ក្នុងនាមជាស្ត្រីខ្មែរវ័យក្មេងមួយរូបដែលទទួលបានតួនាទីជាអ្នកដឹកនាំកំពូលក្នុងក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia មានមនុស្សមិនតិចទេដែលកោតសរសើរចំពោះអ្វីដែលរូបនាងសម្រេចបាននាពេលនេះ។
អង្គុយក្នុងការិយាល័យធ្វើការមួយដ៏ស្រស់ស្អាត នាយិកានៃក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បាននិយាយថា ការតស៊ូព្យាយាម ប្រកបដោយភាពស្មោះត្រង់ មានក្រមសីលធម៌វិជ្ជាជីវៈ និងការស្វែងរកចំណេះដឹងថ្មីៗបន្ថែមគឺជាគោលគំនិតចម្បងដែលរូបនាងតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងជីវិតការសិក្សា ការងារ និងគ្រួសារចាប់តាំងពីរូបនាងដឹងក្តីរហូតមកដល់ពេលបច្ចុប្បន្ន។
ចាប់កំណើតជាកូនពៅនៅក្នុងគ្រួសារមួយដែលមានបងប្រុសចំនួន ២ នាក់ដោយមានឪពុកឈ្មោះ ឈិន សំអាន ជាមន្ត្រីរាជការ និងម្ដាយឈ្មោះ គឹម ស៊ីវ៉ាង ជាមេផ្ទះ លោកស្រី សុធីតា បាននិយាយថា៖ «មិនមែនជារឿងងាយស្រួលទេសម្រាប់គ្រួសារមួយដែលមានមេគ្រួសារជាមន្ត្រីរាជការក្នុងការអនុញ្ញាតឲ្យកូនទាំង ៣ នាក់ចូលរៀនមហាវិទ្យាល័យក្នុងពេលតែមួយ»។
ដោយសារគ្រួសារឲ្យតម្លៃខ្ពស់ទៅលើការសិក្សា កុមារី សុធីតា ត្រូវបានឪពុកម្តាយបញ្ជូនឲ្យចូលរៀននៅពេលនាងទើបមានអាយុត្រឹម ៥ ឆ្នាំប៉ុណ្ណោះ។ ឆ្នាំ ១៩៩៨ គឺជាពេលដែលក្មេងស្រីដ៏ស្រស់សោភាម្នាក់ស្ថិតក្នុងវ័យ ១៦ ឆ្នាំបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ។
ការទទួលបានភាពជោគជ័យពីការសិក្សានោះបានធ្វើឲ្យរូបនាង និងក្រុមគ្រួសាររីករាយយ៉ាងខ្លាំង ប៉ុន្តែទន្ទឹមនឹងភាពរីករាយនោះ កង្វល់មួយក៏បានលេចឡើងផងដែរ នោះគឺលទ្ធភាពក្នុងការអនុញ្ញាតឲ្យរូបនាងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ខណៈពេលនោះបងប្រុសទាំង ២ នាក់របស់នាងក៏កំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យដែរ។
លោកស្រី អាន សុធីតា បានរំឭកថាបន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសារគ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់រូបនាងក៏បានទៅសិក្សាវគ្គខ្លីៗមួយចំនួនដូចជា រដ្ឋបាល កុំព្យូទ័រ និងភាសាអង់គ្លេស ជាដើម មុនពេលដែលរូបនាងទៅដាក់ពាក្យធ្វើការនៅរោងចក្រកាត់ដេរ Suntex នាដើមឆ្នាំ ១៩៩៩ ក្នុងនាមជាស្មៀនការិយាល័យ ដោយទទួលបានប្រាក់ខែ ៥០ ដុល្លារ។
ការប្រើជីវិតដំបូងជាបុគ្គលិកនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់នេះបានធ្វើឲ្យក្មេងស្រីដែលទើបមានអាយុ ១៧ ឆ្នាំរូបនេះមានភាពសប្បាយយ៉ាងខ្លាំង ព្រោះគិតថាអាចរកប្រាក់បានមួយចំនួនសម្រាប់ខ្លួនឯង និងសម្រាប់ជួយដល់ក្រុមគ្រួសារ។
លោកស្រីអះអាងថា៖ «ពេលខ្លះខ្ញុំគិតថា ចំណុចនេះអាចជាមូលហេតុសំខាន់ដែលជំរុញឲ្យកើតមានអ្វីៗគ្រប់យ៉ាងនាពេលនេះ ព្រោះបើពេលនោះខ្ញុំមិនជួបបញ្ហាលំបាកក៏ប្រហែលជាការខិតខំជម្នះឧបសគ្គរបស់ខ្ញុំក៏មិនសូវមានដែរ»។
ការងារដំបូងនៅរោងចក្រកាត់ដេរនាពេលនោះបានតម្រូវឲ្យរូបនាងត្រូវភ្ញាក់តាំងពីម៉ោង ៤ ទៀបភ្លឺដើម្បីរៀបចំខ្លួន និងធ្វើដំណើរដោយម៉ូតូចេញពីផ្ទះក្នុងចម្ងាយផ្លូវជាង ១០ គីឡូម៉ែត្រ ដើម្បីទៅធ្វើការនៅរោងចក្រដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ម៉ោង ៦ ព្រឹក និងចេញនៅម៉ោង ២ រសៀល។
លោកស្រី បានបញ្ជាក់ថា៖ «ការចូលធ្វើការងាររបស់ខ្ញុំមិនដែលយឺតទេ ហើយខ្ញុំក៏មិនដែលបានចេញទៅផ្ទះមុនគេដែរ ព្រោះខ្ញុំត្រូវនៅផ្ទេរការងារបន្តទៅឲ្យអ្នកចូលធ្វើការងារនៅម៉ោងបន្ទាប់»។
បន្ទាប់ពីធ្វើការនៅក្នុងរោងចក្របានជាង ១ ឆ្នាំ និងអាចសន្សំប្រាក់បានមួយចំនួន ក្មេងស្រីដែលពោរពេញទៅដោយមហិច្ឆតាក្នុងការចាប់យកនូវចំណេះដឹងរូបនេះក៏បានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិគ្រប់គ្រង (សាកលវិទ្យាល័យជាតិគ្រប់គ្រង) លើជំនាញគណនេយ្យក្នុងឆ្នាំ ២០០០ ដោយសិក្សាវេនល្ងាច។
លោកស្រី សុធីតា អះអាងថា៖ «តាំងពីតូចមកខ្ញុំតែងតែទទួលបានលទ្ធផលល្អសម្រាប់ការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រពិតដែលមានដូចជា គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។ ហេតុនេះការសិក្សាមុខជំនាញគណនេយ្យ គឺអាចនិយាយថាជាជំនាញដែលមានតាំងពីកំណើតរបស់ខ្ញុំ»។
នៅក្នុងដំណាក់កាលនោះក្មេងស្រីដ៏ស្រស់ស្អាត ដែលទើបឈានចូលវ័យ ១៨ ឆ្នាំខាងលើត្រូវជម្នះការលំបាកជាច្រើន ពិសេសពេលវេលាដោយត្រូវចេញពីផ្ទះនៅម៉ោង ៥ ព្រឹក និងត្រឡប់មកដល់ផ្ទះវិញនៅម៉ោងជាង ៩ យប់ស្ទើររាល់ថ្ងៃ។
បន្ទាប់ពីធ្វើការនៅរោងចក្រកាត់ដេរបាន ៦ ឆ្នាំ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ សុធីតា ក៏បានផ្លាស់ទៅធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូន MSE KPM លើជំនាញគណនេយ្យ។ ការផ្លាស់ប្តូរការងារនៅពេលនោះគឺស្ថិតក្រោមហេតុផលចង់ប្រើប្រាស់ជំនាញដែលរូបនាងទើបបានបញ្ចប់ និងមានពេលវេលាខ្លះសម្រាប់ជីវិតខ្លួនឯង និងក្រុមគ្រួសារ។
ការងារទី ២ នៅពេលនោះក៏បានធ្វើឲ្យរូបនាងមានមោទនភាពសម្រាប់ខ្លួនឯងជាញឹកញាប់ផងដែរ ដោយរូបនាងតែងតែទទួលបាននូវការកោតសរសើរ ប្រាក់រង្វាន់ និងឡើងតំណែងជាបន្តបន្ទាប់។
លោកស្រី សុធីតា និយាយថា៖ «ធ្វើការនៅទីនោះ ខ្ញុំឡើងតំណែងជាបន្តបន្ទាប់ ដោយសារខ្ញុំបានធ្វើការងារប្រកបដោយភាពត្រឹមត្រូវមិនលម្អៀង និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ»។
ដោយមិនចង់បាត់បង់ពេលវេលាក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀតនោះ នាអំឡុងឆ្នាំ ២០០៨ លោកស្រី អាន សុធីតា ក៏បានចុះឈ្មោះដើម្បីចូលរៀនជំនាញគណនេយ្យ (ACCA) បន្ថែមទៀត។
អំឡុងពេលកំពុងសិក្សា ACCA នៅ សាលា Cam-Ed នាចុងឆ្នាំ ២០០៩ លោកស្រីបានឃើញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការជ្រើសរើសបុគ្គលិកផ្នែកគណនេយ្យរបស់ក្រុមហ៊ុន CBRE Cambodia។ សេចក្តីប្រកាសព័ត៌មាននេះធ្វើឲ្យរូបនាងចាប់អារម្មណ៍ជាខ្លាំង។
លោកស្រី អាន សុធីតា ដែលក្រោយមកបានក្លាយជានាយិការបស់ក្រុមហ៊ុន CBRE Cambodia និយាយថា៖ «ខ្ញុំចាប់អារម្មណ៍ខ្លាំងព្រោះ CBRE Cambodia ជាក្រុមហ៊ុនស្តង់ដារអន្តរជាតិ»។
នៅពេលនោះមានបេក្ខជនដែលមានសមត្ថភាពខ្លាំងៗជាច្រើនបានដាក់ពាក្យចូលរួមប្រកួតប្រជែង។ លោកស្រីនិយាយថា៖ «អាចនិយាយថានោះគឺជាសំណាងដ៏ធំមួយនៅក្នុងជីវិតដែលខ្ញុំមិនអាចបំភ្លេចបាន ព្រោះមានបេក្ខជនជាច្រើនបានដាក់ពាក្យក្នុងពេលដែលគេត្រូវការបុគ្គលិកតែ ១ នាក់ប៉ុណ្ណោះ»។
ការងារដំបូងរបស់នាងក្នុងក្រុមហ៊ុន CBRE Cambodia គឺជាអ្នកទទួលខុសត្រូវផ្នែកគណនេយ្យដែលពេលនោះមានបុគ្គលិកតែ ៣ រូបប៉ុណ្ណោះ គឺជនបរទេស ២ នាក់ និងរូបនាង។
ដោយសារភាពអំណត់សមត្ថភាព ចំណេះដឹង និងភាពស្មោះត្រង់ ត្រឹមតែរយៈពេល ៣ ខែ បន្ទាប់ពីចូលបម្រើការងារ សុធីតា ត្រូវបានថ្នាក់ដឹកនាំផ្តល់តួនាទីឲ្យធ្វើជាប្រធានគ្រប់គ្រងទូទៅតែម្តង។ នៅក្នុងឆ្នាំ ២០១៣ រូបនាងត្រូវបានដំឡើងតំណែងជានាយិការង។
លោកស្រី អាន សុធីតា ដែលបច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន CBRE ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិកសម្រេចតែងតាំងជានាយិកាក្នុងឆ្នាំ ២០១៥។
បច្ចុប្បន្ន CBRE Cambodia មានបុគ្គលិកទាំងអស់ចំនួន ៤៧ នាក់រួមទាំងបុគ្គលិកបរទេស ៧ នាក់ ហើយនឹងកើនដល់ ៦០ នាក់នៅចុងឆ្នាំ ២០១៨ នេះ។
ការសិក្សា និងជីវិតគ្រួសារ
លោកស្រី អាន សុធីតា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក រ័ត្ន ប៊ុនរិទ្ធ ដែលជាអ្នកជំនាញផ្នែកមេកានិកនៅក្រុមហ៊ុនអាកាសចរណ៍ Thai Airways ក្នុងឆ្នាំ ២០០៣។ បច្ចុប្បន្នលោកស្រី មានកូនចំនួន ២ នាក់។
ទស្សនៈ
ការខិតខំធ្វើការដោយភាពអត់ធ្មត់ គោរពសីលធម៌វិជ្ជាជីវៈ និងមានមហិច្ឆតា នឹងនាំឲ្យទទួលបានជោគជ័យ៕