The Phnom Penh Post Search

Search form

ភាគ​ខាង​ត្បូង​រាជធានី​ កាន់តែ​បង្ហាញ​សក្តានុពល

Content image - Phnom Penh Post
សំណង់​ជាច្រើន​បាន​កើតឡើង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ក្រុង​រណប ING City ។ រូបថត មឿន ញាណ

ភាគ​ខាង​ត្បូង​រាជធានី​ កាន់តែ​បង្ហាញ​សក្តានុពល

បច្ចុប្បន្ន​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​កាន់តែ​ច្រើន​កំពុង​បែរ​ឆ្ពោះ​ទៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ពិសេស​ក្នុង​ក្រុង​រណប ING CITY ទំហំ​ជាង​​ ២០០០ ​ហិកតា ដែល​ជា​ក្រុង​រណប​មាន​ទំហំ​ធំ​ជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ​។

ក្រុង​រណប ING City ដែល​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ និង​មាន​ផ្លូវ​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ​ ៦០ ​ម៉ែត្រ​ពុះ​កាត់​ចំ​កណ្ដាល និង​មាន​ផ្លូវធំៗ​ចំនួន​ ២ ​ទៀត​ដោយ​ទី​ ១ ចេញ​ពី​ផ្លូវជាតិ​លេខ​ ២ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​លេខ​ ២៧១ និង​ ១ ​ខ្សែ​ទៀត​ចេញ​ពី​ម្តុំ​រង្វង់​មូល​មុខ​សាលា​ខេត្ត​កណ្តាល ឆ្ពោះ​ទៅ​កាន់​ផ្លូវ​លេខ ​៣៧១ ​ដែរ​នោះ​កំពុង​មាន​ការវិវឌ្ឍ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស ។

បច្ចុប្បន្ន​គេ​ឃើញ​មាន​គម្រោង​ជាច្រើន​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ទីនោះ​ដែល​មាន​ដូចជា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន R&F Property ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន​ ៧០០ ​លាន​ដុល្លារ គម្រោង​បុរី Woodland បុរី​ប៉េងហួត​ដែល​កាលពី​ពេល​ថ្មីៗ​នេះ​ បាន​សម្ពោធ​បុកគ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​របស់​ខ្លួន​ឈ្មោះ PH Diamond Place ដែល​មាន​ទុនវិនិយោគ​ចំនួន​ ៦០ ​លាន​ដុល្លារ​អាមេរិក​នៅ​លើ​ផ្ទៃដី​ជិត​ ៦ ​ហិកតា ជាដើម​។ ទីនោះ​នាពេល​នេះ​ក៏​មាន​ស្ថាប័ន​ធំៗ​មួយ​ចំនួន​កំពុង​តាំង​នៅ​រួច​ទៅ​ហើយ ដូចជា​សាលា​អន្តរជាតិ ISPP និង​សាល​តាំង​បង្ហាញ​រថយន្ត​ម៉ាក​មែសឺដេស​ជាដើម​។

លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា ING City គឺជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ដើម្បី​ពង្រីក​កំណើន​សេដ្ឋកិច្ចសង្គម​ទៅ​ថ្ងៃ​អនាគត​។

លោក​មាន​ប្រសាសន៍​ថា៖ «​ទោះ​យ៉ាង​ណា​ការលូតលាស់​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​នេះ​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ដែល​គម្រោង​ភាគច្រើន​មាន​តែ​ក្នុង​គំនូរ​រូបភាព​តែ​មិន​ទាន់​ឃើញ​សាងសង់​ចេញ​ជា​រូបរាង​នៅ​ឡើយ​នោះ​ទេ​»​។

លោក​ ជា សុផារ៉ា បាន​បន្ត​ថា​តំបន់​នេះ​គឺជា​តំបន់​ដែល​លោក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជា​អ្នករៀបចំ​ការអភិវឌ្ឍ​ហើយ​ការអភិវឌ្ឍ​ដែល​លេច​ជា​ដុំកំភួន​នោះ គឺ​ផ្លូវ​ ៦០ ​ម៉ែត្រ​ហើយ​ការអភិវឌ្ឍ​ផ្លូវ​នេះ​ទៀត​សោត​គឺ​ធ្វើ​ឡើង​លក្ខណៈ​បដិភាគ មាន​ន័យ​ថា​អភិវឌ្ឍ​ឆ្លងកាត់​ដី​នរណា បដិភាគ​កន្លែង​ហ្នឹង ហើយ​ការអភិវឌ្ឍ​នេះ​គឺ​ធ្វើ​ឡើង​តាំងពី​ជំនាន់​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិវង្ស មក​ម្ល៉េះ ដោយ​មាន​ការពិភាក្សា​គ្នា​រវាង​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ​។

លោក​ឧកញ៉ា អ៊ឹង ប៊ុនហូវ មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​។

Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​ក្បែរ​ការដ្ឋាន HP Diamond Place តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ក្រុង​រណប ING City​។ រូបថត មឿន ញាណ

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក មាស ម៉េតភក្តី បាន​បដិសេធ​បញ្ជាក់​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ភ្ជាប់​គ្នា​ជាមួយ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ឬ​យ៉ាង​ណា​ទេ ដោយ​លោក​និយាយ​យ៉ាង​ខ្លី​ថា គម្រោង​អភិវឌ្ឍន៍​នៅ​ភាគ​ខាង​ត្បូង​ក្រុងភ្នំពេញ និង​ទីក្រុង​រណប ING CITY ធ្វើ​ឡើង​តាម​ប្លង់គោល (Master Plan) របស់​រាជធានី​ភ្នំពេញ​ដោយ​គម្រោង​អភិវឌ្ឍន៍​ណា​ក៏ដោយ ក៏​ត្រូវ​គោរព​តាម​ប្លង់គោល​របស់​រាជធានី​ភ្នំពេញ​ដែរ​។

អតីត​វីរស្ថាបត្យករ​កម្ពុជា​លោក វណ្ណ ម៉ូលីវណ្ណ ធ្លាប់​បាន​លើក​ឡើង​ថា រាជធានី​ភ្នំពេញ​គួរ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង ព្រោះ​តំបន់​នោះ​មាន​សណ្ឋាន​ដី​ល្អ និង​មិន​ប្រឈម​មុខ​នឹង​ការ​លិច​ទឹក​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​និយាយ​ថា តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ ពិសេស​ទីក្រុង​រណប ING CITY ជា​តំបន់​ដ៏មាន​សក្តានុពល​មួយ​ដែល​បច្ចុប្បន្ន​ទី​នោះ​ស្ទើរ​តែ​ស្ថិត​នៅ​កណ្តាល​ក្រុង​ទៅ​ហើយ​ដោយសារ​ទី​ ១ ស្ថិត​នៅ​លើ​ទីតាំង​ដ៏ល្អ​ (Best of The best) ទី ​២ ​វា​ជា​តំបន់​ថ្មី​ដែល​អាច​សាងសង់​អគារ​បាន​ខ្ពស់ៗ និង​ផ្សារ​ទំនើប​នានា​ងាយស្រួល និង​ទី​ ៣ ជា​តំបន់​មាន​សណ្ឋាន​ដី​ល្អ និង​ស្ថិត​នៅ​ចន្លោះ​រវាង​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​តាខ្មៅ​។

លោក​បន្ត​ថា៖ «​វា​មិនមែន​ជា​តំបន់​ទើប​មាន​សក្តានុពល​ទេ តែ​ជា​តំបន់​មាន​សក្តានុពល​យូរ​ហើយ​»​។

ទាក់ទង​នឹង​ការបំពុល​ផ្សែង​ពី​រោងចក្រ សហគ្រាស​នៅ​តំបន់​នេះ​លោក សុខនីម បាន​លើក​ឡើង​ថា​ដោយសារ​ដី​ឡើង​ថ្លៃ​នាពេល​អនាគត​រោងចក្រ សហគ្រាស​ទាំង​នោះ​នឹង​រើ​ចេញ​ពី​តំបន់​នេះ​មិន​ខាន​។ ហេតុនេះ​លោក​ជឿថា រោងចក្រ​នៅ​តំបន់​នោះ​មិន​ប៉ះពាល់​ដល់​ការសម្រេច​ចិត្ត​ទិញ ឬ​វិនិយោគ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​នោះ​ទេ​។

លោក​មាន​ប្រសាសន៍​ថា៖ «​តាម​ធម្មតា​គម្រោង​នីមួយៗ​ទម្រាំ​សាងសង់​ចប់​អាច​ត្រូវ​ចំណាយពេល​ ៣-៥ ​ឆ្នាំ​ហេតុ​នេះ​ទម្រាំ​គម្រោង​ទាំង​នោះ​សាងសង់​ចប់ រោងចក្រ ទាំង​នោះ​នឹង​រើ​ចាកចេញ​ហើយ​៕

អត្ថបទគួរចាប់អារម្មណ៍