគ្នាធ្វើការពេញ ២៤ម៉ោង ដើម្បីព្យាយាមបញ្ចប់ការដ្ឋានសាងសង់ស្ពានដែកមួយដែលភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅក្រុងរណបជ្រោយចង្វារ (OCIC)។
ស្ពាននេះគ្រោងនឹងបើកឲ្យប្រជាជនឆ្លងកាត់នាអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ស្ពាននេះបានចាប់ផ្តើមសាងសង់កាលពីខែកញ្ញា ឆ្នាំ ២០១៧ ដោយក្រុមហ៊ុន CSCC ហើយគ្រោងនឹងបញ្ចប់ត្រឹមរយៈពេល ៦ ខែក្នុងគម្រោងទឹកប្រាក់ ១០ លានដុល្លារដែលជាការចំណាយរបស់ក្រុមហ៊ុន OCIC៕ រូបថត មឿន ញាណ
Residences Bel air ស្ដង់ដារបែបបារាំងនឹងបង្ហាញខ្លួននៅកម្ពុជា
Residences Bel Air ដែលជាខុនដូមានស្តង់ដារបែបបារាំង កម្ពស់ ១៨ ជាន់ ស្មើនឹង ៨២ យូនីតស្ថិតនៅតំបន់ជ្រោយចង្វារបានប្រកាសលក់ជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងមក។
គម្រោងនេះគឺជាការវិនិយោគរួមគ្នារវាងវិនិយោគិនក្នុងស្រុក និងបរទេសក្រោមទុនវិនិយោគ ៨ លានដុល្លារ។ គម្រោងនេះគ្រោងនឹងចំណាយពេលសាងសង់រយៈពេល ៣០ ខែ។ បន្ទប់ស្នាក់នៅនីមួយៗនឹងត្រូវរចនាឡើងយ៉ាងពិសេសដោយមានទំហំចាប់ពី ៤២-១៩៦ ម៉ែត្រការ៉េ៕
The Penthouse Resi-dence ឡើងដល់ជាន់លើបង្អស់
ការសាងសង់ The Penthouse Residence ដែលនៅទល់មុខផ្សារទំនើប Aeon Mall 1 បានឈានឡើងដល់ជាន់ទី ៣៦ ហើយនាពេលនេះ។ គម្រោងនេះចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ នេះក្រោមទុនវិនិយោគចំនួន ៣០ លានដុល្លារ។
The Penthouse Residence មានបន្ទប់ស្នាក់នៅសរុបចំនួន ៤៥៨ យូនីត ដោយមានតម្លៃចាប់ពី ១០ ម៉ឺនដុល្លារឡើងទៅក្នុង ១ យូនីត។ បច្ចុប្បន្នការលក់សម្រេចបាន ៧០ ភាគរយហើយ៕
ស្ពានអាកាសស្តុបផ្សារដីហុយនឹងបើកឲ្យធ្វើដំណើរបណ្តោះអាសន្ន
ស្ពានអាកាសទី ៥ នៅក្នុងរាជធានីភ្នំពេញដែលស្ថិតនៅចំណុចភ្លើងស្តុបផ្សារដីហុយនឹងបើកឲ្យធ្វើដំណើរឆ្លងកាត់ចាប់ពីថ្ងៃទី ១២ ខែមេសានេះរហូតដល់ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។ បន្ទាប់ពីនោះការធ្វើដំណើរឆ្លងកាត់នឹងត្រូវបិទ ដើម្បីឲ្យក្រុមការងារសាងសង់បន្តដែលអាចនឹងប្រើប្រាស់ពេលប្រហែល ២ ខែ។ ស្ពាននេះមានប្រវែង ៩០៥ ម៉ែត្រ និងទទឹង ១៦.៥ ម៉ែត្រ៕
Keystone នឹងចូលក្នុងទីផ្សារនៅចុងឆ្នាំនេះ
អគារការិយាល័យលំដាប់អន្តរជាតិថ្មីមួយទៀត Keystone ដែលស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តមនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី ២ ក្នុងឆ្នាំ ២០១៨ នេះ ខណៈការសាងសង់បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៥។ អគារដែលមានកម្ពស់ទៅលើ ១៨ ជាន់ និងក្រោមដី ៤ ជាន់នេះមានផ្ទៃអគារសរុប ១៥ ៥៣៨ ម៉ែត្រការ៉េ៕