ក្រុមហ៊ុន​មកពី​មីយ៉ាន់ម៉ា​បើក​សណ្ឋាគារ និង​កាស៊ីណូ​នៅ​កម្ពុជា

Gobo East Enternainment Hotel & Casino ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ក្រោម​ការវិនិយោគ​របស់​វិនិយោគិន​មកពី​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​តម្លៃ​ជាង​ ១៣ ​លាន​ដុល្លារ​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ហើយ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​។

សណ្ឋាគារ និង​កាស៊ីណូ​ប្រណីត​នេះ​មាន​កម្ពស់​ ៥ ​ជាន់​ស្មើ​នឹង​ ១២៣ ​បន្ទប់ ដែល​មាន​បំពាក់​នូវ​គ្រឿងសង្ហារិម និង​ឧបករណ៍​ទំនើបៗ​។

លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នោះ​មាន​ប្រសាសន៍​ថា​ការរីកលូតលាស់​នៃ​សំណង់​អគារ​ទាំងអស់​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ការរីក​លូតលាស់ និង​ទំនុក​ចិត្ត​របស់​វិនិយោគិន​បរទេស​ចំពោះ​ប្រទេស​កម្ពុជា​៕

Prince Real Estate Group នឹង​បង្កើត​ទុន​ឲ្យ​ដល់​ $៥ ​ពាន់​លាន

Prince Real Estate Group ដែល ជា​ក្រុមហ៊ុន​ចិន​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ប្រកាស​ពី​ផែនការ​បង្កើន​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឲ្យ​មាន​ទំហំ​ដល់​ ៥ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ទៀត ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​នៅ​កម្ពុជា​។

នា​ឱកាល​ខួប​ ៣ ​ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ អ្នក​តំណាង​ក្រុមហ៊ុន លោក Li Min បាន​និយាយ​ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​រីកចម្រើន​យ៉ាង​រហ័ស​នៅ​កម្ពុជា​រួម​មាន​គម្រោង​ខុនដូ​នៅ​ភ្នំពេញ និង​ក្រុងព្រះសីហនុ​ជាមួយ​នឹង​ទុនវិនិយោគ​ជាង​ ១.២ ​ពាន់​លាន​ដុល្លារ​៕

ក្រុមហ៊ុន​វៀតណាម​នឹង​បើក​ការិយាល័យ​រួម​នៅ​ភ្នំពេញ​ឆ្នាំ​នេះ

ក្រុមហ៊ុន​វៀតណាម Toong បាន​ប្រកាស​ផែនការ​ពង្រីក​ការិយាល័យ​ធ្វើការ​រួម​នៅ​ឡាវ និង​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​នេះ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ក្នុង​ស្រុក​។ ការិយាល័យ​រួម​នេះ​នឹង​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​អគារ Vattanac Capital Tower​។

ការិយាល័យ​រួម​ដែល​មាន​ផ្ទៃក្រឡា​ ៧០០ ​ម៉ែត្រការ៉េ​នឹង​បើក​នៅ​ចុង​ឆ្នាំ​នេះ​។ យ៉ាងណា​ក៏ដោយ​ការិយាល័យ​រួម​គឺជា​គំនិត​ថ្មី​មួយ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​៕